អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

យុទ្ធសាស្រ្តសម្រេចការងារធំរបស់តេជោយ៉ត គឺកុំរវល់ខ្វល់ខ្វាយនឹងទ័ពក្រោយ តែត្រូវកាន់ជំហ៊រនឹងគោលដៅជាមួយទ័ពមុខ

ក្រោយអំពីឧកញ៉ាតេជោបុរារាជមាស ធ្វើមរណកាលដោយមិនមានបុត្របន្តដំណែង ឧកញ៉ារាមរាជតេជោយ៉តត្រូវបានព្រះមហាក្សត្រតែងតាំងជាចៅហ្វាយខេត្តកំពង់ស្វាយជំនួស ឧកញ៉ាតេជោមាស។ លុះដល់ឆ្នាំ១៦៣៦ ក៏កើតហេតុមានក្រុមឈ្លើយសឹកសៀមដែលទ័ពខ្មែរយើងចាប់បានក្នុងគ្រាចម្បាំង កើតប្រមូលផ្ដុំគ្នាហើយធ្វើការបះបោរនៅខេត្តពោធិសត្វ រហូតដល់មន្ត្រីរាជការខ្មែរ ខេត្តពោធិសាត់ ខ្លុង ក្រគរ រលៀប្អៀរ និង ក្រង មិនអាចទប់ទល់បាន ទើបរត់ចេញមកកាន់ក្រុងឧត្តុង្គក្រាបបង្គំទូល ព្រះបរមបពិត្រ ព្រះជ័យចេស្ដា ព្រះមហាក្សត្រខ្មែរឯគ្រានោះ។ ព្រះបរមបពិត្រភ្នកនឹកដល់ឧកញ៉ាតេជោ ថាបើសិនជាតេជោមាសនៅមានជីវិតម្លោះហើយទ្រង់នឹងមិនចាំបាច់ភ័យព្រួយនូវហេតុការណ៍ទាំងនេះទេ តើឥឡូវអ្នកណានឹងជំនួសតេជោមាសបាន។ ព្រះមហាបពិត្រទ្រង់គិតនឹកដល់សំបុត្របណ្តាំរបស់តេជោមាសដែលមានសេចក្តីថា ” ព្រះនគរយើងតទៅមុខនឹងកើតមានសង្គ្រាមមានសត្រូវជាច្រើនមិនខាង ទូលបង្គំជាខ្ញុំអាឥតបុត្រនឹងតវង្សត្រកូល ដូច្នេះហើយទើបទូលបង្គំបានបង្ហាត់បង្រៀនវិជ្ជាការដល់ឧកញ៉ារាមរាជតេជោយ៉តជាស្រេចហើយ ។ ថ្វីបើអាយ៉ងនេះមានជាតិកំណើតទាបក៏ពិតមែន តែមានចិត្តគំនិត និងតម្រិះ ប្រាជ្ញាស្លូតត្រង់ណាស់ ទូលបង្គំសូមថ្វាយឧកញ៉ានេះជាជំនួសទូលបង្គំ នឹងត្រាស់ប្រើយ៉ាងណានោះ តាមសព្វព្រះរាជហឫទ័យ”។ ដោយហេតុដូចនេះហើយ ទើបព្រះករុណាទ្រង់ត្រាស់អោយសម្តេចចៅហ្វាទឡ្ហៈ ចេញសំបុត្រកោះហៅ ឧកញ៉ារាមរាជតេជោ យ៉ត មកក្រាបបង្គំគាល់ជាប្រញាប់។ ចំណែកឯការណ៍ដែលឈ្លើយសឹកសៀម បះបោរនេះទ្រង់ចាត់អោយ ឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោមចេញទ័ពទៅតទល់សិន។

