អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ផ្ការាក់ ឬផ្កាស្នេហ៍ ឬផ្កាខ្មោច ត្រូវបានពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបានចាត់ទុកថា ជាផ្កាតំណាងឲ្យភាពអបមង្គល ឬអបលក្ខណ៍ ទៅតាមការយល់ឃើញដែលមិនបានឆ្លងកាត់ការពិចារណារបស់ពួកគេ និងសឹងតែត្រូវបានគេបំភ្លេចចោលលែងយកមកប្រើប្រាស់ទៀតហើយ ។

ផ្ការាក់ ឬ ផ្កាស្នេហ៍ ក្នុងភាសាអង់​គ្លេសបានសរសេរថា Crown Flower ដែលប្រែជាភាសាខ្មែរថា ផ្កាម្កុដ ។ នៅប្រទេសថៃ ផ្ការាក់នេះផងដែរ ត្រូវបានពលរដ្ឋថៃបានហៅថា ផ្កាស្នេហ៍ ឬផ្កាក្រង ឬផ្កាភួង យ៉ាងពិរោះ និងមានអត្ថន័យយ៉ាងល្អ ។ ដើមរាក់ ជាប្រភេទរុក្ខជាតិដែលដើមវាមានកម្ពស់ត្រឹម ២ម៉ែត្រ ទៅ៣ម៉ែត្រ មានសម្បុរពីរពណ៌ គឺពណ៌ស និងពណ៌ស្វាយ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ មានរាងមូលនៅចុងមែក នៅពេលដែលផ្កា​នេះរីក ផ្កានេះមានចេញជា ៥ជ្រុង ជារង្វង់ និងស្រទាប់ខាងក្នុងរបស់វាមានរាងដូចជាមង្កុដដូច្នោះដែរ ។ ស្រទាប់ដែលនៅខាងក្នុងនេះហើយ ដែលគេ​យក​វា​មកក្រងជាកម្រងផ្កា។

ផ្កាស្នេហ៍ គឺជាប្រភេទពូជរុក្ខជាតិដែលគេច្រើនប្រទះឃើញដុះនៅតាមទីកន្លែងទួលស្រឡះ ឬពេលខ្លះ គេក៏ប្រទះឃើញមានដុះនៅតាមដងទន្លេ ស្ទឹងបឹងបួរផងដែរ ។ ពូជផ្កានេះ ជាប្រភេទរក្ខជាតិ ដែលងាយដុះ និងមានភាពធននឹងអាកាសធាតុបំផុត ។ គ្រាប់ផ្កានេះផងដែរ ក្រោយពេលដែលផ្លែវាទុំ វានឹងបែកចេញមកខាងក្រៅ ហើយអាចហោះហើរបន្លាស់ទីតាមខ្យល់ទៅកាន់កន្លែងផ្សេងៗផងដែរ ក៏ព្រោះតែនៅនឹងគ្រាប់ផ្កានេះមានសំឡីសៗប្រវែងជាងមួយថ្នាងដៃ ។ នៅពេល​ដែល​វា​ធ្លាក់ចុះនៅកន្លែងណាមួយនោះ វាក៏ដុះឡើងនៅកន្លែងនោះដោយងាយបំផុត ។ ផ្ការាក់នេះ ត្រូវបានគេឲ្យដឹងថា មានប្រភពនៅក្នុងតំបន់អាស៊ីកណ្តាល និងប្រទេសឥណ្ឌា ។ នៅប្រទេសខ្មែរយើងនេះវិញ គេអាចរកផ្ការាក់បានដោយងាយ ដែលរុក្ខជាតិនេះ មានដុះស្ទើគ្រប់ទីកន្លែង មានដុះតាមអមសង្ខាងផ្លូវ ឬដីចម្ការ និងសូម្បីតែដីទុកចោល ក៏រុក្ខជាតិប្រភេទនេះអាចដុះបានដោយពុំចាំបាច់មានអ្នកដាំឡើយ ។

