កំពង់ឆ្នាំង : អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញជួបសំណេះសំ ណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន ៤២នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
ក្នុងពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៩ មេសា ២០២១នេះ ក៏ការអញ្ជើញចូលរួមពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។
មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង បានថ្លែឲ្យដឹងក្នុងពិធីនោះថា នៅខេត្តកំពង់ឆ្នាំង បេក្ខជនដែលមានលក្ខណសម្បត្តិជាប់ជាស្ថាពរចំនួន ៤២នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំជូនដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះផងដែរ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវការអបអរសាទរចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេម ភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលចេញពីការជ្រើសរើសក្នុងខេត្តកំពង់ឆ្នាំង។
លោកអភិបាលខេត្តនូវបានសំដែងនូវការកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទ ដែលនាពេលកន្លងមក បានយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ចរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខេត្តទទួលបានបាននូវការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ និងមានសុខសុវត្ថិភាពល្អ ។ ទនឹ្ទមនឹងនោះ លោកបានផ្ដាំផ្ញើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវខិតខំរៀន ដោយត្រូវគោរពច្បាប់លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ ដើម្បីក្លាយនាយនិងពលទាហានអង់អាចក្លាហាន ស្មោះស្ម័គ្របម្រើប្រទេសជាតិ និងប្រជាជន ។ លោកអភិបាលខេត្តនូវបានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួ សារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ៕