លំផកជាមួកមានរាងមូលស្រួចឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬកោងទៅក្រោយ។ យោងតាមវចនានុក្រមខ្មែរ លំផក គឺជាប្រដាប់ធ្វើដោយសំពត់ស្មាច់ មានកំពូលស្រួចវែងឆ្លឺម សម្បុរ-ស បិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ ឬមិនបិទ ក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈ ក្នុងកាលដែលមានព្រះរាជពិធីហែធំៗ ឬសម្រាប់ឲ្យកុលបុត្រ ដែលកោរសក់រួចហើយពាក់ហែចេញទៅបួស ហៅថា នាគពាក់លំផក ។
យោងតាមឯកសារ ចំពោះ លំផក ដែលគ្មានបិទក្រដាសថងយន់ត្រង់កណ្តាប់មាត់ទេ គេអាចរមូលក្រណាត់សជាមួយក្រដាស់ក្រាស់ល្មម រាងទន់បន្តិច ហើយបត់រុំលើមួកដែលស្មាច់រួច ជាស្រទាប់ៗ ជាការស្រេច ។
ពាក្យ លំផក នេះឃើញមានក្នុងភាសាខ្មែរ និងភាសាសៀម ប៉ុន្តែមិនដឹងថា មានន័យអ្វីឲ្យប្រាកដនោះទេ ដោយខ្លះសន្និដ្ឋានថា មកពីភាសាអ្នកឈូងសមុទ្រពេក្ស ។
ពេលខ្លះមួកនេះត្រូវបានគេហៅថា មួកឡម មួកបាគូ មកុដក្រណាត់ ឬជដាលំផក ជាដើម ទៅតាមតួនាទី ការប្រើប្រាស់ក្នុងពិធីផ្សេងៗ។ នៅលើគែមជុំវិញតួលំផកមានប្រដាប់ដោយគ្រឿងមាស ឬលោហៈផ្សេងៗ ដើម្បីសំ គាល់ពីឋានៈនៃអ្នកពាក់។ សម័យបុរាណមន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ ក្នុងកាលដែលមានព្រះរាជពិធីធំៗក្នុងព្រះនគរ។
ជាទូទៅ គេសង្កេតឃើញថា ការប្រើប្រាស់លំផក គឺរួមគ្នានឹងអាវផាយ ដែលជាទំនៀមឯកសណ្ឋានមន្ត្រីនៅក្នុងក្បួនដង្ហែព្រះរាជពិធីកាលពីសម័យមុន មិនថាព្រះរាជពិធីបរមរាជាភិសេក ពិធីសក់ក័ន្តឬ ព្រះរាជពិធីបរមសពឡើយ។ នៅក្នុងព្រះរាជពិធីព្រះបរមសព ព្រះបរមសពព្រះមហាក្សត្រក៏នឹងត្រូវថ្វាយគ្រងនូវព្រះមហាមកុដម៉្យាង ដែលមានរូបសណ្ដានជា លំផក តែមានកំពូលទាប ក្រណាត់រាយចេញជាជាន់ៗ និងត្រូវបានប្រដាប់លំអរដោយគ្រឿងមាស ។ ដោយឡែកចំពោះលំផកសម្រាប់ព្រះរាជវង្សត្រូវបានគេហៅថា ជដាលំផក ។ ក្រៅអំពីប្រើប្រាស់ក្នុងព្រះរាជពិធី លំផក ត្រូវបានប្រើប្រាស់ផងដែរ ក្នុងវិស័យការសម្តែងល្ខោនព្រះរាជទ្រព្យ ឬប្រើប្រាស់បំ ពាក់លើសីសៈកលបុត្រ ក្នុងឱកាសពិធីបំបួសនាគផងដែរ។ ពុំមានឯកសារណាមួយបញ្ជាក់ថា ខ្មែរបានចាប់ផ្តើមប្រើប្រាស់ លំផក តាំងពីពេលណានោះទេ ប៉ុន្តែនៅក្នុងក្បួនច្បាប់បុរាណដែលតាក់តែងឡើងសម័យឧត្តុង្គ ខ្មែរមានការប្រើប្រាស់លំផករួចទៅហើយ ដូចជាមាននៅក្នុងក្បួនប្រាប្ដាភិសេក ក្បួនទ្វាទសមាស ក្បួនមង្គលការព្រះជ័យចេស្ដា ឬសូម្បីតែនៅក្នុងឯកសារព្រះរាជពង្សាវតាជាដើម។ នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា គេឃើញថាមានកំ ណត់ហេតុគំនូរព្រាងរបស់ហូឡង់ ដែលបង្ហាញពីករណីដណ្ដើមរាជ្យសម្បត្តិរបស់ព្រះរាមចូលសាសន៍ឯ រវាងឆ្នាំ១៦៤២ ក្នុងនោះយើងឃើញថា រាជវង្សខ្មែរ មន្ត្រីខ្មែរ បានប្រើប្រាស់លំផកពិតប្រាកដមែន។ ខណៈដែលនៅស្រុកសៀម គេឃើញមានកំណត់ត្រារបស់រាជទូតបារាំង បានបង្ហាញអំពីការប្រើប្រាស់លំផករបស់់មន្ត្រីសៀម រាជទូតសៀម សម័យអយុធ្យា ក្នុងរជ្ជកាលព្រះ នរាយណ៍ផងដែរ នៅក្នុងរវាងឆ្នាំ១៦៩០ ។ អ្នកប្រាជ្ញស្រុកថៃ គេជឿថា លំផក ជាឥទ្ធិពលនៃការប្រើប្រាស់មួក ដែលមានទំនៀមពីពួក ពែក្ស បច្ចុប្បន្នគឺ អ៊ីរ៉ង់ ហើយបានសាយភាយចូលមកក្នុងប្រទេសសៀម រួចមក ក៏ចូលមកក្នុងប្រទេសខ្មែរ ជាបន្តបន្ទាប់។
ត្រឡប់ទៅកាន់សម័យអង្គរវិញ គេសង្កេតឃើញថា ក៏មានចម្លាក់ដែលបង្ហាញពីក្រុមមនុស្សប្រើប្រាស់មួកក្រណាត់របៀបនេះចូលគាល់ព្រះរាជាផងដែរ នៅឯជញ្ជាំងរោងទងទី១ ប្រាសាទបន្ទាយ ឆ្មារ ។ ក្រៅអំពីនេះ គេក៏ប្រទះឃើញចម្លាក់ដែលមានការប្រើប្រាស់មួកក្រណាត់រាងស៊ីឡាំងកោង ដូចនេះ មួយចំនួនផងដែរ នៅឯតំបន់អង្គរ។ នៅចុងសម័យអង្គរ តាមរយៈកំណត់ត្រារបស់លោកជីតាក្វាន់ លោកសង្កេតឃើញថា ក្រុមបព្វជិតតាបស មានការប្រើប្រាស់ក្រណាត់រុំជូតក្បាលពណ៌ក្រហម ឬពណ៌ស មានទំរង់ស្រដៀងគ្នាទៅនឹងមួករបស់ស្ត្រីម៉ុងហ្គោល (Gugu hat)ដែរ តែមានសភាពទាលជាងតិចតួចតែប៉ុណ្ណោះ។ ដោយគេពិនិត្យមើលមួក Gugu របស់ស្ត្រីម៉ុងហ្កូលបុរាណ នោះឃើញថា មានភាពស្រដៀងគ្នាពិតប្រាកដមែនទៅនឹងតួខ្លួនលំផក ។ ចំណែកនៅសម័យលង្វែកវិញ តាមរយៈចម្លាក់ដែលឆ្លាក់នៅក្នុងរជ្ជកាល ព្រះបាទចន្ទរាជា គេក៏ប្រទះឃើញផងដែរនូវចម្លាក់ក្រុមភ្លេង ឬក្រុមទ័ពជាដើមនោះ ប្រើប្រាស់មកុដទំរង់ហាក់ដូចជា ធ្វើពីក្រណាត់ មានកំពូលទាលៗកោង ដែលខុសពីមកុដក្សត្រសម័យនោះផងដែរ។
យោងតាមទំនៀមទម្លាប់ដែលបន្សល់ទុកមកដល់បច្ចុប្បន្ន គេបែងចែកលំដាប់ការប្រើប្រាស់លំផក ដូចខាងក្រោម:
– ព្រះរាជវង្សតាំងក្រុម ប្រើប្រាស់ជដាលំផក វ័ន្តមាសសុទ្ធមានក្បាច់ និងប្រដាប់ផ្កាញ័រ ១១ផ្កា
– ឋានៈអគ្គមហាសេនាបតី ១០ពាន់ ប្រើប្រាស់លំផក វ័ន្តមាសសុទ្ធ មានក្បាច់ និងប្រដាប់ផ្កាញ័រ ១១ផ្កា
– ឋានៈព្រះអង្គម្ចាស់ ប្រើប្រាស់ជដាលំផក វ័ន្តមាសសុទ្ធ មានក្បាច់ និងប្រដាប់ផ្កាញ័រ ១០ផ្កា
– ឋានៈសេនាបតី ប្រើប្រាស់លំផក វ័ន្តមាសសុទ្ធ មានក្បាច់ និងប្រដាប់ផ្កាញ័រ ១០ផ្កា
– ឋានៈអ្នកអង្គម្ចាស់ ប្រើប្រាស់លំផក វ័ន្តមាសសុទ្ធ មានក្បាច់ និងប្រដាប់ផ្កាញ័រ ៧ផ្កា
– ឋានៈមន្ត្រីស័ក្តិ ៩ពាន់ ប្រើប្រាស់លំផក វ័ន្តមាសក្រឡៃប្រាក់ និងប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស៩ផ្កា
– ឋានៈមន្ត្រីស័ក្តិ ៨ពាន់ ពាក់លំផក វ័ន្តមាសក្រឡៃប្រាក់ ប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស ៨ផ្កា
– ឋានៈមន្ត្រីស័ក្តិ ៧ពាន់ ៦ពាន់ និង៥ពាន់ ប្រើប្រាស់លំផក វ័ន្តឈើខ្មុកបិតមាស មិនមានប្រដាប់ផ្កាញ័រ
– មន្ត្រីចាប់ពីឋានៈ ៤ហ៊ូពាន់ ចុះទៅមិនអាចអាចប្រើប្រាស់លំផកបានទេ ៕