អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់

ក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ និងជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរនិយមដាំនៅជុំវិញផ្ទះ ជាពិសេសនៅកន្លែងដីសើម និងត្រជាក់ ដោយសារតែវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលប្រយោជន៍ច្រើន ទាំងផ្នែកចំណីអាហារ និងអាចធ្វើជាឱសថផងដែរ។

យោងតាមក្រសួងបរិស្ថាន បន្លែក្រសាំងទាប Peper elder, shining bush plant ដែលមានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ក៏អាចដុះដោយខ្លួនឯងផងដែរដោយមិនបាច់ដាំ​ ដូច​ជា​ដុះ​តាម​គុម្ព​ផ្កា​ ក្នុង​សួន​បន្លែ​ និងតាមកៀនកោះ​ដែល​សើម​ត្រជាក់​ដូចជា​ម្ដុំ​ជិត​ពាង​ទឹក​ នៅ​ទី​ជន​បទ​ជា​ដើម ។ ក្រសាំងទាប​នេះ​មាន​កម្ពស់​ចាប់ពី​១០ស.ម​ ទៅ​ ៣០​ស.ម​ មានតួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង មានលក្ខណៈស្រួយ ​​មាន​ពណ៌​ស​ថ្លាបៀមជាតិទឹក និងមានរសជាតិប្រហាក់ប្រហែលនឹងត្រកួន ​ ។ ចំណែកស្លឹករបស់រុក្ខជាតិនេះ ដុះវិលគូទខ្យង មានពណ៌បៃតងភ្លឺ មានរាងមូលទ្រវែង ទ្រនុងរាងកង្ហារ និងមានទង ។ ក្រសាំងទាបមានផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា តែមានកេសរឈ្មោល២ កេសរញី១ ។ ដោយឡែក ផ្លែជាឌ្រុប (drupe) មានរាងជាដុំមូល ហើយមានគ្រាប់តែ១ ដែលមានរសជាតិហឹរតិចៗ ។

យោងតាមក្រសួងបរិស្ថានដដែលបានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងលក្ខណៈជីវសាស្ត្រវិញ ក្រសាំងទាបអាចលូតលាស់ទៅជាសំណាបដុះពន្លកក្នុងរយៈពេលប្រមាណ១៥ថ្ងៃ ក្រោយពីការបណ្តុះគ្រាប់ ហើយអាចលូតលាស់រហ័ស ជាផ្នែកមួយដែលអំណោយផលដល់អ្នកដាំ ពោលគឺអាចទទួលបានផលលឿន។ បន្ថែមលើនេះ ស្លឹករបស់ក្រសាំងទាប មានផ្ទុកជាតិប្រេងសំខាន់ ឬហៅថា (essential oil) ច្រើន។

បន្លែប្រភេទនេះ ប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ដើមខ្ចីៗ និងស្លឹកជារបោយផ្ទាប់ ឬទ្រាប់សាច់ឆា ឆាសាច់គោ ចំណែកឯដើម និងស្លឹកចាស់ៗ ក៏អាចធ្វើជាចំណីគោ ក្របី បានផងដែរ។

ក្រៅ​ពី​អាច​ធ្វើ​ម្ហូបអាហារសម្រាប់ទទួលទាន ​ក្រសាំង​ទាប​ក៏​ត្រូវបានក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ថែមទាំងមាន​អត្ថប្រយោជន៍ច្រើន ​អាចប្រើជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាព ​អាច​ព្យាបាល​​ជំងឺផ្សេង​ និងសម្រស់ផងដែរ​ ក៏ព្រោះតែក្រសាំងទាបមាន​ផ្ទុក​ជាតិ​ វីតាមីន ​C​ និង​បេតាការ៉ូទីនខ្ពស់ ។​ ស្លឹករបស់រុក្ខជាតិក្រសាំងទាប ​មាន​សារធាតុ​ TRINIDATE​ ដែល​ច្រើន​យក​មក​ប្រើ​ជា​ថ្នាំ​ត្រជាក់ ។ នៅប្រទេសមួយចំនួន គេថែមទាំងយកក្រសាំងទាប ទៅប្រើសម្រាប់ទម្លាក់ជាតិខ្លាញ់ក្នុងឈាម Cholesterol និងជួយកាត់បន្ថយអាស៊ីតអ៊ុយរិច នៅក្នុងឈាមផងដែរ ។