ផ្ការាក់ ជាផ្កាដែលកើតចេញពីរុក្ខជាតិ ដែលមនុស្សអាចប្រើប្រាស់បានជាប្រយោជន៍ដោយសារតែភាពស្រស់ស្អាត និងភាពប្លែកខុសពីផ្កាដទៃ ជាពិសេសសម្រាប់ប្រទេសដែលកាន់ពុទ្ធសាសនា ដែលពុទ្ធសាសនិកចូលចិត្តក្រងភួងមាល័យ ដើម្បីធ្វើជាសក្ការៈ​បូជាចំពោះព្រះពុទ្ធរូប និងក្នុងពិធីប្រពៃណីផ្សេងៗទៀតផងដែរ ។ សំរាប់ពលរដ្ឋខ្មែរ ផ្ការាក់ ត្រូវពលរដ្ឋខ្មែរបានស្គាល់ និងហៅជាទូទៅ ប៉ុន្តែនៅតំបន់ខ្លះ ត្រូវបានគេហៅផ្កានេះថា ជាផ្កាខ្មោច ទៅវិញ ដែលមិនមែនជាឈ្មោះដើមនៃផ្កានេះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការពិតជាក់ស្តែង ប្រជាជនខ្មែរពីដើមបានមានជំនឿថា ផ្ការាក់មានអត្ថន័យជាផ្កាមង្គល តំណាងឲ្យភាពថ្លៃថ្នូរ និងស្ងប់សុខ ដូច្នេះហើយទើបដូនតាខ្មែរគេនិយមយកផ្កានេះទៅធ្វើជាកម្រងដាក់នៅកន្លែងគោរពបូជាផ្សេងៗ ។ មួយវិញទៀត ដោយសារតែភាពសម្បូរនៃរុក្ខជាតិប្រភេទនេះ ដែលងាយស្រួលរក និងមិនបាច់ចំណាយប្រាក់ទិញផងនោះ ទើបប្រជាជនខ្មែរពីដើម ដែលជំនាន់នោះមិនទាន់មានទីផ្សារ និងមិនទាន់មានផ្កានាំចូលពីក្រៅប្រទេសផងនោះ បានបេះផ្កានេះជំនួសផ្កាម្លិះ យកទៅក្រងជាភួងមាល័យ ដើម្បីប្រើក្នុងពិធីផ្សេងៗ ក្នុងនោះមានពិធីបុណ្យសពផងដែរ បានយ៉ាងស្រស់ស្អាត និងប្រកបដោយភាពថ្លៃថ្នូរ។​

ពលរដ្ឋខ្មែរពីដើម បានឲ្យតម្លៃកម្រងផ្កានេះណាស់ ហើយកាន់តែមានតម្លៃថែមទៀត គឺការយកកម្រងផ្កានេះទៅរៀបចំក្នុងពិធីតម្កល់សព ដែលគេជឿថា នឹងអាចដឹកនាំដួងវិញ្ញាណរបស់សព ដែលបានស្លាប់ទៅនោះ បានទៅដល់ទីស្ងប់សុខ និងបានទៅកើតនៅកន្លែងដែលខ្ពស់ ដែលថ្លៃថ្នូរ និងជៀសផុតពីភាពពិបាកទុក្ខវេទនាទាំងឡាយ ។ ម៉្យាងទៀត ដោយសារពិធីបុណ្យសព ជាពិធីស្ថិតក្នុងពេលអាសន្នបន្ទាន់ ដូច្នេះហើយ ការប្រើប្រាស់ផ្ការាក់ ជាផ្កាដែលងាយស្រួលរកនេះ គឺជាជម្រើសដែលល្អបំផុត សម្រាប់ប្រជាជនខ្មែរយកមកតុបតែងលើមឈូសសព ។

