អត្ថបទចុងក្រោយ
ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃដែលមានសារៈសំខាន់ និងមានន័យបំផុត សម្រាប់អ្នកបាត់ដំបង ឬអ្នកដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងក្នុងក្របខ័ណ្ឌនៃប្រទេសកម្ពុជាទាំងមូល ។ មានសារៈសំខាន់ព្រោះថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ កាលពី ១១៧ឆ្នាំមុន ជាថ្ងៃចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញាបារាំង-សៀម ទាក់ទងនឹងការកំណត់ព្រំដែន ឬដែលគេស្គាល់ទូទៅថា ជាថ្ងៃដែលសៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប ឲ្យមកខ្មែរ ដែលបារាំងជាអ្នកគ្រប់គ្រងវិញ ក្រោយពីស្ថិតក្រោមរាជការសៀមអស់ជាង១០០ឆ្នាំ។

 មុននឹងឈានដល់ការលំអិតពីសន្ធិសញ្ញានេះ យើងសូចរំលឹកអំពីសាវតារទំនាស់បារាំង-សៀម ជាមុនសិនថា ៖ នៅពេលដែលបារាំងដាក់អាណានិគមទៅលើឥណ្ឌូចិន ជាពិសេសមកលើកម្ពុជា បារាំងគឺជាក្តីបារម្ភធំបំផុតរបស់សៀម ហើយដែនដីបាត់ដំបងនេះ គឺជាសមរភូមិក្តៅមួយសម្រាប់ប្រទេសទាំងពីរនេះ។ ការប៉ះទង្គិចគ្នារវាងបារាំង-សៀម បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ ដោយនៅក្នុងថ្ងៃនោះផងដែរ កងនាវាជើងទឹករបស់បារាំងបានវាយយកបានមូលដ្ឋានជើងទឹករបស់សៀមនៅប៉ាកណាម (មាត់ទឹក) ដែលក្បែរនឹងក្រុងបាងកក ហើយបានបង្វែរកាណុងកាំភ្លើងធំរួចជាស្រេចទៅកាន់រាជវាំងនាក្រុងបាងកក។ សៀមបានយល់ព្រមចុះចាញ់បារាំងដោយមិនមានលក្ខខណ្ឌ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣ រដ្ឋាភិបាលបារាំងបានដាក់លក្ខខណ្ឌដល់សៀម ដោយបានចាត់លោក អូហ្គុស ប៉ាវី (August Pavie) ដែលជាអ្នកត្រួតពិនិត្យដែនដីឥណ្ឌូចិនឲ្យបារាំង និងជាកុងស៊ុលរបស់បារាំងប្រចាំនៅក្រុងហ្លួងប្រាបាង ជាអ្នកទូលថ្វាយញត្តិដល់ព្រះបាទរាមាទី៥ ចុល្លាឡុងកន ព្រះចៅក្រុងសៀម។ ការគំរាមកំហែងរបស់បារាំងមកលើសៀមនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសមួយប៉ុណ្ណោះ មូលហេតុជាក់លាក់នៅពីក្រោយនោះ គឺទំនាស់ពាណិជ្ជកម្មរវាងបារាំង និងអង់គ្លេសប៉ុណ្ណោះ។

តមកទៀតមានមានសន្ធិសញ្ញាព្រមព្រៀងគ្នាជាច្រើន ប៉ុន្តែមិនមានសន្ធិសញ្ញាណាមួយដែលនាំឲ្យគូភាគី ជាពិសេសភាគីសៀមមានការពេញចិត្តណាស់នោះទេ។ ក្រោយមកនៅពេលដែលអង់គ្លេសហាក់ដោះដៃពីសៀម រាជការសៀមបានសម្រេចងាកមកចរចាជាមួយបារាំងវិញ ដើម្បីរក្សាដែនអធិបតេយ្យភាពរបស់ខ្លួនរហូតដល់មានព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះចៅរាមាទី៥ ចុល្លាឡុងកន ទៅកាន់ប៉ារីស ក្នុងឆ្នាំ១៨៩៧។

រហូតមកដល់សន្ធិសញ្ញា២៣ មីនា ឆ្នាំ១៩០៧ ដែលធ្វើឲ្យភាគីសៀមមានការពេញចិត្ត។ យោងតាមលោកសាស្រ្តាចារ្យ Lawrence Palmer Briggs បានសរសេរនៅក្នុងអត្ថបទរបស់លោកថា ព្រះចៅចុល្លាឡុងកន ដែលមានចេតនាក្នុងការធ្វើកំណែទម្រង់ទំនើបកម្មសៀមនាពេលនោះ មានការសព្វព្រះទ័យជាមួយនឹងសន្ធិសញ្ញាមួយនេះ ដោយសន្ធិសញ្ញានេះ គឺជាការបញ្ជាក់អំពីមុខមាត់របស់សៀមឲ្យសមសួនជាបងធំនៅក្នុងតំបន់។ សន្ធិសញ្ញានេះ គឺជាជំហានទី១ ក្នុងការរំដោះសៀមចេញពីភាពខ្មាស់អៀននានាលើឆាកអន្តរជាតិ ទាក់ទងនឹងអំពើទាសភាពក្នុងប្រទេសសៀម (This treaty was the first step in freeing Siam from this humiliating international servitude)។

