កំពង់ធំ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំមន្ត្រីជំនាញរាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ស្ថានភាពទឹកស្ទឹងស្ទោងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានការស្រកចុះបន្តិចហើយ ចំពោះឃុំដែលកំពុងរងការលិចលង់ច្រើនជាងគេ មានចំនួន ៤ឃុំ គឺឃុំព្រះដំរី ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំទ្រា ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងមិនទាន់មានសេចក្តីរាយការណ៍ ពីករណីប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយទឹកជំនន់ទឹកភ្លៀងនេះនៅឡើយទេ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការកាយរំដោះទឹកនៅតាមប្រព័ន្ធលូផ្សេងៗ ឱ្យបានធំទូលាយ ចៀសវាងរងនូវការជន់លិចដដែលៗដោយសារការកកស្ទះ និងដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាទឹកស្ទឹងស្ទោង ក្នុងការបន្ធូរ និងបង្ហូរទឹកឱ្យស្រកចុះលឿន និងឈានទៅរកការសង្គ្រោះស្រែស្រូវ ចំការ ផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឲ្យបានទាន់សភាពការណ៍ ដូចជាការជួយសង្គ្រោះដល់អាយុជីវិតមនុស្ស សត្វ ផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ/ស្រុក ត្រូវស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែ ស្រូវចំការរបស់បងប្អូនប្រជាពលរដ្ឋ ការជនលិចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ជាពិសេសក្នុងការត្រៀមលក្ខណៈផ្ដល់នូវស្បៀង ដើម្បីសង្គ្រោះបន្ទាន់ ការផ្តល់គ្រាប់ពូជព្រោះស្ដារ និងការផ្តល់នូវប្រភពទឹកផ្សេងៗ ក្នុងការដាំដុះសាបព្រោះឡើងវិញ ឱ្យបានទាន់ពេលវេលា និងរដូវកាលបង្កបង្កើនផល។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ត្រូវបន្តធ្វើការតាមដាន នូវស្ថានភាពទឹកជំនន់នេះឱ្យបានជាប្រចាំ ត្រូវធ្វើសេចក្តីជូនដំណឹងឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពួកគាត់បានដឹង និងត្រៀមលក្ខណៈរំដោះខ្លួន ទៅទីទួលសុវត្ថិភាព ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅ ក្មេងតូចៗ ដែលតែងតែចូលចិត្តលេងទឹក ជាពិសេសកុំឱ្យពួកគាត់នៅផ្ទះ ឬនៅលេងទឹក ដោយពុំមានមនុស្សចាស់នៅមើលថែ ត្រូវណែនាំដល់ប្រជាពលរដ្ឋគ្រប់គេហដ្ឋាន ត្រូវធ្វើការបរិភោគទឹកឆ្អិន និងទឹកដែលមានសុវត្ថិភាព ចៀសវាង និងការកាត់បន្ថយនូវជំងឺផ្សេងៗ នៅក្នុងអំឡុងពេលទឹកជំនន់នេះ ៕