មណ្ឌលគីរី ៖ សាកសពបុរសចំណាស់ម្នាក់ ដែលគេប្រទះឃើញដេកស្លាប់លើទីទួល ក្នុងតំបន់ព្រៃជ្រៅមួយកន្លែងក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេរកឃើញអត្តសញ្ញាណ និងក្រុមគ្រួសារឃើញហើយ ។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង លោកវ៉ាន ដានីន បានឲ្យដឹងនៅថ្ងៃទី៥ មេសា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចបានស្វែងរកក្រុមគ្រួសាររបស់សពបុរសចំណាស់នោះឃើញហើយ និងក្រុមគ្រួសារកំពុងយកសាសពទៅធ្វើបុណ្យតាមប្រពៃណីហើយ ។
សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង ដែលបានដកស្រង់សំដីបញ្ជាក់ពីកូនប្រុសសពបុរសរូបនោះ ឈ្មោះ ពៅ សុខណា បានឲ្យដឹងថា ឪពុករបស់ខ្លួនដែលបានស្លាប់នោះ មានឈ្មោះ ពៅ រ៉ា អាយុ៦២ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបានឲ្យដឹងទៀតថា ឪពុករបស់ខ្លួនមានសតិមិនគ្រប់រយៈពេល៣ឆ្នាំមកហើយ ។ សព្វដងតែងតែជិះម៉ូតូចេញពីផ្ទះពេលព្រឹក ទៅរើសអេតចាយ ហើយត្រឡប់មកវិញពេលល្ងាច ឬពេលថ្ងៃត្រង់។ ប៉ុន្តែថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គាត់បានចេញពីផ្ទះជិះម៉ូតូម៉ាក់wave កញ្ចាស់ ១គ្រឿង ដូចសព្វដង ប៉ុន្តែមិនឃើញគាត់ត្រឡប់មកវិញឡើយ ។ ក្រោយការបាត់ដំណឹង ក្រុមគ្រួសារបានខំដើររក ប៉ុន្តែរកមិនឃើញសោះ ។ លុះដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ទើបបានទទួលដំណឹងពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម ដែលបញ្ជាក់ថា ឪពុករបស់ខ្លួនបានស្លាប់ នៅភូមិសាស្រ្តស្រុកអូររាំង ក៏ប្រញាប់ទាក់ទងមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអូររាំង ឲ្យជួយជូនដល់ទីតាំងសាកសព ដើម្បីសម្រួលដល់ការដឹកជញ្ជូនសពចេញពីព្រៃយកទៅធ្វើបុណ្យនៅផ្ទះវិញ ។
គួរបញ្ជាក់ថា សពបុរសចំណាស់រូបនោះ ត្រូវបានរកឃើញតាមរយៈពលរដ្ឋជាតិព្នង ដែលបានធ្វើដំណើរចូលក្នុងព្រៃជ្រៅ ហើយប្រទះឃើញសាកសពនោះនៅចំនុចវាលក្របីស្រែខ្លុង ក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ នៃស្រុកអូររាំង។បើតាមការឲ្យដឹងពីលោកអធិការបានបញ្ជាក់ថា ពេលចុះទៅដល់កន្លែងកើតហេតុ គេឃើញសាកសពនោះស្ថិតក្នុងសភាពស្គមរីងរៃ ដេកស្លាប់ក្រោមដើមស្រឡៅ ។ សាកសពគ្មានអាវ ខោពណ៌ប្រផេះជើងវែង បានដោះចេញយកមកកើយ និងមានក្រមាដណ្តប់ត្រឹមចង្កេះចុះក្រោម។ ក្បែរសាកសពមានពិលមួយ, ដបទឹកសុទ្ធគ្មានទឹកនៅចុងជើង និងពុំមានអ្វីប្លែក ឬមានស្នាមអ្វីគួរកត់សម្គាល់ឡើយ។ បើយោងតាមការបំភ្លឺរបស់បុរស២នាក់ ដែលបានជិះម៉ូតូឌុបគ្នាពីស្រែខ្លុងទៅស្រែអំពូមកាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពួកគេបានជួបបុរស វ័យចំណាស់នេះ និងពួកគេថែមទាំងបានសួរថា «ពូទៅណា?» បុរសចំណាស់នោះឆ្លើយថា ទៅមុខ។ លុះនៅថ្ងៃទី៤មេសា វេលារសៀលម៉ោង២ និង២០នាទី ពេលបានវិលត្រឡប់មកវិញ ស្រាប់តែប្រទះឃើញសាកសពបុរសចំណាស់នេះនៅតាមផ្លូវ និងបានរាយការណ៍ជួនសមត្ថកិច្ច។ មន្ត្រីជំនាញបាន ធ្វើកោសល្យវិច័យ និងសន្និដ្ឋានថាបុរសនោះស្លាប់ដោយសារវង្វេងព្រៃ អត់បាយ អត់ទឹក ច្រើនថ្ងៃ និងមិនមានមនុស្សជួយសង្គ្រោះ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងមេក្រុមស្រែខ្លុង តំណាងអាជ្ញាធរភូមិ បានប្រគល់សាកសពជូនក្រុមគ្រួសារ និងសាច់ញាតិបានយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។