ឧកញ៉ាតេជោយ៉ត បន្ទាប់ពីទទួលបានសំបុត្រហើយនោះ ដោយការណ៍ជាបន្ទាន់ពេកផង ក៏កេណ្ឌពលបានប្រមាណ៥០០នាក់ប៉ុណ្ណោះ ធ្វើដំណើរមកកាន់ឧត្តុង្គ ដើម្បីក្រាបបង្គំគាល់។ ក្នុងខណៈដែលក្រាបបង្គំគាល់ ព្រះករុណាទ្រង់បានត្រាស់សួរទៅកាន់តេជោយ៉តថា “ការណ៍ដែលពូតេជោមាស មានសំបុត្រមកទូលយើងថា គាត់បានបង្ហាត់បង្រៀនគ្រប់វិជ្ជាការ និងក្បួនតម្រាពិជ័យសង្គ្រាមទាំងអស់ដល់ឧកញ៉ា តើជាការពិតមែនឬទេ?” តេជោយ៉តក្រាបបង្គំទូលថា “មែន”។ ព្រះករុណាទ្រង់សួរបន្តទៀតថា ” ឈ្លើយសឹកសៀមដែលបះបោរនោះ បានសង្កត់ដេញចៅហ្វាយខេត្តស្រុកខាងលិច និងខាងជើង អោយបាក់ទ័ពរត់អស់។ យើងបានចាត់ឧកញ៉ាក្រឡាហោម។ និងឧកញ៉ាចក្រីទៅទៀត តែនៅតែបរាជ័យ។ ឥឡូវឮថា វាចូលមកតាំងទីឯអតីតបន្ទាយព្រះចន្ទរាជា ដែលមាំមួនខ្លាំងក្លាណាស់ តើឧកញ៉ាឯងគិតដូចម្តេចដែរ?” តេជោយ៉តក្រាបបង្គំទូលថា “ក្នុងវេលាសង្គ្រាមក្នុងព្រះនគរយ៉ាងនេះ ត្រូវតែចាត់មេទ័ពពីក្នុងព្រះនគរ (មេទ័ពពីរាជធានី មិនមែនមេទ័ពពីតាមខេត្តខាងក្រៅមក) អោយចេញទៅប្រាបប្រាម ប៉ុន្តែមេទ័ពត្រូវចេះចាំយ៉ាងស្ទាត់នូវក្បួនព្យុហសឹកទាំង១២ប្រការគឺ

១.ត្រូវស្គាល់ទីណាត់ ទីបង្កប់ទ័ព និងទីសំញែងទ័ព។

២.ត្រូវតែស្គាល់ចិត្តពលទាហានឱ្យច្បាស់ តើពលទាហានទាំងនោះគោរពកោតខ្លាច និងទុកចិត្តលើមេទ័ពហើយឬនៅ?

៣.ត្រូវស្គាល់ឱ្យច្បាស់នូវសូរស័ព្ទ ក្បួនទ័ពសឹករបស់បច្ចាមិត្តដែលចូលមក (មេទ័ពមិនត្រូវភ្ញាក់ផ្អើល នឹងសូរស័ព្ទសន្ធឹកសឹក និងសូរសម្រែកសត្វ មនុស្ស ឬព័ត៌មាន ពាក្យចចាមអារាមផ្សេងៗនោះឡើយ បើឮហើយ ត្រូវពិចារណាឱ្យយល់ច្បាស់)។

៤.ស្គាល់ឫក្សអាកាស និងផែនដីអោយច្បាស់

៥.បើមុននឹងចូលច្បាំង ត្រូវស្គាល់ឱ្យច្បាស់នូវទីទិសចូល និងទិសចេញ

៦.អោយស្គាល់កម្លាំងសឹកសត្រូវ

៧.ត្រូវស្គាល់ឱ្យច្បាស់ប្រាកដនូវកម្លាំងគ្រឿងសាស្រ្តាវុធរបស់ខ្លួនយើង និងរបស់សត្រូវ។

៨.ចេះប្រើសេនាទាហាន គឺប្រើទៅធ្វើការអោយល្មមនឹងកម្លាំងទាហានយើង និង កម្លាំងសត្រូវ

៩.ត្រូវស្គាល់ទីជ័យភូមិ ដែលនឹងត្រូវតាំងទីបន្ទាយរាយល្បាត។

១០.ត្រូវចេះស្ទាត់ ក្នុងការចាត់តាំងយាមល្បាត គឺកុំទុកចិត្តគេឱ្យហួសពីគំនិតរបស់ខ្លួន។