ខាងក្រោមគឺជាអត្ថប្រយោជន៍ ជាច្រើនទាបរបស់ក្រសាំងទាបសម្រាប់ការព្យាបាលជម្ងឺផ្សេងៗ៖

ស្លឹក​ក្រសាំងទាប​ ត្រូវបានគេ​យក​មក​បុក​ពូត​​យក​ទឹក​ពិសា ​ដែល​ជួយកែបញ្ហាជាច្រើនមុខដូច​ជា​ បំបាត់អាការៈ​ឈឺក្បាល, បំបាត់​ជំងឺ​ភ្នែក​ដុះ​កន្ទុយ​ថ្លែន Glaucoma​, បន្ថយ​កម្ដៅ,​ កែបញ្ហា​រលាក​, ​បំបាត់អាការ​ចុកពោះ, ជំនួយ​បេះដូង​, ជួយបញ្ចុះទឹកនោម នាំ​ឲ្យ​បត់​ជើង​តូច​ស្រួល, ទប់ស្កាត់​ពពួក​បាក់តេរី​ដែល​ធ្វើ​ឲ្យ​កើត​មុន​ ពិស រើម​ ឫ​បូសជាដើម ។ បំបាត់​អាការ​ឈឺ​សន្លាក់ ឆ្អឹង យ៉ាងមានប្រសិទ្ធភាព, ប្រឆាំង​រ៉ាឌីកាល់សេរី​ ​ទប់ស្កាត់​ជម្ងឺ​មហារីក​ ដូច​ជា​មហារីក​សុដន់ជាដើម ។ ចំពោះការព្យាបាលជំងឺរើម ត្រូវបានអ្នកជំនាញបានបញ្ជាក់ថា គេអាចយកស្លឹកក្រសាំងទាបមកបុកជាមួយល្មៀត និងម្សៅអង្ករ រួចយកទៅបិទលើកន្លែងដែលមានរើម រួចទុកចោលមួយយប់ ) ។

មិនត្រឹមតែជួយទប់ស្កាត់ ការពារ និងបង្ការនូវបញ្ហាជាច្រើនទាំងនោះប៉ុណ្ណោះទេ ស្លឹក​ក្រសាំងទាប ថែមទាំង​អាច​ជួយ​បំប៉ន​ស្បែក​មុខឲ្យ​ភ្លឺ​​រលោងថែមទៀតផង តាមរយៈការ​យក​ស្លឹក​ដាំ​ទឹក ​ទុក​​ឲ្យ​ត្រជាក់ រួចទើប​យក​មក​លាង​មុខ,​ ជួយបំបាត់សក់ជ្រុះ តាមរយៈការច្របាច់​ស្លឹក​យក​មក​កក់​សក់​​ ដែលនឹង​ធ្វើ​ឲ្យ​សក់​ភ្លឺ​ទន់​រលោង ។

បើទោះជាយ៉ាងណាក៏ដោយ ការអនុវត្តតាមវិធីជាច្រើនដែលអាចទាញយកប្រយោជន៍ពីក្រសាំងទាបក៏ពិតមែន ប៉ុន្តែក៏ត្រូវបានអ្នកជំនាញព្រមានផងដែរថា រុក្ខជាតិនោះ គឺគ្រាន់ជាបន្លែសម្រាប់បរិភោគ ដែលមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺឡើយ គ្រាន់តែវាមានគុណសម្បត្តិដល់ការថែរក្សាសុខភាព និងជំងឺប៉ុណ្ណោះ ដោយលោកអ្នកមិនគួរអនុវត្តលើសកម្រិតនោះទេ ព្រោះវាក៏អាចបង្កឲ្យប៉ះពាល់ដល់សុខភាពផងដែរ ។ ហើយប្រសិន​បើ​អ្នក​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ ៕

ទំព័រផ្សេងៗ