សំណង់គេហដ្ឋានរបស់ជនជាតិខ្មែររួមមាន៖ ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង ជាសំណង់ផ្ទះបុរាណ ដែលនៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះកន្តាំង ហាក់មានសំនៀងដូចទៅនឹងភាសាចិន ។ ហេតុអ្វីបានជាពលរដ្ឋខ្មែរហៅផ្ទះប្រភេទនេះថា ផ្ទះកន្តាំង ទៅវិញ?
ប្រវត្តិនៃការហៅឈ្មោះផ្ទះខ្មែរថា ជាផ្ទះកន្តាំង គឺដោយសារពាក្យ “កន្តាំង” មានទំនាក់ទំ នងនឹងជនអន្តោប្រវេសន៍ចិនមកពីតំបន់ក្វាងទុង (ហ្រ្វង់ស្វា តាំងទុយរីយ៉េរ៍ ២០០៦)។ ជនជាតិនេះ បានតាំងទីលំនៅក្នុងប្រទេសវៀតណាមមួយរយៈ ក្រោយមកពួកគេបាននាំយកគម្រូផ្ទះនេះចូលមកក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការកែច្នៃខ្លះៗ ដើម្បីតម្រូវទៅតាមអាកាសធាតុក្នុងតំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ជនជាតិខ្មែរ ក៏និយមហៅភូមិទាំងនោះថា ជាភូមិកន្តាំង គឺភូមិដែលកសាងឡើងដោយចិនកន្តាំង ហើយផ្ទះរបស់ជនជាតិចិននោះ ក៏ត្រូវបានគេហៅថា ផ្ទះកន្តាំង ចាប់ពីពេលនោះតរៀងមក។សព្វថ្ងៃផ្ទះកន្តាំងមួយចំនួនធំ ធ្លាប់ជាកម្មសិទ្ធិរបស់ពលរដ្ឋដែលជាប់ខ្សែរស្រលាយចិន (ហៅថាកូនចៅចិន) ដែលបុព្វបុរសរបស់ពួកគេជាជនអន្តោប្រវេសន៍ចូលមករស់នៅស្រុកខ្មែរក្នុងកំឡុងសតវត្សរ៍ទី១៨ និងទី១៩។
ប៉ុន្តែបើយោងតាមអ្នកជំនាញបានអះអាងថា ផ្ទះកន្តាំងនេះ មានប្រវត្តិជាយូរមកហើយនៅលើទឹកដីខ្មែរ ដោយសារមានគំរូនៃផ្ទះកន្តាំងនេះ ឃើញមាននៅលើចំលាក់ផ្សេងៗ ដូចជាតាមថែវប្រសាទបាយ័នជាដើម។ ដូច្នេះហើយ ទើបគេអះអាងថា ផ្ទះកន្តាំងមានអាយុកាលចំណាស់នៅក្នុងប្រទេសកម្ពុជា ។ ផ្ទះកន្តាំង ត្រូវគេឃើញមានភាគច្រើនជាផ្ទះនៃអ្នកស្រុកដែលសម្បូរនៅតាមដងទន្លេធំ ឬតាមដងទន្លេមេគង្គ តាមជួរដងស្ទឹង និងទន្លេជាអាទិ៍ ស្រុកស្អាង ស្រុកកោះធំ នៃខេត្តកណ្តាល ។ ស្រុកស្រីសន្ធរ ស្រុកកោះ សូទិន និងស្រុកកងមាស នៃខេត្តកំពង់ចាម ។ ស្រុកបារាយណ៍ និងស្រុកស្ទោង ខេត្តកំពង់ធំ និងផ្នែកខ្លះនៃខេត្តសៀមរាប និងខេត្តក្រចេះជាដើម ។
ផ្ទះកន្តាំងដែលសមញ្ញបំផុតមានដំបូលផ្គុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នាត្រង់មេដំ បូល។ រឺឯសរសរមានបីជួរយ៉ាងតិច ជួរកណ្តាលតែងខ្ពស់ជាងគេ ហៅថាសរសរមេដំ បូល រឺសរសរទ្រូង អ្នកខ្លះទៀតហៅថាសរសរកន្លោង។ ចំណែកសរសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅចន្លោះសរសរជើងរៀង។ ផ្ទះកន្តាំង បើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល, ផ្ទះរោងឌឿង ឬផ្ទះប៉ិត គឺមានភាពងាយស្រួលសាងសង់ជាងគេ ។ ផ្ទះកន្តាំង ថ្វីត្បិតតែមើលពីក្រៅទៅមានភាពសាមញ្ញក្តី ប៉ុន្តែនៅខាងក្នុងគេមានវីធីរៀបចំឱ្យមានរបៀបរបបផ្សេងៗគ្នា តាមការចូលចិត្ត។ឧទាហរណ៍ តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិតាននោះ គឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ ។ ផ្ទះកន្តាំងនេះត្រូវបានគេធ្វើក្លាយទៅជាបែបផ្សេងៗទៀតបាន គឺគេធ្វើដំបូលលើត្រង់ខាងមុខ និងខាងក្រោយទម្លាប់ជាហប់បន្តិច ល្មមល្អមើល ហៅថា “ផ្ទះកន្តាំងក្លាយ” ។
ផ្ទះនេះអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួលកាលនៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ ត្បិតពុំមែនសម្រាប់នៅ ទទឹងក៏តូចហើយនៅចំកណ្តាលទទឹងផ្ទះ ឯជញ្ជាំងបិទបាំងក៏គ្មាន។ គេហៅថា ហោណាំងវិញ។ ម្យ៉ាងទៀតផ្ទះកន្តាំង អាចមាន “ស្លាប” ចេញពីប៉ែកខាងក្រោមនៃហោជាង ជាទូទៅគេហៅថា “កន្តាំងស្លាប” តែអ្នកស្រុកខ្លះហៅថា “បាក់ណុក” ប្រែថាស្លាបបក្សី រឺ ប៉ែនណុក ។ ស្លាបនេះអាចការពារថ្ងៃ និងភ្លៀងបន្តិចបន្តួចបាន។ រឺឯកំពស់មានខ្ពស់ទាប សង់ទៅតាមស្ថានភាពដី បើសង់ជាប់ផ្ទាល់ដីគេហៅថា ផ្ទះតៀម។ រចនាសម្ព័នផ្ទះកន្តាំង មានភាពសាមញ្ញជាងរចនាសម្ព័ន្ធប្រភេទផ្ទះផ្សេងៗ ហើយមានភាពងាយស្រួលសង់ជាមួយឈើធម្មតា ឬសម្ភារៈល្មមៗអាចធ្វើបាន ដូច្នេះហើយទើបអ្នកស្រាវជ្រាវបញ្ជាក់ថា ផ្ទះកន្តាំង សម្បូរជាងគេនៅក្នុងប្រទេសខ្មែរ ជាពិសេសសម័យបច្ចុប្បន្ននេះ ដែលឈើកាន់តែខ្សត់ទៅៗ។
សូមបញ្ជាក់ផងដែរថា ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) នៅស្រុកស្រែចំការ មានតែជនជាតិចិន និងជនជាតិយួនដែលនិយមធ្វើផ្ទះកន្តាំងជាផ្ទះផ្សារ ឬផ្ទះតៀម សម្រាប់លក់ដូរទំនិញផ្សេងៗ។ លុះមកដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (១៩២៧-១៩៤១) និងរជ្ជកាលព្រះបាទនរោត្តមសីហនុ (១៩៤១-១៩៥៥) ប្រជាជនខ្មែរនិយមធ្វើផ្ទះកន្តាំងជាច្រើនប្រភេទ ខ្លះសង់ផ្ទាល់ដី ខ្លះសង់ច្រើនខ្នង មានពីរខ្នង បីខ្នង ប្រាំខ្នង ហើយខ្លះទៀត សង់ខ្ពស់ឡើងលើពីរជាន់ក៏មាន។ ផ្ទះកន្តាំងរបស់កូនចៅចិនច្រើនតែមានឡៅតឿសម្រាប់កូនក្មេងស្នាក់នៅ ឬប្រើជាកន្លែងទុកឥវ៉ាន់ផ្សេងៗ។ ដូច្នេះហើយទើបក្រោយមក ផ្ទះល្វែងក្នុងក្រុងដែលជាផ្ទះលក់ទំនិញ សង់មានឡៅតឿតាមលំនាំផ្ទះកន្តាំងនេះឯង។ រីឯផ្នែកខាងក្នុងនៃផ្ទះកន្តាំងបុរាណវិញ មានការតុបតែងរចនាលម្អក្បាច់ក្បូរភ្ញីផ្កា និងរូបសត្វស្លាបផ្សេងៗ ដែលជួនកាលមានលាបពណ៌ទឹកមាសថែមទៀតផងដែរ នៅលើធ្នឹមទ្វារចេញចូលធំនៃបន្ទប់ទទួលភ្ញៀវ ៕
ប្រភពៈ