១១.ត្រូវកាន់អាជ្ញាសឹកឲ្យរឹងមាំដូចផែនសិលា

១២.ព្រះករុណាម្ចាស់ផែនដី បើនឹងប្រើមេទ័ពចេញសង្គ្រាម ត្រូវមានសត្តបញ្ញា អោយមេទ័ពទុកចិត្ត និងកុំព្រួយបារម្ភពីទ័ពក្រោយ គឺមេទ័ពរវល់នឹងតែនឹងទ័ពមុខ បើអោយវីវរនឹងទ័ពក្រោយ មេទ័ពនោះក៏នឹងប្រៀបបានដូចរំសេវដែលត្រូវទឹក ទោះបីជាខំប្រឹងបាញ់យ៉ាងដូចម្តេចក៏ពុំឆេះដែរ។ ប្រសិនបើមេទ័ពប្រតិបត្តិបានគ្រប់ទាំង១២ប្រការហើយ កុំថាឡើយសឹកសង្គ្រាមក្នុងព្រះនគរ សូម្បីតែក្សត្រពីនគរក្រៅឯណា លើកទ័ពមកច្រើនសន្ធឹកក្តី ក៏គង់តែចាញ់មេទ័ពដែលស្ទាត់ជំនាញក្បួនទាំង១២ប្រការនេះដែរ ” ។

ព្រះបរមបពិត្រពុំបានជ្រាបនូវសេចក្តីដែលឧកញ៉ាតេជោយ៉ត ទូលថ្វាយក្នុងប្រការទី១២អោយបានសព្វគ្រប់ទេ ។ ព្រះអង្គត្រាស់អោយឧកញ៉ាបារម្ភតែពីទ័ពខាងមុខទៅចុះ ទ័ពក្រោយកុំបារម្ភអ្វីឡើយ។ ព្រះករុណាទ្រង់ប្រទានដាវមាស១ជាដាវអាជ្ញាសឹក និង បញ្ជាអោយក្រុមអាល័ក្សតែង ព្រះរាជសញ្ញាប័ត្រប្រទានអំណាចដល់ឧកញ៉ាតេជោយ៉តគ្រប់តាមដែលទ្រង់ប្រារព្ធជាមួយឧកញ៉ាគ្រានេះគ្រប់ប្រការ។

បន្ទាប់ពីទទួលបាននូវព្រះរាជសញ្ញាប័ត្រនិងដាវអាជ្ញាសឹកហើយ តេជោយ៉តបានក្រាបបង្គំលា និងលើកយោធាចេញទៅ។ លុះលើកទ័ពទៅដល់ខាងលិចបន្ទាយលង្វែក តេជោយ៉តបានកេណ្ឌពលពីខេត្តលង្វែកប្រមាណ ១០០០ទៅ១៥០០នាក់។ តេជោយ៉ត បានបញ្ជាអោយកាប់ឫស្សីធ្វើបន្ទាយរាយចម្រូង តែឫស្សីត្រូវអោយអូសតែពីខាងចុង ។ ក្នុងពេលនោះ ម៉ឺនចៃចុងរ័ក្ស កែ ជាប្អូនប្រុសរបស់អ្នកម្នាងនូ ដែលជាប់នៅក្នុងកំណែនទ័ពលើកនេះបានរឹងទទឹង ពុំព្រមអូសឫស្សីបញ្ជ្រាស់ចុងតាមបញ្ជារបស់តេជោយ៉តឡើយ ហើយថែមទាំងបាននាំបក្សពួករបស់ខ្លួនអូសឫស្សីពីខាងគល់ទៀត។ លុះឃើញម៉ឺនកែ ដែលជាប្អូនអ្នកម្នាង និងបក្សពួក ហ៊ានប្រព្រឹត្តផ្ទុយពីបញ្ជាខ្លួនដូច្នេះក៏បង្គាប់អោយឃាត់ខ្លួន ម៉ឺនកែ មកដាក់ចំណង៥ប្រការ បណ្តើរអាក្រោសផ្ចាលគ្រប់៣ថ្ងៃ ហើយប្រហារជីវិតបង់ ដើម្បីកុំអោយកងទ័ពនិងសេនាទាហានឯទៀតយកតម្រាប់តាម។ បាវបម្រើរបស់ម៉ឺនកែ ពេលឃើញចៅហ្វាយនាយរបស់ខ្លួនទទួល ទោសទណ្ឌដូច្នេះហើយ ក៏ប្រញាប់ប្រញាល់ឡើងសេះទៅទូលអ្នកម្នាងនូ អោយជ្រាបសេចក្តី។ អ្នកម្នាងនូ កាលបើបានដឹងនូវព័ត៌មាននេះហើយ ក៏កើតសេចក្តីសោកសង្រេងទ្រហោយំអាណិតប្អូនជាពន់ពេក ហើយចូលទៅក្រាបទូលប្តឹងព្រះបរមបពិត្រអោយជ្រាបគ្រប់ប្រការ ថែមទាំងទូលបន្ថែមអុចអាល អោយព្រះករុណាធ្វេសព្រះទ័យ។ ដោយសេចក្តីប្រណីចំពោះអ្នកម្នាងនូ និងម៉ឺនចៃចុងរ័ក្សកែ ព្រះករុណាទ្រង់ក្រឡាស់ជឿពាក្យអ្នកម្នាងនូ ហើយត្រាស់បង្គាប់អោយ សម្តេចចៅហ្វាទឡ្ហៈ ចាត់ឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោមលើកជាមេទ័ពជំនួយតេជោយ៉ត ហើយអោយនាំតេជោយ៉តមកប្រឹក្សាទោស ព្រោះបង្គាប់អោយរាស្ត្រអូសឫស្សីពីចុង ឃើញថាខុសទំនៀមណាស់។