បើទោះបីជាបាត់ដំបង សៀមរាប ឬសៀមហៅថា មណ្ឌលបូព៌ា ជាតំបន់យុទ្ធសាស្រ្តតំបន់ក៏ដោយ សៀមមិនមានការសោកស្តាយប៉ុន្មានទេ ព្រោះថាវាធ្វើឲ្យសៀមមានសុវត្ថិភាព ជាពិ សេសគឺការរក្សាបាននូវឯករាជ្យភាពជាតិទាំងមូល។ ម៉្យាងវិញទៀត នៅក្នុងមណ្ឌលបូព៌ានេះ បើប្រៀបធៀបពីចំនួនជនជាតិសៀមរស់នៅ ក៏មានមិនច្រើននោះទេ។ លោក Lunet De Lajonquier ដែលកំពុងសិក្សាអំពីបុរាណវិទ្យានៅក្នុងតំបន់នាសម័យកាលនោះ បានបញ្ជាក់ថាមានជនជាតិសៀមប្រមាណតែជាង ២,០០០នាក់ប៉ុណ្ណោះ នៅក្នុងខណៈពេលនោះ។

សន្ធិសញ្ញារវាងសម្តេចព្រះចៅផែនដីសៀម ជាមួយនឹងលោកប្រធានាធិបតីបារាំង ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ នៅបាងកក ។ សន្ធិសញ្ញានេះធ្វើឡើង ដោយមានការយោគយល់គ្នារវាងអាជ្ញាធរបារាំង ដោយមានលោក Bernard និង Strobel ជាតំណាងជាមួយនឹងរាជការសៀម។ សមភាគីហត្ថលេខី គឺភាគីបារាំងមានលោក Victor Collin De Plancy ជាឯកអគ្គរាជទូតពិ សេស រីឯហត្ថលេខាខាងថៃវិញ គឺព្រះអង្គម្ចាស់ទេវៈវង្ស ជាសេនាបតីក្រសួងការបរទេស។ សន្ធិសញ្ញានេះមានទាំងអស់ ៩មាត្រា ជាភាសាបារាំង និងភាសាសៀម ហើយខ្លឹមសារសំខាន់ៗរួមមាន៖

មាត្រា១៖ រដ្ឋបាលសៀមព្រមព្រៀងលើកដែនដីបាត់ដំបង សៀមរាប និងសិរីសោភ័ណ ប្រគល់ឲ្យបារាំងដោយមានការកំណត់ព្រំដែនតាមឧសម្ព័ន្ធនៃសន្ធិសញ្ញានេះ។

មាត្រា២៖ រដ្ឋបាលបារាំងយល់ព្រមលើកដែនដីតំបន់កំពង់ផែត្រាត និងតំបន់ដែនកោះទាំង ឡាយនៅជ្រោយរហូតដល់កោះគូត ប្រគល់ឲ្យរដ្ឋបាលសៀម។

មាត្រា៣៖ ការប្រគល់ និងទទួលដែនដីទាំងនេះនឹងត្រូវធ្វើឡើងជាផ្លូវការនៅ២០ថ្ងៃក្រោយ ពីសន្ធិសញ្ញានេះចូលជាធរមាន។

មាត្រា៤៖ ភាគីពាក់ព័ន្ធនានាក្នុងសន្ធិសន្ធិសញ្ញានេះ ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការចម្រុះបារាំងស៊ីមនឹងត្រូវធ្វើឡើងមិនលើសពីបួនខែក្រោយពីចុះហត្ថលេខាដើម្បីធ្វើការកំណត់បោះបង្គោលព្រំដែន

មាត្រា៥ និង ៦ ៖ និយាយអំពីប្រជាជនដែលរស់នៅតាមតំបន់ ត្រូវគោរពតាមច្បាប់របស់សាមីរដ្ឋបាល ហើយមានសិទ្ធិដូចប្រជាជនដើម។

មាត្រា៧ ៖ សន្ធិសញ្ញា កិច្ចសន្យា តូចធំរវាងបារាំង-សៀម ដែលធ្វើពីមុនមកផ្សេងៗទៀត ត្រូវរក្សាដដែល។

មាត្រា៨ ៖ ភាសានៃសន្ធិសញ្ញានេះ គឺបារាំង និងសៀម។ ធ្វើឡើង២ច្បាប់ ស្នើគ្នា។

មាត្រា៩៖ សន្ធិសញ្ញាចុះហត្ថលេខា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ នៅរាជធានីបាងកក។

គួររំលឹកឡើងវិញដែរថា ក្រៅសន្ធិសញ្ញាបារាំងសៀមថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ក៏នៅមានកិច្ចព្រមព្រៀងជាលក្ខណៈឯកជនមួយរវាងបារាំង ជាមួយនឹងចៅពញាកថាថនធរណិន្រ្ទឈុំ

(លោកម្ចាស់បស្ចិម នៅក្នុងសៀវភៅបាត់ដំបងសម័យលោកម្ចាស់ ហៅតាមសំនៀងសៀមថា កថាថន ដែលមានន័យថា អ្នករក្សាដំបង) ដើម្បីធានាស្ថានភាព និងស្ថេរភាពរបស់លោកម្ចាស់ ។ កិច្ចព្រមព្រៀងជាលក្ខណៈឯកជន គឺបារាំងបានសន្យាផ្តល់ប្រាក់ខែចំនួន ១សែនបាត ក្នុងមួយខែ ជូនដល់លោកម្ចាស់ក្នុងរយៈពេលមួយជីវិត ដោយមិនអាស្រ័យថា លោកម្ចាស់ទៅរស់នៅទីណានោះទេ ។ សូមបញ្ជាក់ថា ប្រាក់ ១សែនបាតកាលនោះ មានតម្លៃប្រមាណ ២៤០, ០០០ដុល្លានាពេលនេះ) ៕



ប្រភព ៖ គណនីហ្វេសប៊ុកលោក Mao Vutha

ទំព័រផ្សេងៗ