អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី

 ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានពួកបុរាណវិទូ បានអះអាងថា ត្រូវបានព្រះរាជាខ្មែរប្រារព្ធជាបវេណីយ៉ាងហោចណាស់ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី៩ ) មកម្ល៉េះ។ ការអះអាងនេះ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើន និងឯកសារមួយចំនួន ដែលបញ្ជាក់ពីវត្តមាននៃប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ដែលមានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំកន្លងមកហើយ ។

ក្នុងនោះគេបានរកឃើញនៅក្នុងស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរ៉ាម៉ាយណៈ របស់ឥណ្ឌា និងរឿងរាមកេរ្តិ៍ របស់ខ្មែរ ។ 

នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផលកសិកម្ម។

នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ ។ ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់ គឺបញ្ជាក់ថា ព្រះរាជា ( ឬប្រមុខ និងថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម ឬការបង្កបង្កើនផល ដ្បិតកម្ពុជាជាប្រទេសដែលពឹងលើវិស័យកសិកម្មជាសំខាន់ ។

មួយវិញទៀត តាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺជាការក្រើនរំលឹកដល់ប្រជានុរាស្ត្រនិងអ្នកពាក់ព័ន្ធទាំងអស់ថា “រដូវបង្កបង្កើនផលបានចូលមកដល់ហើយគប្បីប្រុងប្រៀបរៀបចំកាយចិត្ត និងឧបករណ៍សម្រាប់ប្រឡូកក្នុងការដាំដុះ”។

កាលពីដើមឡើយ ការប្រារព្ធព្រះពិធីនេះ ត្រូវគេកត់ត្រាថា ពេលខ្លះព្រះរាជាយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ និងពេលខ្លះមានរៀបចំឲ្យមានអ្នកតំណាងព្រះអង្គ ។ ប៉ុន្តែបច្ចុប្បន្នច្រើននិយមប្រារព្ធឡើងនៅតាមបណ្ដាខេត្តនានា ក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជតំណាង ត្រូវបានជំនួសដោយអភិបាលប្រចាំខេត្តនីមួយៗ មានភារកិច្ច និងដើរតួយ៉ាងសំ ខាន់បំផុតនៅក្នុងព្រះរាជពិធីនេះ ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានគេចាត់ទុកថា ជាព្រះរាជពិធីសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលមានអាយុកាលដ៏យូរអង្វែងមួយនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរបានលើកឡើងថា គឺជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុក ដាក់ដល់ការបង្កបង្កើនផលដំណាំ ។

គោលបំណងសំខាន់បំផុតមួយទៀត នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករ ណ៍ ឬទស្សន៍ទាយអំពីផលដំណាំកសិកម្ម និងហេតុភេទដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ ។ នៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។

បើតាមជំនឿ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជា តាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិ សិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ព្រះមហាក្សត្រ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។ តាមទម្លាប់ ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹករបស់“គោឧសភរាជ” ដែលជាតួអង្គសំខាន់នៅក្នុងព្រះរាជពិធីនេះ ។

ព្រះរាជពិធីនេះ តែងត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងតែងច្រើនប្រារព្វធ្វើនៅដើមរនោច ខែពិសាខ ដោយចាត់ឱ្យមានព្រាហ្មណ៍ ៥នាក់ ធ្វើហោមពិធីបូជាទេវតា ៥កន្លែង នៅទីព្រះស្រែ ។ ការប្រារព្ធកម្មវិធីច្រត់ព្រះនង្គ័ល គេចាប់ផ្តើមនៅព្រឹក ដោយហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំ ណាងព្រះរាជា ដែលហៅថា ស្តេចមាឃ និងភរិយា ជាព្រះមេហួរ តំណាងព្រះអគ្គមហេសី ចេញពីព្រះបរមរាជវាំង ឬក៏ទីតាំងនៅការប្រារព្ធពិធីទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មានគោ៣នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល  ។ ចំណែកអ្នកចូលរួមទាំងប្រុស ទាំងស្រី ត្រូវស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។

ក្នុងចំណោមគោទាំង ៣នឹមនោះ គោនឹមទី១ ដែលទឹមសម្រាប់ច្រត់ព្រះនង្គ័លនោះ គេហៅថា ” ព្រះគោ “ឬ ” គោឧសភរាជ “ មានន័យថា គោឈ្មោលរបស់ព្រះរាជា ។ តាមរាជបវេណី ”ព្រះគោ” ឬ ”គោឧសភរាជ” នេះ បានកំណត់លក្ខណៈច្បាស់លាស់ គឺមានសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ១នឹមន នៅវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង គឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ចំណែកគោ២នឹមទៀត ដែលប្រើសម្រាប់ហែមុខ និងក្រោយនោះ ដូចជាមិនទាន់ឃើញថា មានកំណត់លក្ខណៈនៅឡើយ ប៉ុន្តែ ទោះយ៉ាងណាតាមដែលធ្លាប់ប្រើមកហើយ ឃើញច្រើនតែសម្បុរក្រហម ។ ព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសម្រាប់អ្នកតំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ ក នាគ និងមានភូ (សរសៃរំយោល)ធ្វើពីរោមសត្វ ។

ព្រះរាជា ឬស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។  នៅក្នុងបរិវេណទីលានព្រះស្រែ ឬវាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺរោង ដ៏ស្រស់ស្អាត ។ នៅពីមុខព្រះពន្លានោះ មានតុចំនួន៧ ហើយនៅលើតុនីមួយៗមានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ១តុ, គ្រាប់សណ្ដែក១តុ, គ្រាប់ពោត១តុ, គ្រាប់ល្ង១តុ, ស្មៅស្រស់១តុ, ទឹក១តុ និងស្រា១តុ ។

បន្ទាប់ពីបានភ្ជួរបានចំនួនបីជុំរួច គឺឈានដល់ពិធីផ្សងគោឧសភរាជ្យ ។ ពិធីផ្សងគោឧសភរាជ្យនេះ ជាដំបូង ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលអ្នករៀបចំបានរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លានោះ។

សូត្រចប់ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាល ព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំង៧យ៉ាង ដែលបានរៀបចំដាក់លើតុ ។ អ្នកដឹក គឺដឹកទៅជិតរបស់៧យ៉ាងស្រេច ប៉ុន្តែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនមានប្រើវិធីបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗនោះឡើយ ។ កាលព្រះគោឧសភរាជស៊ី ឬផឹកអ្វីមួយតិច ឬច្រើន ព្រាហ្មណ៍ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ ឬទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងធ្លាក់ច្រើន ឬតិចជាដើម។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវ ឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕

ទំព័រផ្សេងៗ