បន្ទាប់ពីឧកញ៉ាតេជោយ៉តចូលមកដល់ សម្តេចចៅហ្វាទឡ្ហៈបានបង្គាប់អោយចៅក្រមសាលាបញ្ជាន់សឹង្ខ(សាលាដំបូង) ជម្រះក្តីសួរចម្លើយ។ ឧកញ៉ាតេជោជម្រាបថា ” ខ្លួនខ្ញុំ ត្រូវបានព្រះករុណាប្រទានដាវអាជ្ញាសឹកពេញអំណាច ឥឡូវលោកមកចោទខ្ញុំដោយឥតដើមចោទដូចនេះខ្ញុំមិនឆ្លើយទេ” ។ សម្តេចចៅហ្វាទឡ្ហៈពុំហ៊ាន ទើបទៅក្រាបបង្គំទូលព្រះបរមបពិត្រថា តេជោយ៉ត សុំឃើញមុខដើមចោទសិន ទើបទទួលឆ្លើយតុលាការជំនុំជម្រះ។ ព្រះករុណាទ្រង់ជ្រាបហើយទ្រង់ខ្នាញ់ក្នុងព្រះហឫទ័យណាស់ មិនចង់ជួបមុខតេជោយ៉ត ទើបបង្គាប់អោយចៅហ្វាទឡ្ហៈ នាំអ្នកម្នាងនូ ទៅជួបតែត្រឹមក្លោងទ្វារព្រលប់ ហើយផ្តាំអោយសួរថា “តើច្បាប់ស្រុកណាកំហែងរាស្ត្រ អោយអូសឫស្សីពីចុង បើមិនឆាប់ទាន់ពេលា អោយយកទោសគេ? តើក្នុងរឿងនេះអាចៃចុងរ័ក្សធ្វើត្រូវជាង ឬអាយ៉តធ្វើត្រូវជាង?”។

សម្ដេចចៅហ្វាទឡ្ហៈទទួលព្រះរាជឱង្ការ ហើយនាំតេជោយ៉តមកជួបអ្នកម្នាងនូ ។ តេជោយ៉តពាក់អាវផាយ តាមទំនៀមក្រាបបង្គំគាល់តែមានបង្កប់កូនកំបិតក្នុងដៃអាវ ។ លុះឃើញអ្នកម្នាងនូចេញមក ទើបសួរថា “ខ្លួនអ្នកនេះឬជាដើមចោទ? ” ។ អ្នកម្នាងនូ ឆ្លើយថា “ខ្លួនខ្ញុំនេះហើយជាដើមចោទ។ អ្នកឯងអោយគេសម្លាប់ប្អូនខ្ញុំមែនឬទេ? “។ តេជោយ៉តឆ្លើយថា ” អ្នកឯងទេឬ ដែលតម្កើងខ្លួនលើសច្បាប់អាជ្ញាសឹក។ យើងនេះកាន់ព្រះរាជអាជ្ញាសឹក ដើម្បីនឹងប្រាបប្រាមសត្រូវផែនដីអោយរាបទាប ទ័ពសៀមប៉ុណ្ណោះពុំគួរអោយព្រួយដល់ព្រះករុណាឡើយ។ ហេតុដែលទ្រង់ព្រួយនោះព្រោះថា ពេលដែលឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោម រៀបនឹងកេណ្ឌពលពេលា ពួកអ្នកឯងអោយគេទៅកាត់អ្នកជាប់កំណែនរួចពីកងទ័ពអស់ សុទ្ធតែបងប្អូនសាច់ញាតិអ្នកឯង។ ហេតុនេះហើយបានជាមេទ័ពហ្លួងទាំងប៉ុន្មានចេញទៅធ្វើការមិនកើត ទើបព្រះករុណាបង្គាប់អោយយើងមកនេះ ទ្រង់ប្រទានព្រះរាជអាជ្ញាសឹកដល់យើង ទ្រង់មានព្រះរាជសញ្ញាប័ត្រអោយយើងកុំព្រួយទ័ពក្រោយ ។ យើងក៏បានថ្វាយសេចក្ដី១២ប្រការ នៃកលសឹកពិជ័យសង្គ្រាម ដល់ទ្រង់ជ្រាប។ ឥឡូវយើងធ្វើកលសឹក អូសឫស្សីពីចុង ដើម្បីពិនិត្យមើលអោយច្បាស់ ថាតើឈ្មោះណាកោតក្រែងយើង ឈ្មោះណាពុំកោតក្រែងយើង? ឈ្មោះណាស្អប់ព្រះករុណា រឹងទទឹងព្រះរាជអាជ្ញា ឈ្មោះណាស្រលាញ់ព្រះករុណា ឈ្មោះណាស្រលាញ់ផែនដី? យើងពិនិត្យឃើញថា អាកែ ប្អូនអ្នកឯងមិនកោតខ្លាចអាជ្ញាឡើយ នាំរាស្ត្ររឹងទទឹងនឹងអ្នកកាន់អាជ្ញាសឹក ។ ឥឡូវយើងឃើញអ្នកឯង១នេះទៀត ជាអ្នកស្អប់ព្រះករុណា ស្អប់ផែនដីដែរ បានជាទៅកាន់អង្គទ្រទ្រង់មនុស្សខូច ទូលញុះញង់ពីយើង ដែលជាអ្នកកាន់អាជ្ញាសឹកត្រឹមត្រូវទៅវិញ។ អ្នកឯងធ្វើនេះដូចជាគេដុត ព្រះនគរចង់អោយបានព្រះនគរនេះទៅសៀមឬ? ១ទៀតកាលដែលយើង ទទួលបានព្រះរាជអាជ្ញាសឹករៀបនឹងចេញទៅ យើងបានទូលព្រះករុណាគ្រប់ប្រការ ហើយទ្រង់បានប្រារឰថា កុំអោយយើងព្រួយទ័ពក្រោយ ឥឡូវនេះយើងឃើញអ្នកឯងជាទ័ពក្រោយ ដែលតាមយាយីទ័ពយើង” តេជោយ៉ត លុះឃើញទឹកមុខ ឫកពា សម្តេចចៅហ្វាទឡ្ហៈ និងមន្ត្រីនានា ដែលសម្តែងការជឿជាក់លើសំដីខ្លួនហើយ ក៏ដាក់កូនកំបិតពីដៃអាវ មកសម្លាប់អ្នកម្នាងនូ មួយរំពេចហើយឡើងសេះទៅកាន់បន្ទាយវិញ។

