អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

គ្រប់បណ្តាខេត្ត ឬស្រុក នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែត្រូវបានមន្ត្រីប្រចាំសម៉ីស្រុក ឬខេត្តទាំងនោះបានសាងរូបសំណាក ដើម្បីតំណាង ឬជានិមិត្តសញ្ញាសម្គាល់ឲ្យទឹកដីរបស់ខ្លួន ។ រូបសំណាកតំណាងឲ្យបណ្តាស្រុក ឬខេត្តនីមួយៗទាំងនោះផងទៀត បានសាងសង់ឡើង គឺសុទ្ធតែមានអត្ថន័យ និរឿងរ៉ាវជាប់ពាក់ព័ន្ធនឹងប្រវត្តិ និងឈ្មោះនៃខេត្ត ឬស្រុកទាំងនោះផងដែរ ។ ជាក់ស្តែង នៅខេត្តកំពង់ធំ មានរូបចម្លាក់ដំរីជាន់ខ្លា ជាតំណាងខេត្ត, ខេត្តកំពង់ឆ្នាំង មានរូបចម្លាក់ឆ្នាំង និងខេត្តបាត់ដំបង មានលោកតាដំបងក្រញូងជាដើម។ រូបសំណាកតំណាងខេត្តខ្លះ ត្រូវបានគេអះអាងថា មានអាយុកាលជាយូឆ្នាំមកហើយផងដែរ ។

ចំណែក រូបសំណាកផ្តិលថ្មកែវ គឺជារូបសំណាកដែលតំណាងឲ្យខេត្តពោធិ៍សាត់ ។ ទាក់ទងនឹងរូបសំ ណាកផ្តិលថ្មកែវនេះ មានមតិជាច្រើន បានលើកឡើងថា ហេតុអ្វីបានជាថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត ជ្រើសយករូបសំណាក់ផ្តិលថ្មកែវនោះ មកធ្វើជារូបតំណាងឲ្យខេត្តពោធិ៍សាត់ទៅវិញ ។ មតិទាំងនោះបានលើកឡើងទៀតថា មន្ត្រីខេត្តគួតែត្រូវជ្រើសយករូបក្រូច​ពោធិ៍សាត់, ដើមពោធិ៍, ដើម​ក្រវាញ, រូបសំណាក​ឧកញ្ញា​ឃ្លាំង​មឿងជាដើម ទៅធ្វើជារូបតំណាឲ្យខេត្ត ។ ការលើកឡើងដូច្នោះក៏ព្រោះតែគេយល់ថា រូបទាំងនោះ សុទ្ធជាធនធានធម្មជាតិដែលសំបូរនៅក្នុងខេត្ត និងមានជាប់ទាក់ទង និងប្រវត្តិរបស់ខេត្តផងដែរ ។ ប៉ុន្តែពុំដូច្នោះឡើយ គឺរូបសំណាកផ្តិលថ្មកែវ នោះទៅវិញទេ ដែលត្រូវបានគេជ្រើសយកជារូបតំណាងឲ្យខេត្តពោធិ៍សាត់ ។ តើមានកត្តាអ្វីខ្លះដែលនាំឲ្យគេជ្រើសរើសរូបផ្តិលជារូបតំណាងខេត្តពោធិ៍សាត់ ? ខាងក្រោមនេះ គឺជាមូលហេតុពិត និងដំណើរដើមទងដែលនាំឲ្យគេជ្រើសរើសរូបផ្តិល ៤​ដែលធ្វើអំពីថ្មកែវ មកធ្វើជារូបសំណាកតំណាងឲ្យខេត្តពោធិ៍សាត់ ៖

រូបសំណាកផ្តិល​ថ្មកែវ ​​ត្រូវ​គេ​សាងសង់ឡើងត្រង់ចំណុចនៃ​​រង្វង់​មូល​ស្ថិតនៅចំកណ្តាលទ្រូង​ផ្លូវជាតិ​លេខ​៥​ មានចំងាយប្រមាញជាង ៥គីឡូម៉ែត ពីទីប្រជុំជននៃខេត្តពោធិ៍សាត់ ។ ​រូបផ្តិលថ្មកែវនោះ ត្រូវបានអ្នកជំនាញបានឆ្លាក់អំពីថ្មកែវ មានក្បូរក្បាច់រចនាផ្កាភ្ញី និងត្រូវបានបើកការរដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា កាលពីជំ នាន់នោះ ។ រូបសំណាកផ្តិលថ្មកែវនោះ ក៏បានបញ្ចប់ការសាងសង់ និងត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ គឺប្រើរយៈពេល១ឆ្នាំនៃការសាងសង់ ដែលពិធីសម្ភោធបានស្ថិតក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នាជំនាន់នោះផងដែរ ។

