រាជធានីភ្នំពេញត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ភ្នំពេញ គឺមានកំណើតដំបូងពីដូនចាស់ម្នាក់ឈ្មោះពេញ ។ ដូនពេញ គឺជាមនុស្សគួរឲ្យគោរពស្រឡាញ់ពីអ្នកផងទាំងពួង និងប្រកបដោយសន្តានចិត្តសប្បុរសធម៌ បានមកតាំងទីលំនៅត្រង់ម្តុំមាត់ទន្លេ«ចតុមុខ»ដែលជាទីប្រសព្វនៃទន្លេមេគង្គលើ,មេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់ ។
ថ្ងៃមួយក្នុង គ.ស ១៣៧២ ភ្លៀងបានបង្អុរចុះមួយមេយ៉ាងធំ ធ្វើឲ្យទឹកទន្លេជន់លិចល្ហល្ហាច។ ពេលនោះ ដូនពេញដែលបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរដ៏ធំមួយដើម ត្រូវបានទឹកទន្លេកួចអណ្តែតវិលវល់នៅក្បែរច្រាំង ។ ឃើញដូច្នេះ ដូនពេញក៏ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប៤ព្រះអង្គ តូចៗ ធ្វើពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើពីថ្ម ស្ថិតនៅក្នុងប្រហោងឈើគគីរនោះ។
ដូនពេញ មានសេចក្តីត្រេកអរឥតឧបមា ហើយក៏បានចាត់ការសង់ខ្ទមតូចមួយ សម្រាប់តម្កល់វត្ថុជាទីសក្ការៈទាំងនោះទុកជាបណ្ដោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាកូនភ្នំមួយ ហើយបន្តិចម្តងៗ កូនភ្នំនោះក៏បានក្លាយទៅជាភ្នំ ដ៏ធំមួយ។ ដូនពេញក៏ចាត់ឲ្យគេសង់ព្រះវិហារមួយ ដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ។ ចំណែកឯព្រះពុទ្ធរូបមួយអង្គទៀតដែលធ្វើពីថ្ម ក៏ត្រូវបានគេដង្ហែយកទៅតម្កល់ក្នុងអាសនៈមួយ នៅឯជើងភ្នំប៉ែកខាងកើត នៃព្រះវិហារ ។
បន្ទាប់ពីសាងសង់ព្រះវិហាររួចហើយ ដូនពេញ ក៏បាននិមន្តព្រះសង្ឃឲ្យមកគង់នៅលើជើងភ្នំនោះដែរ ។ គឺចាប់តាំងពីពេលនោះហើយ ដែលទីតាំងនោះត្រូវបានគេហៅឈ្មោះថា« វត្តភ្នំដូនពេញ» ហើយដែលក្រោយមកត្រូវគេហៅកាត់ថា “វត្តភ្នំ” រហូតមកដល់សព្វថ្ងៃ។ ឈ្មោះលោកយាយពេញ ដែលជាអ្នកសាងសង់ទីក្រុងនេះ ក៏ត្រូវគេយកទៅប្រើជាឈ្មោះទីក្រុង«ភ្នំពេញ»ជារៀងរហូតមក។ ចំណែកឯចេតិយនៅលើកំពូលវត្តភ្នំ ក៏ត្រូវគេប្រើសម្រាប់តម្កល់អដ្ឋិធាតុរបស់ព្រះបាទពញាយ៉ាត និងគ្រួសារព្រះរាជវង្ស។
មុននឹងជ្រើសរើសយកទីនេះ ជារាជធានី ព្រះបាទពញាយ៉ាតបានសាងសង់ព្រះរាជវាំងលើកដំបូងនៅត្រង់ទន្លេចតុមុខ គឺនៅត្រង់ព្រះរាជវាំងសព្វថ្ងៃនេះតែម្តង។ ប៉ុន្តែនៅឆ្នាំ១៤៩៧ រាជធានី ត្រូវបានរើទៅតាំងនៅក្រុងអង្គរវិញ ។ ឆ្លងកាត់ប្រវត្តិសាស្ត្របត់បែននៃប្រទេសជាតិ រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ។ រហូតដល់ក្នុងអំឡុងនៃរជ្ជ កាលព្រះបាទនរោត្តម គឺនៅក្នុងឆ្នាំ១៨៦៥ ព្រះរាជវាំងថ្មីមួយត្រូវបានសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ ។ ចាប់តាំងពីពេលនោះមក ភ្នំពេញ ក៏បានក្លាយជារាជធានីអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូតមក។
កាលពីដើមឡើយ ភ្នំពេញគ្រាន់តែជាភូមិអ្នកនេសាទតូចមួយដ៏ស្ងៀមស្ងាត់ ដែលប្រជុំដោយផ្ទះសង់ពីស្បូវ ពីឬស្សី ឬក៏ពីឈើ ខ្ពស់ផុតពីដី។ រយៈកាលក្រោយមក ទីក្រុងនេះក៏បានស្គាល់អភិវឌ្ឍនភាពជាបន្តបន្ទាប់។ នៅចុងសតវត្សរ៍ទី១៩ អាណាព្យាបាលបារាំង បានធ្វើកិច្ចការជាច្រើនដូចជាការជីកទំនប់ ធ្វើរុក្ខវិថី និងសាងសង់ស្ពានតូចៗ ដែលធ្វើឲ្យភ្នំពេញក្លាយជាទីក្រុងដ៏ស្រស់ស្អាតដាច់គេនៅក្នុងតំបន់ ។ សង្កាត់មួយ ត្រូវបានសាងសង់ឡើងនៅប៉ែកខាងជើងទីក្រុង ដោយយកលំ នាំតាមស្ថាបត្យកម្មអាណានិគមន៍បារាំង ។ ផ្ទះត្រូវបានសាងសង់ជាជួរៗ ដែលមានផ្លូវខ្វាត់ខ្វែងអមដោយរុក្ខជាតិសងខាងផ្លូវ ។ គឺក្នុងសម័យកាលនោះហើយ ដែលទីក្រុងភ្នំពេញបានក្លាយជា«ទីក្រុងគុជនៅអាស៊ី»។