ព្រះករុណាទ្រង់ជ្រាបសេចក្តីបន្ទាប់ពីចៅហ្វាទឡ្ហៈ ទូលសព្វគ្រប់ព័ត៌មាន ទ្រង់ព្រះចិន្តាថា ” អាយ៉តនេះពិតជាមាន មោះមុត ដូចបណ្តាំពូតេជោមាសទូលទុកមែន”។ “អញក៏ធ្លោយគំនិតដែរ ព្រោះតែស្តាប់ពាក្យស្ត្រី” ទើបទ្រង់បញ្ញត្តិថា តាំងពីថ្ងៃនេះតទៅ កុំអោយស្រីស្នំក្រមការណា ក្រាបទូលពីមន្ត្រីណាអោយសោះ ត្រូវចាំស្តាប់តែពីសេនាបតី រួចទ្រង់បង្គាប់អោយយកសពអ្នកម្នាងនូ ទៅធ្វើបុណ្យតាមប្រពៃណី។ លុះត្រឡប់ដល់បន្ទាយវិញ តេជោយ៉តក៏បង្គាប់អោយនាំខ្លួន បាវព្រាវ បក្សពួកម៉ឺនចែចុងរ័ក្សទាំងអស់មកដាក់ក្តី បើឃើញថារឹងទទឹងអោយប្រហារចោល ដើម្បីកុំអោយជនទាំងពួងយកតម្រាប់តាម។ តាំងពីពេលនោះមក នាយកងនាយពលទាំងអស់ តែងនិយាយនឹងគ្នាថា លោកមេទ័ពដែលកាន់ព្រះរាជអាជ្ញានេះ ចិត្តមុះមុតខ្លាំងត្រឹមត្រូវណាស់ សូម្បីអ្នកម្នាងនូ ដែលល្បីឈ្មោះបោះសម្លេងពេញផែនដីទៅហើយ ក៏គង់តែលោកសម្លាប់បាន បើយើងធ្វេសប្រហែសមុខជាស្លាប់មិនខាន ដូចនេះយើងត្រូវប្រុងធ្វើកិច្ចរាជការ អោយមានចិត្តគំនិតមូលគ្នាទើបមានផលប្រយោជន៍។ ឧកញ៉ាតេជោដែលជាមេទ័ព ឥតមានធ្វេសប្រហែសនឹងកិច្ចរាជការសោះ យប់ក្តី ថ្ងៃក្តី លោកតែងលបស្តាប់កិច្ចរាជការ និងចិត្តសេនាជានិច្ច។ កាលបើដឹងថា សេនាទាហាន កោតក្រែងអាជ្ញាសឹកហើយ លោកមានសេចក្តីត្រេកអរណាស់។ លុះដល់វេលាលើកទ័ព ហើយតេជោយ៉ត ក៏រៀបចំទ័ពមុខក្រោយ ឆ្វេងស្តាំ ដោយមានទ័ពចៅហ្វាយខេត្តលង្វែកជាទ័ពជន្ល ទ័ពចៅហ្វាយខេត្តសំរោងទងលើវាយពីក្រោយបន្ទាយសៀម។ ឯពលសៀមកាលនោះ មាននាយឈិត ដែលពួកសៀមបានលើកតាំងជា សម្តេចចៅពញាប្រាបសង្គ្រាម នាយសាំងជាសម្តេចចៅពញាពិជ័យរាជតេជោ នាយដាំជា សម្តេចចៅពញាសម្តែងអាវុធ ជាប្រមុខ។ លុះឃើញចៅហ្វាយខេត្តលង្វែកលើកទ័ពមក សៀមក៏ចាត់រេហ៍ពលមកតទល់ ឯចៅហ្វាយខេត្តលង្វែកក៏ធ្វើជាចាញ់ដកថយទ័ព មេទ័ពសៀមទាំង៣ក៏ជិះសេះនាំពលដេញតាម រហូតដល់ស្រុកព្រៃខ្មែរ ទ័ពខ្មែរដែលបង្កប់ក្នុងព្រៃក៏ចេញច្បាំង តែពុំចាញ់ពុំឈ្នះ ។ ខណៈនោះដែរបន្ទាប់ពីទ័ពសៀមចេញផុតបន្ទាយហើយ ចៅហ្វាយខេត្តសំរោងទងក៏វាយពីក្រោយ កាន់កាប់បន្ទាយបានសម្រេច ។ តេជោយ៉តជិះដំរី លើកទ័ពធំចេញទៅ លុះសង្កេតឃើញបាឡាត់ឆ្វេងរបស់ខ្លួនកំពុងតតាំងនឹងចៅពញ្ញាប្រាបសង្គ្រាម បាឡាត់ស្តាំកំពុងតតាំងនឹងចៅពញាពិជ័យរាជតេជោ យ៉ាងអង់អាចទាំងសងខាង តេជោយ៉តក៏ចុះពីលើដំរីឡើងសេះទៅជួយ។ ចៅពញាសំដែងអាវុធ ក៏បរសេះមកតទល់ ប្រយុទ្ធគ្នាមិន២ក្បាច់ផង មេទ័ពសៀម១នេះក៏ត្រូវបានតេជោយ៉ត កាប់នឹងផ្គាក់ធ្លាក់ពីលើខ្នងសេះស្លាប់។ មេទ័ពសៀមទាំង២ដែលនៅសល់ ក៏ដកខ្លួនថយទៅបន្ទាយវិញ តែក៏ត្រូវចាប់ខ្លួនបានមុន ហើយនាំទៅជូនឧកញ៉ាតេជោយ៉តជាមេទ័ព។ តេជោយ៉ត ក៏សម្រេចអោយប្រហារជីវិតទាំង២។ បន្ទាប់ពីកម្ចាត់សៀមបះបោរបានរាបទាបហើយ តេជោយ៉តក៏លើកទ័ពត្រឡប់ទៅលង្វែកវិញ។