រូបសំណាកផ្តិល ដែលមានគម្រប់គ្របយ៉ាងត្រឹមត្រូវ នៃរង្វង់មូលខេត្តពោធិ៍សាត់ ​មាន​ក្បូរក្បាច់​ផ្កាភ្ញីយ៉ាង​ល្អ​ប្រណីត ​​ទ្រ​ដោយ​ជើងពាន ដែលពេញទាំងតួផ្តិល គម្រប និងជើងពានទម្រ បានធ្វើឡើងអំពីថ្មកែវ ដែលជាធនធានដ៏កម្រ ប៉ុន្តែបែជាសំបូរនៅក្នុងខេត្តពោធិ៍សាត់នោះ ។ ​​ផ្នែកផ្សេងទៀតនៃរង្វង់មូលផ្តិលថ្មកែវនោះ គឺខឿន​ថ្ម​ជា​ទម្រ មាន​កម្រង​កួរស្រូវ​ពណ៌​មាស ​អម​សងខាង​ជា​រង្វង់​ស្នែងក្របី រុំ​ដោយ​ខ្សែបូ​ពណ៌​ខៀវ និង​ក្រហម​ផ្នែក​ខាងក្រោម ដែល​មាន​ចារិក​អក្សរ​ពណ៌​ស​ថា​«​ខេត្តពោធិ៍សាត់​» ទ្រ​ដោយ​កម្រង​ស្លឹករុក្ខជាតិ​ក្រវ៉ាញ​ពណ៌​បៃតង និង​ផ្កា​ពណ៌​លឿង​នៅ​ចំ​កណ្ដាល ។ រង្វ​ង់​មូលផ្តិលនេះ មាន​អង្កត់ផ្ចិត​២០​ម៉ែត្រ ​ជើងទម្រផ្តិលមានបីថ្នាក់មានអង្កត់ផ្ចិត១១,២០ម៉ែត្រ កម្ពស់៣,១៥ម៉ែត្រ តួផ្តិតកម្ពស់ដល់គម្របលើប្រវែង៨,៨៥ម៉ែត្រ និងអង្គត់ផ្ចិតផ្តល់ ប្រវែង៦ម៉ែត្រ អាចផ្ទុកទឹកប្រមាណ១៣៥ម៉ែត្រគូប។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការសម្រេចបើកការដ្ឋានសាងសង់រូបសំណាកផ្តិលថ្មកែវនេះ គឺនៅបន្ទាប់ពីបានឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់អស់រយៈពេលពីរឆ្នាំ អំពីសក្តានុពលនៃធនធានធម្មជាតិដែលមាននៅក្នុងខេត្ត រួមមានក្រូចពោធិ៍សាត់ ដើមក្រវាញ ថ្មកែវដែលជាធនធានរ៉ែដ៏កម្រ និងរូបសំណាកឧកញ្ញាឃ្លាំងមឿងជាដើម ។ បន្ទាប់ពីឆ្លងកាត់ពិភាក្សារួច នៅទីបំផុត រដ្ឋបាលខេត្តបានសម្រេចជ្រើសរើស​យក​រូប​ផ្តិល​ចម្លាក់ផ្តិល​ថ្ម​កែវ​ក្រោមមូលហេតុ និងអត្ថន័យបង្កប់ថា ៖

១-​ផ្ដិល គឺជា​និមិត្តរូប​នៃ​ការ​តម្កល់​ទឹក​ទុក ​ដែលផ្តិលគឺជាសំភារៈប្រើប្រាស់ ដែលប្រជាជនខ្មែរតែងប្រើ​សម្រាប់​ដាក់​ទឹក​ តំណាងឲ្យខេត្តពោធិ៍សាត់ដែលសម្បូរប្រភព​ទឹកផងដែរ ។ ចំណែកថ្មកែវ ដែលអ្នកជំ នាញបានយកមកឆ្លាក់ជាផ្តិលនោះ ​គឺជា​ប្រភេទ​រ៉ែថ្មកែវ​ ជាធនធានកម្រ ប៉ុន្តែបែជាមាន និងថែមទាំងសំបូរនៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​នោះទៅវិញ ។ ប្រជាពលរដ្ឋនៅទីនោះ តែង​និយមយកថ្មកែវមកឆ្លាក់​ជា​រូបចម្លាក់ផ្សេង​ៗ​ដូច​ជា រូប​បដិមាអប្សរា ស្រី​គ្រប់លក្ខណ៍ ផ្ដិល និង​ជា​វត្ថុ​អនុ​ស្សាវ​រីយ៍ផ្សេង​ៗ​ទៀត​ ដែល​ប្រជាពលរដ្ឋនៅទីនោះ បានយក​មុខរបរ​ចម្លាក់​ថ្មកែវ ជាមុខរបរប្រ ចាំតំបន់របស់ពួកគេ គឺជា​ភូមិ​មួយ​ផលិតផល​មួយ ​របស់​ខេត្តពោធិ៍សាត់ ។

