ម្ជូរព្រឹក ម្ជូរល្មម ផ្កាក្រចៀប ឬម្ជូរបារាំង គឺជាការហៅផ្សេងៗគ្នារុក្ខជាតិមួយប្រភេទ ដែលត្រូវបានអ្នកជំនាញបានអះអាងថា មានអត្តប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ។ រុក្ខជាតិមួយប្រភេទនេះ មានដើមកំណើតមកពីតំបន់អាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច និងក៏អាចយកទៅដាំដុះបាននៅពាសពេញពិភពលោក និងក៏មានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាផងដែរ ។ ដោយសារមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលជាមូលហេតុនាំឱ្យរុក្ខជាតិប្រភេទនេះបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស ។
មានដើមល្អិតៗ ម្ជូរព្រឹកក៏ជាដំណាំដែលងាយនឹងដុះលូតលាស់ ហើយវាមានកម្ពស់ខ្ពស់ល្មម ។ រក្ខជាតិនេះ មានដើមពណ៌ក្រហមភ្លឺ មានស្លឹកពណ៌បៃតងចាស់មិនចំ ដោយសារមានលាយពណ៌ក្រហមបន្តិចៗ និងមានផ្កាពណ៌ស្រស់ល្អឆើតគួរជាទីទាក់ទាញ ហើយមានផ្លែពណ៌ក្រហមដែលមានរសជាតិជូរស្រស់ ។ ផ្លែរម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែ ដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ។ រុក្ខជាតិសុខភាពនេះ សម្បូរដោយវីតាមីនសេ ជាតិកាល់ស្យូម ជាតិដែក វីតាមីនបេ២ វីតាមីនបេ៣ ព្រមទាំងសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ ដែលមានអត្ថប្រយោជន៍សំរាប់សុខភាពដូចជា ៖
ត្របកនៃផ្ការបស់ម្ជូរព្រឹក ត្រូវបានគេប្រើប្រាស់ជាថ្នាំបំប៉នសុខភាព ដែលត្រូវបានគេសិក្សារកឃើញថា មានអត្ថប្រយោជន៍សម្រាប់ជួយកាត់បន្ថយកូលេស្តេរ៉ុល មានសក្តានុពលខ្លាំងក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែម, សម្រាលការឈឺចុកចាប់ពេលមករដូវ ដោយសាររក្ខជាតិនេះអាចជួយរក្សាតុល្យភាពអ័រម៉ូននៅក្នុងរាងកាយ ដែលមានប្រយោជន៍ដល់ការសម្រាលការឈឺចុកចាប់របស់ស្ត្រីនៅពេលមករដូវ ។ ដោយឡែក សម្រាប់ស្ត្រីដែលមានផ្ទៃពោះ មិនត្រូវបានការណែនាំឱ្យទទួលទានទឹកផ្កាម្ជូរព្រឹកនេះឡើយ ព្រោះថា វាអាចកាត់បន្ថយកម្រិតអឺស្ត្រូហ្សែន ដែលអាចប៉ះពាល់ដល់សមត្ថភាពបង្កកំណើតបាន។ ស្រ្តីកំពុងបំបៅបោះកូន ក៏មិនត្រូវបានអនុញ្ញាតឲ្យទទួលទានផងដែរ ។
ជួយព្យាបាលជំងឺផ្លូវចិត្ត តាមរយៈការទទួលទានទឹកផ្កាម្ជូរព្រឹក អាចសម្រួលប្រព័ន្ធប្រសាទ និងក៏អាចកាត់បន្ថយវិបត្តិផ្លូវចិត្តបានផងដែរ។ ការពារថ្លើមរបស់លោកអ្នក ទឹកត្របកផ្កាម្ជូរព្រឹក មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចជួយដល់ការព្យាបាលជំងឺថ្លើមបាន ។ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចការពាររាងកាយរបស់អ្នកពីជំងឺ ព្រោះតែពួកវាអាចទប់ទល់ជាមួយពពួករ៉ាឌីកាល់សេរី ដែលមានវត្តមាននៅក្នុងកោសិកា និងជាលិការាងកាយរបស់អ្នក ។
ជួយសម្រួលដល់ការរំលាយអាហារ តាមរយៈការទទួលទឹកត្របកផ្កាម្ជូរព្រឹក ដែលជួយធ្វើឱ្យការបន្ទោបង់ និងចលនារបស់ពោះវៀនមានភាពទៀងទាត់។ វាក៏អាចជួយសម្រួលអាការៈទល់លាមក និងជួយធ្វើឱ្យប្រព័ន្ធពោះវៀនរបស់លោកអ្នកបានប្រសើរឡើងផងដែរ។ គ្រប់គ្រងសម្ពាធឈាមបានយ៉ាល្អ ដោយសារតែលក្ខណៈរបស់ផ្កាម្ជូរព្រឹកមានការការពារសុខភាពបេះដូង និងកាត់បន្ថយសម្ពាធឈាម វាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ និងអ្នកដែលកំពុងតែប្រឈមមុខនឹងហានិភ័យពីជំងឺបេះដូង។ ដើម្បីទទួលបានប្រសិទ្ធភាពរបស់វា អ្នកគួរតែទទួលទានទឹកផ្កាម្ជូរព្រឹក២ ទៅ៣ដងជារៀងរាល់ថ្ងៃ ។
ដើម្បីអាចបរិភោគរុក្ខជាតិនេះ គេអាចប្រើប្រាស់បានជាតែ ឬសំរាប់ប្រើជាភេសជ្ជៈត្រជាក់ និងក្តៅតាមចំណង់ចំណូលចិត្ត ។ គេអាចយកម្ជូរព្រឹក យកទៅហាលឱ្យក្រៀមហើយយកមកឆុងញ៉ាំជាតែ។ ប្រសិនបើយើងដាក់ស្ករចូលបន្តិចនោះ វានឹងមានជាតិបែបជូរផ្អែមតិចៗ នៅចុងមាត់។ គេក៏អាចបេះផ្កានេះ ពីដើមភ្លាមៗ យកទៅចំអិនជាភេសជ្ជៈពិសារបានដូចគ្នាផងដែរ ៕