អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រឿងព្រេង​​ ប្រវត្តិទាក់ទងនឹងឈ្មោះប្រាសាទ ប្រាសាទតាមាន់ នៃខេត្តព្រះវិហារ

ឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី១១ ដល់ទី១៣ ដោយព្រះ បាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅក្បែរនោះ មានប្រាសាទមួយចំនួនទៀតរួមមាន ប្រាសាទដំរីទ្រោម ដែលមានចំងាយ ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក

ទាក់ទងនឹងប្រវត្តនៃឈ្មោះប្រាសាទនេះផងដែរ ត្រូបានគេបញ្ជាក់ឲ្យដឹងថា ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុងតំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។

ចំពោះប្រាសាទ តាមាន់ធំ ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយថា ប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមក គឺប្រាសាទនេះមានឈ្មោះថា ប្រាសាទតាមទាន់ ។ ការដែលហៅថា ប្រាសាទតាមទាន់ដូច្នេះ ដោយសារមានរឿងព្រេងមួយបានតំ ណាលតៗមកថា <<កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើឲ្យព្រះបាទយសោកេរ្ដិ៍ភ្លេចភ្លាំងមិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះស្លាប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះ ព្រះបាទឧលោ។ ដោយមានគំនិតគុំគួន ចងកំហឹង ចង់សងសឹក ជាមួយព្រះ​បាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើកទ័ពជាច្រើនតាមប្រហារព្រះបាទយសោកេរ្ដិ៍ ដើម្បីសងសឹក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកំលាំងទ័ពរបស់ខ្លួនមានតិចជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃដោយនាំព្រះអគ្គមហេសី ឈ្មោះ នាង បទុម និងបុត្រានៅក្នុងផ្ទៃ ទៅជាមួយពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែក ព្រះអង្គបានចុះសម្រាកនៅទីនេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាងប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ។ និយាយពីព្រះបាទឧលោ ពេលបានដំណឹងពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់ ឯព្រះបាទយសោកេរ្តិ៍ពេលដឹងថា ព្រះបាទ ឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹងកន្លែងនោះ[…] >>។

ដោយហេតុនេះហើយ នៅសម័យក្រោយមកគេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្ដិ៍នៅទីនោះ ហើយក្រោយមកក្លាយជា “ប្រាសាទតាមាន់” តមក។ ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួនបី ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ដូចៗគ្នានោះ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង។ សូមបញ្ជាក់ថា រឿងព្រេងមានខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ នឹងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មា ភ្នំកំព្រាជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះសេ្តចក្នុងរឿងព្រេងប្រាសាទ ចៅស្រីវិបុលដែរ។ សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទ តាមាន់ធំនេះ។ ទោះបីជាយ៉ាងណាពាក្យ “តាមាន់ធំ” នេះគ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាក៏ដោយ ប៉ុន្តទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់ “កំម្រតេង ជគត គិវបាទ បស្ចិម” ដែលឈ្មោះនេះ ជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ។ ដោយឡែកសម្រាប់ថៃវិញ គេហៅប្រាសាទនេះថា “ប្រាសាទតាមឿនធំ ជាពាក្យ ” ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសម្លេងគ្រាមភាសារបស់ពលរដ្ឋក្នុងតំបន់នេះ ពីសម្លេង “តាមាន់ធំ” ទៅជា ” តាមឿនធំ ឬតាមឿនធម៌ ព្រោះពាក្យ “មាន” ខ្មែរតំបន់ខ្លះបញ្ចេញសម្លេងទៅជា “មឿន”។

មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្ដែង ប្រាសាទបាគង (ឥន្ទ្រស្វរ) ប្រាសាទភ្នំបាខែង (យសោធរគិរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីកូនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ ប៉ុន្តែទោះបីជាប្រា  សាទមួយចំនួនទាំងនោះ មានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្ដែង៕

ដកស្រង់ពីសៀវភៅ៖ ការសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិក្នុងខេត្តឧត្តរមានជ័យភាគ ១ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ

ទំព័រផ្សេងៗ