២-​ចម្លាក់ ដែលមាននៅលើផ្តិលថ្មកែវ និងខឿននៃរង្វង់មូល គឺ​បង្ហាញ​ពី​សក្ដានុពល​នៃ​ចម្លាក់​ថ្មកែវ ដែលប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​មុខ​វិជ្ជា​ចម្លាក់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ​នៅ​សាលា​រចនា​ខេត្តពោធិ៍សាត់ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៥ ខាងលិច​ក្បាល​ស្ពានថ្ម ឆ្លងស្ទឹង​ពោធិ៍សាត់ និង​មានការ​រីក​ដុះដាល​មក​ដល់​សព្វ​ថ្ងៃនេះ ។ មួយវិញទៀត ក្បូរ​ក្បាច់រចនា​ ដែល​មាននៅ​លើ​ជើង​ទម្រដ៏​រឹង​មាំ ​ដែល​ទ្រ​ជើងពាន និង​ផ្ដិលបាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខេត្តពោធិ៍​សាត់​ ជា​អ្នក ដែលលមានចិត្តអំណត់ ​ឧស្សាហ៍​ព្យាយាម និង​មាន​ទេព​កោសល្យ​ក្នុង​មុខរបរ​ចម្លាក់ ​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ បច្ចុប្បន្ន​នៅ​ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​សម្បូរ​ទៅ​ដោយ​កន្លែង​លក់​រូបចម្លាក់​ជា​ច្រើន ទាំង​កន្លែង​លក់ដុំ កន្លែង​លក់រាយ និងថែមទាំងបាន​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត និងក៏ជាកត្តាដែលនាំឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​ទិញ​រូបចម្លាក់ថ្មកែវនោះមកធ្វើជាវត្ថុអនុស្សាវរយ៍ផងដែរ ។

៣-​ទឹក ៖ ទឹក​គឺជា​ប្រភព​ដ៏​ធំធេង​មិន​ចេះ​រីងស្ងួត​នៅ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានភ្នំជាច្រើនទៀត ។ ​ប្រភព​ថាមពល​នៅ​ទីនោះ ​អាច​កសាងជា​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​កន្លែង ដែល​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ និង​ការ​ចែកចាយ​ថាមពល​នៅ​ទូ​ទាំង​ប្រទេសផងទៀត ។ សក្តានុពលដែលអាចឲ្យគេបង្កើតជាវារីអគ្គិសនីនេះ ទើបខេត្តពោធិ៍សាត់ ត្រូវបានគេចាត់ទុក​ថា ​គឺជា​ធុងអាគុយ​ដ៏​ធំ​មួយផងដែរ ។ ទឹក និង​ធនធានធម្មជាតិ​នៅ​ជួរ​ភ្នំ​ទាំង​ពីរ​ គឺជា​ទីតាំង​ទេសចរណ៍ធម្មជាតិ​ដ៏​សំបូរ​បែប ​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ។ ​ប្រភព​ទឹកមិន​ចេះ​រីងស្ងួត​នៅ​ក្នុង​បឹង​ទន្លេ សាប ដែល​នៅ​ទីនោះ​មាន​ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទសត្វស្លាបជាច្រើនទៀត និង​មច្ឆជាតិ បានរួមចំណែក​ផ្គត់ផ្គង់​ជីវភាព​ប្រជាពលរដ្ឋ​បាន​ក្នុង​ប្រទេស​ផង និង​បម្រើ​វិស័យ​ទេសចរណ៍​ផង ។ ទឹក​នៅទីនោះ គឺជា​ប្រភព​ហូរ​ចេញពី​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិស័យ​ធារាសាស្ត្រ​ដោយ​អាច​ធ្វើ​ជា​តំបន់​ស្ដុក ​និង​ស្ទាក់ទឹកជា​ច្រើន​កន្លែង​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​ស្រោចស្រព​លើ​ផ្ទៃ​​ដី​កសិកម្ម និង​វាលទំនាប​បម្រើ​នូវ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

មូលហេតុដ៏មានសារៈសំខាន់មួយទៀតត្រូវបានគេបានឲ្យដឹងថា ការបង្កើតឲ្យមានរង្វង់​មូល​នេះឡើង គឺដើម្បីទប់ស្កាត់​ការបើកបរ​លឿន​លើស​កំណត់, បញ្ចៀសក​ក​ស្ទះ​ចរាចរ​, កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ​និងក៏ដើម្បី​កែលម្អ​សោភ័ណភាព​ទីប្រជុំ​ជន​ក្រុង​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផងដែរ ​៕

ទំព័រផ្សេងៗ