ទំនៀមនៃការយកកម្រងផ្ការាក់ទៅរៀបចំមឈូសដូច្នេះហើយ ទើបនាំឲ្យមនុស្សមួយចំនួនបែរជាយកទៅនិយាយតាមបែបអវិជ្ជមានតៗគ្នា និងពួកគេបែជាហៅផ្កានេះយ៉ាងសាមញ្ញថា ផ្កាខ្មោច ។ ការដែលហៅថាផ្កាខ្មោច បានបង្កើតឲ្យមានជំនឿថា ផ្ការាក់នេះ គឺតំណាងឲ្យភាពអពមង្គល ឬអបលក្ខណ៍ ដែលប្រើសម្រាប់មនុស្សស្លាប់ ឬបុណ្យសពតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សចាស់មួយចំនួន រស់នៅតាមទីជនបទ ថែមទាំងបានប្រើប្រាស់ផ្ការាក់ ឬផ្កាស្នេហ៍នេះ ដើម្បីបន្លាចកូនៗ ឬក្មេងតូចៗ ដើម្បីបង្ខាំងពួកគេដែលចូលចិត្តទៅលេងតាមព្រៃស៊ុបទ្រុបដែលមានដើមរាក់ដុះច្រើន កុំឲ្យពួកគេទៅទីនោះ ក្នុងបំណងបារម្ភពីសុវត្ថិភាពរបស់ពួកគេ ។ ការបន្លាបដែលមិនបានគិតពីឥទ្ធិពលថ្ងៃក្រោយដោយមិនដឹងខ្លួនបែបនេះ ក៏ជាដើមចមមួយដែលនាំឲ្យពួកគេធំឡើង បានដក់ជាប់ក្នុងសតិអារម្មណ៍នូវភាពខ្លាចរអានៃផ្កាខ្មោច ដែលនាំឲ្យពួកគេ មិននិយមប្រើផ្ការាក់នោះទៀតឡើយ ។

ជំនឿតគ្នាប្រកបដោយការយល់ច្រឡំ និងមិនបានស្វែងយល់ការពិតនេះហើយ បានបណ្តាលឲ្យផ្កាដ៏ស្រស់ស្អាត និងងាយស្រួលលូតលាស់នេះ ក្លាយជាផ្កាដែលគួរឲ្យខ្លាចទៅវិញ ។ ហើយដោយសារមនុស្សមានការយល់ច្រលំច្រើនដូច្នេះហើយ ទើបបច្ចុប្បន្នមិនសូវមានអ្នកប្រើ និងអ្នកដាំផ្ការាក់នេះឡើយ ។

បើយោងទៅតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត និង វចនានុក្រមខ្មែរ នៃកាផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១ គ.ស.១៩៦៧ បានសរសេរថា ៖ រាក់ មានថ្នាក់នាមសព្ទ ជាឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ-ស ប្រផេះ ដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ប្រភេទ គឺ រាក់ស មានផ្កាសម្បុរស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ, ផ្ការាក់ទាំង២យ៉ាងនេះ មានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អានច្រើនដោតក្រងជាភួងមាលា ឬប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ(ថ្វាយបង្គំងារ) ។

តាមរយៈការបកស្រាយនៃវចនានុក្រមខ្មែរនេះផងដែរ ល្មមអាចយកធ្វើជាតឹកតាងបានថា ផ្ការាក់ ត្រូវបានគេប្រើធ្វើជាភួងសំរាប់ប្រើបូជាដល់ព្រះពុទ្ធ ឬនៅក្នុងពិធីមង្គល ។ នៅក្នុងជំនឿខ្មែរថា ការថ្វាយភួងមាលាចំពោះព្រះ និងជូនភួងមាលា ជាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តីជាដើម ។ គេក៏បានប្រើភួងនៃផ្ការាក់នេះ ក្នុងពិធីប្រគល់ និងទទួលឋានន្តរ ដែលជាពិធីមង្គល ជាពិធីកិត្តិយសខ្ពង់ ខ្ពស់មួយក្នុងសង្គមខ្មែរ ដែលអាចបញ្ជាក់បានថា កម្រងផ្ការាក់ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព ដូចដែរគេយល់ច្រឡំនោះឡើយ ។

