ប្រវត្តិដើមដំបូងបង្អស់នៃ «វត្តភ្នំ» និងក្លាយមកជាទីក្រុង «ភ្នំពេញ» រហូតមកទល់សព្វថ្ងៃ

រាជធានីភ្នំពេញត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ភ្នំពេញ គឺមានកំណើតដំបូងពីដូនចាស់ម្នាក់ឈ្មោះពេញ ។ ដូនពេញ គឺជាមនុស្សគួរឲ្យគោរពស្រឡាញ់ពីអ្នកផងទាំងពួង និងប្រកបដោយសន្តានចិត្តសប្បុរសធម៌ បានមកតាំងទីលំនៅត្រង់ម្តុំមាត់ទន្លេ«ចតុមុខ»ដែលជាទីប្រសព្វនៃទន្លេមេគង្គលើ,មេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់ ។ ថ្ងៃមួយក្នុង គ.ស ១៣៧២ ភ្លៀងបានបង្អុរចុះមួយមេយ៉ាងធំ ធ្វើឲ្យទឹកទន្លេជន់លិចល្ហល្ហាច។ ពេលនោះ ដូនពេញដែលបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរដ៏ធំមួយដើម ត្រូវបានទឹកទន្លេកួចអណ្តែតវិលវល់នៅក្បែរច្រាំង ។ ឃើញដូច្នេះ ដូនពេញក៏ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប៤ព្រះអង្គ តូចៗ ធ្វើពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើពីថ្ម ស្ថិតនៅក្នុងប្រហោងឈើគគីរនោះ។ ដូនពេញ មានសេចក្តីត្រេកអរឥតឧបមា ហើយក៏បានចាត់ការសង់ខ្ទមតូចមួយ សម្រាប់តម្កល់វត្ថុជាទីសក្ការៈទាំងនោះទុកជាបណ្ដោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាកូនភ្នំមួយ ហើយបន្តិចម្តងៗ កូនភ្នំនោះក៏បានក្លាយទៅជាភ្នំ ដ៏ធំមួយ។ ដូនពេញក៏ចាត់ឲ្យគេសង់ព្រះវិហារមួយ ដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ។ ចំណែកឯព្រះពុទ្ធរូបមួយអង្គទៀតដែលធ្វើពីថ្ម ក៏ត្រូវបានគេដង្ហែយកទៅតម្កល់ក្នុងអាសនៈមួយ នៅឯជើងភ្នំប៉ែកខាងកើត នៃព្រះវិហារ ។ បន្ទាប់ពីសាងសង់ព្រះវិហាររួចហើយ ដូនពេញ ក៏បាននិមន្តព្រះសង្ឃឲ្យមកគង់នៅលើជើងភ្នំនោះដែរ ។ គឺចាប់តាំងពីពេលនោះហើយ ដែលទីតាំងនោះត្រូវបានគេហៅឈ្មោះថា« វត្តភ្នំដូនពេញ» ហើយដែលក្រោយមកត្រូវគេហៅកាត់ថា […]