នៅដើមសតវត្សរ៍ទី២០ ភ្នំពេញក៏កាន់តែរីកធំឡើងជាលំដាប់ ដោយបន្តិចម្តងៗ ប្រឡាយ និងស្ពានទាំងឡាយត្រូវបានជំនួសដោយសួនច្បារវិញ។ នៅឆ្នាំ១៩៣៥ ការដ្ឋានសំណង់ផ្សារថ្មី ក៏ត្រូវបានចាប់ផ្តើមឡើង ។ សំណង់ស្ថាបត្យកម្មបេតុងដ៏មហិមា និងប្រកបដោយមហិច្ឆតា ហើយដែលត្រូវបានសារព័ត៌មានអន្តរជាតិកោតស្ញប់ស្ញែងចំពោះភាពទំនើបទាំងនោះ គឺជាជំហានថ្មីដ៏សំខាន់មួយទៀតនៃដំណើរការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ។
ក្រោយការទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ ព្រះប្រធានសង្គមរាស្ត្រនិយម យុវស្ថាបត្យករខ្មែរក៏បានបង្កើតស្នាដៃស្ថាបត្យកម្មឯកជាច្រើនដោយការលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបថ្មី ដែលសម្របតាមនិន្នាការពិភពលោក ជាមួយនឹងស្ថាបត្យកម្មខ្មែរសុទ្ធសាធ ។ សំណង់ស្ថាបត្យកម្មចម្រុះទាំងនេះហើយ ដែលផ្តល់ឲ្យទីក្រុងភ្នំ ពេញ នូវរូបភាពជាទីក្រុងដ៏ទំនើបមួយ។ សំណង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ និងការតភ្ជាប់ភ្នំ ពេញ ទៅទីក្រុងព្រះសីហនុ តាមរយៈផ្លូវរថភ្លើង បានធ្វើឲ្យភ្នំពេញក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ។
ប៉ុន្តែ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ភ្នំពេញក៏បានធ្លាក់ក្នុងសុបិន្តដ៏អាក្រក់បំផុត។ ប្រជាពលរដ្ឋត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ ហើយរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប៉ុណ្ណោះ ទីក្រុងភ្នំពេញ បានក្លាយជាទីក្រុងខ្មោច។ ហេដ្ឋារចនាសម្ពន្ធ័ទាំងឡាយត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទាំគួរឲ្យសង្វេគ។
ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ ត្រូវបានរំដោះចេញពីស្ថានភាពគួរឲ្យភ័យខ្លាចនេះ។ ភ្នំពេញ ក៏បានចាប់ផ្តើមមានជីវិតរស់រវើកឡើងវិញ។ ដោយការប្តេជ្ញាថានឹងមិនអនុញ្ញាតឲ្យទីក្រុងនេះធ្លាក់ក្នុងរបបប្រល័យពូជសាសន៍សារជាថ្មីម្តងទៀតនោះ អាជ្ញាធរ និងប្រជាពលរដ្ឋ បានផ្តើមស្តារ និងកសាងប្រទេសឡើងវិញយ៉ាងសកម្ម។ ក៏ប៉ុន្តែ កាលណោះ ពួកគេបានប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុងនេះ។ សន្តិភាពពេញលេញទូទាំងប្រទេស និងការបង្រួបបង្រួមផ្សះផ្សារជាតិទើបតែបានទទួលនៅចុងទសវត្សរ៍១៩៩០ប៉ុណ្ណោះ ដោយសារនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក ការស្តារទីក្រុងភ្នំពេញឡើងវិញបានស្គាល់សន្ទុះយ៉ាងលឿន ដែលធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ថ្មីជាបន្តបន្ទាប់ តាមរយៈសកម្មភាពដ៏គគ្រឹកគគ្រេងនៃការដ្ឋានសំណង់នានា។ ភ្នំពេញ ក៏បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទុន ក៏ដូចជាអ្នកទេសចរដែរ។
មិនយូរប៉ុន្មាន ស្នាមរបួសក្នុងអតីតកាលត្រូវបានព្យាបាល។ ភ្នំពេញក៏បានប្រែប្រួលមុខមាត់ថ្មីនៅលើវិថីប្រកបដោយភាពស្រស់បំព្រង និងកំពុងកសាងអនាគតរបស់ខ្លួនតាមរយៈភាពសម្បូរបែបនៃគំរោងនគរូបនីយកម្ម និងគំរោងអចលនទ្រព្យដ៏សម្បូរបែប ដែលផ្តល់កាលានុវត្តភាពថ្មីដល់«ទីក្រុងគុជអាស៊ី»មួយនេះឲ្យមានសន្ទុះឆ្ពោះទៅកាន់អនាគតដ៏រុងរឿងមួយដែលកំពុងទន្ទឹងរង់ចាំនៅពេលខាងមុខ៕
អត្ថបទទាំងស្រុងបានដកស្រង់ចេញពីសៀវភៅ«ភ្នំពេញរាជធានីចតុមុខ»