កំពង់ឆ្នាំង : ស្ថានភាពត្រីងាប់នៅតាមបែចិញ្ចឹមត្រី នៅក្រុងកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី៥ មីនា ២០២៣នេះ បានធូស្រាលបន្តិចហើយ បន្ទាប់មានត្រីងាប់ច្រើនរហូតជិត ៤រយតោន តាមបែមួយចំនួន នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀង ។ សេចក្តីរាយការណ៍ពីអាជីវករចិញ្ចឹមត្រីតាមបែ នៅក្នុងទន្លេ នាភូមិចុងកោះ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីតាមបែបានចាប់ផ្តើមងាប់ តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។ ប្រភេទត្រីចិញ្ចឹម ដែលបានងាប់ទាំងនោះ រួមមានដូចជា ត្រីខ្យា, ត្រីពោ, ត្រីសណ្តាយ, ត្រីឆ្ពិន និងត្រីព្រលូង ។
នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក លី ឡា បានឱ្យដឹងថា ត្រីដែលចិញ្ចឹមតាមបែរបានងាប់ ពីបីថ្ងៃមកហើយ មូលហេតុដោយសារអាកាសធាតុនាប៉ុន្មានថ្ងៃចុងក្រោយនេះក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេធំ ទើបបានបង្កឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីទាំងអស់នោះងាប់ ។ លោកបានបន្តថា ត្រីតាមបែរនិមួយៗងាប់អស់ច្រើន ដែលមួយបែៗងាប់អស់ប្រមាណជា១០% ទៅ២០% គឺចន្លោះពី ១តោន ដល់៦តោន ក្នុង១បែៗ។របាយការណ៍ចុងក្រោយពីលោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្ថែមថា ស្ថានភាពត្រីចិញ្ចឹមតាមបែនៅភូមិចុងកោះ បានចាប់ពីថ្ងៃទី១-៥ ខែមេសា ឆ្នាំ២០២៣ មានចំនួន១៦០បែ និងសរុបត្រីទាំងអស់មានចំនួន ៣៦២តោន ។ ក្នុងនោះរួមមាន ៖ ត្រីខ្យាចំនួន ៩០បែ ត្រីងាប់ស្មើនឹង ២៧០តោន, ត្រីឆ្តោចំនួន ២៥បែ ត្រីងាប់ស្មើនឹង ២៥តោន, ត្រីចម្រុះមានត្រីឆ្ពិន ព្រលូង សណ្តាយ ប្រា ចំនួន៤៥បែ ត្រីងាប់ស្មើនឹង ៦៧តោន ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា មកដល់ថ្ងៃនេះ ស្ថាមភាពបានល្អប្រសើរឡើងវិញហើយ ដោយសារម្ចាស់បែរចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែរត្រី អូសទៅមកៗ ខ្លះបញ្ឆេះម៉ាស៊ិនដាក់ទុយយោបាញ់ខ្យល់ក្នុងបែរ ដើម្បីឲ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់ត្រី ។
តែទោះជាយ៉ាងណា ក្រុមអាជីវកចិញ្ចឹមត្រី បានសំណូមពដល់អភិបាលខេត្ត និងផ្នែកវារីវប្បករ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សូមឲ្យមន្ត្រីជំនាញជួយរកវីធីសាស្ត្រដោះស្រាយបញ្ហានេះបន្ថែមទៀតដើម្បីបង្កភាពងាយស្រួលដល់ពួកគាត់ ។ និងពួកគាត់ បានស្នើសុំឲ្យរដ្ឋបាលខេត្តអនុញ្ញាតឲ្យបម្លាស់បែរ ទៅចំណុចភូមិកំពង់អុស ដោយសារទីនោះទឹកមានជំរៅជ្រៅ ដែលអាចបន្ថយអត្រាត្រីងាប់ច្រើនបាន ៕