រតនគីរី ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ។ យោងតាមការផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ករណីផ្ទុះជំងឺក្រហមភ្នែកនេះ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) ជាពលរដ្ឋរស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានឲ្យដឹងពីដើមហេតុនៃករណីជំងឺក្រហមភ្នែក នេះ ដោយបានកើតឡើងដំបូងដោយសារមានករណីអ្នកភូមិចំនួន ៨នាក់ ដែលកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានទៅបុណ្យសពបងប្អូននៅភូមិមួយ លើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងពីរបៀបឆ្លង និងការព្យាបាលថែទាំអ្នកជំងឺ ដែលរួមមានដូចជា ៖ ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា និងប្រើប្រាស់របស់របរ និងសម្ភារ:រួមគ្នា ។ ករណីភាគច្រើននៃជំងឺភ្នែកក្រហម គឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្តាហ៍ ឬច្រើនជាងនេះ ដើម្បីជាសះស្បើយ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានស្នើសូមឲ្យប្រជាពលរដ្ឋត្រូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញកើតមានច្រើនក្នុងកន្លែងធ្វើការ សាលារៀន ក្នុងសហគមន៍ជាដើម ។ ប្រជាពលរដ្ឋអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ១១៥ ៕