ផ្ការាក់ ក៏ត្រូវបានពលរដ្ឋខ្មែរពីជំនាន់ដើម ក៏និយមហៅផ្កានេះថា «ផ្កាស្នេហ៍» ផងដែរ ជាពិសេសនាជំនាន់ហ្លួងស៊ីសុវត្ថិ ។ ប្រជាជនខ្មែរនាជំនាន់នោះ តែងនិយមប្រើប្រាស់កម្រងភួងនៃផ្ការាក់នេះ ក្នុងការតុបតែងគ្រឿងសក្ការៈបូជាមានបាយសីជាដើម ក្រងជាគំរបត្រៃចីវរ ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា ដែលក្រោយមកគេនិយមប្រើគោមរយ៉ាកម្រងកែវ ឬរយ៉ាមាល័យសំរាប់លំអតាមមាត់បង្អួច ទ្វាផ្ទះ ឬក្នុងប្រាសាទ និងតុបតែងជាក្បាច់ផ្សេងៗ ព្រោះជំនាន់នោះមិនទាន់មានការលក់ និងនិយមប្រើផ្កាម្លិះច្រើនដូចសម័យនេះឡើយ។

នៅប្រទេសថៃ ដែលជាប្រទេសក្បែខាងកម្ពុជានោះវិញ ពលរដ្ឋគេនៅតែរក្សាការប្រើប្រាស់ផ្ការាក់ ឬផ្កាស្នេហ៍នេះ បានយ៉ាងល្អ ដែលមាននៅក្នុងពិធីមង្គល ឬពិធីសាសនាផ្សេងៗ ដោយប្រកាន់ភ្ជាប់នូវជំនឿសាសនានៅក្នុងប្រពៃ ណីថៃបានយ៉ាងល្អ ។ គេបានហៅផ្កានេះថា “ផ្កាស្នេហ៍ ឬផ្កាក្រង ឬផ្កាភួង ដូចជាផ្កាម្លិះ ដែលគេយកមកក្រង ព្រោះជន​ជាតិថៃ​ស្គាល់​ផ្កា​នេះ​តាមរយៈការយកមកក្រង ជាភួងផ្កានោះឯង” ។ ភាគច្រើនគេយកផ្កាស្នេហ៍នេះមកក្រងជាមួយនិងផ្កាម្លិះ ឬផ្កាដទៃទៀត រួចគេយកទៅប្រើប្រាស់ក្នុងពិធីនានាដូចជា ពិធីភ្ជាប់ពាក្យ ពិធីអាពាហ៍ពិពាហ៍ ឬពិធីដទៃទៀត ដែលជាប់ទាក់ទងទៅនឹងសេចក្តីស្រឡាញ់ រួមមានពិធីច្រូចទឹកឲ្យពរជ័យកូនកំឡោះក្រមុំ ជាកម្រងផ្កាសម្រាប់បំពាក់ឲ្យកូនកំឡោះក្រមុំ ព្រមទាំងបាចលើគ្រែផ្សំដំណេកគូស្វាមីភរិយាថ្មីផងទៀត​ ។ នៅជាមួយគ្នានោះផងដែរពលរដ្ឋថៃ ដែលរស់នៅភូមិភាគឥសាននៃប្រទេស ពួកគេបានស្រឡាញ់ និងចូលចិត្តផ្កានេះខ្លាំងណាស់ ។ ពលរដ្ឋនៅភូមិភាគឥសាននៃប្រទេសថៃទាំងនោះ បានចាត់ទុកផ្ការាក់នេះ តំណាងឲ្យភាពស្មោះស្ម័គ្រ សេចក្តីស្រឡាញ់ ។ ដោយ សារតែពួកគេមានជំនឿបែបនេះហើយ ទើបមានគ្រួសារថៃខ្លះបានប្រើប្រាស់ផ្ទាំងគំនូរនៃផ្កាស្នេហ៍នេះ មកដាក់តាំងនៅក្នុងផ្ទះពួកគេ ដែលគេជឿថា ការតាំងរូបបែបនេះ នឹងធ្វើឲ្យស្វាមីស្រឡាញ់ក្រុមគ្រួសារ ហើយជាពិសេសនោះ គឹធ្វើឲ្យស្វាមីស្រឡាញ់ ភរិយាតែម្នាក់គត់ ៕

ទំព័រផ្សេងៗ