កំពង់ធំ ៖ ជនសង្ស័យដែលបានរត់គេចខ្លួនអស់រយៈពេល២៤ម៉ោង ក្រោយប្រើហិង្សាកាប់ព្រះ សង្ឃនឹងកាំបិតឲ្យរងរបួសធ្ងន់ នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី ១៨ កញ្ញា ២០២៣នេះ ។ អធិការស្តីទីនគរបាលស្រុកស្ទោង លោកវរៈសេនីយ៍ទោ ជឹម រីណា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ហេតុការណ៍កាប់ព្រះសង្ឃនេះ បានកើតឡើងកាលពីថ្ងៃទី១៧ កញ្ញា ម្សិលមិញ នៅក្នុងវត្តស្ពឺជើង ស្ថិតក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្រោយតាមស្វែងរក និងស្រាវជ្រាវរកកន្លែងលាក់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនខាងជើង បានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
អធិការស្តីទីនគរបាលស្រុកស្ទោង បានឲ្យដឹងទៀតថា ប្រតិបត្តិការចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានផ្ទុះអំពើហឹង្សាយកកាំបិតកាប់ព្រះសង្ឃមួយព្រះអង្គ ឲ្យរងរបួសជាទម្ងន់នោះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំបង់ធំ ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ មី ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ ជាកូនសិស្សលោក ស្នាក់នៅក្នុងវត្តស្ពឺជើង ជាទីតាំងកើតហេតុ និងមានស្រុកកំណើត នៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះជាព្រះសង្ឃ មានព្រះនាម ផាន សុភាក់ ព្រះជន្ម ៣២ព្រះវស្សា គង់នៅក្នុងវត្តស្ពឺជើង ត្រូវបានជនដៃដល់កាប់ឲ្យរងរបួសធ្ងន់ ៤កន្លែង ។
លោកវរៈសេនីយ៍ទោ ជឹម រីណា បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតឡើងនូវអំពើហឹង្សាបែបនេះ គឺដោយសារទំនាស់ពាក្យសំដីគ្នា ។ ខណៈនេះជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរពីមន្ត្រីនគរបាលជំនាញ និងកសាងសំណុំរឿង បញ្ជូនទៅតុលា ការចាត់ការតាមច្បាប់៕