មកដល់លង្វែកវិញ តេជោយ៉តបានបង្គាប់អោយគេធ្វើឃ្នៀង ប្រវែង៨ហត្ថ លាបពណ៌ក្រហម ហើយដាក់ខ្លួនឯងដើរមកសាលាប្រជុំសេនាបតីឯក្រុងឧត្តុង្គ ហើយអោយសម្តេចចៅហ្វាទឡ្ហៈចូលក្រាបបង្គំចូលថា បានបង្ក្រាបទ័ពសៀមរាបទាបហើយ ព្រះករុណាអស់កង្វល់ព្រះហឫទ័យហើយ ឥឡូវនេះឧកញ៉ាតេជោដាក់ក្តីខ្លួនឯង សូមប្រទានដាក់ទោសតាមសព្វព្រះហឫទ័យ បើទ្រង់អោយស្លាប់ក៏សុខចិត្តទទួល បើអោយរស់ក៏ស្ម័គ្រស្មោះបម្រើរាជការរៀងទៅ ។ ព្រះករុណាទ្រង់ព្រះចិន្តាថា “អាយ៉តនេះចិត្តវាអហង្ការក្លាហានណាស់ ចំណេះវិជ្ជាប្រាជ្ញាវាក៏ពិតដូចសំបុត្រពូតេជោមាសមែន។ ចិត្តវានោះមុតធ្លុះ នឹងយកសេនាទាហានឯណាមកប្រដូចពុំបានឡើយ បើអោយវាកាន់អាជ្ញាទៅវាយស្រុកសៀមក៏សឹងនឹងបានសម្រេចមែន អញរវល់តែជឿពាក្យស្រី ហួសការណ៍អស់ ឥឡូវនេះអញនឹងត្រឡប់ប្រែមករាប់អានវាវិញ ហើយលើកតម្កើងយសសក្ដិអោយវាថ្កុំថ្កើងទៀត ក៏ហួសទៅដែរ។ ទើបត្រាស់នឹងសម្តេចចៅហ្វាទឡ្ហៈថា អោយបើករង្វាន់តាមសមគួរដល់អស់សេនាទាហាន ឯតេជោយ៉តអោយទៅស្រុកវិញចុះមិនបាច់ចូលគាល់ទេ។

តេជោយ៉តកាលបើមានជ័យជំនះហើយ ក៏ត្រឡប់ទៅស្រុកវិញ គិតចង់រកភរិយាដែលមានលក្ខណៈល្អ ជាភរិយា ។ ពិនិត្យមើលស្រីទៀតក៏ពុំចាប់អារម្មណ៍សោះ ឃើញតែអ្នកជំទាវស្រែន ដែលជាអតីតចៅហ្វាយខ្លួន និងជាអតីតភរិយាគ្រូខ្លួន ប៉ុណ្ណោះដែលសាកសមនឹងខ្លួន។

ប្រភពឯកសារ ៖ សៀវភៅ មហាបុរសភាគ ៤

រូបភាព ៖ ហ្វេសប៊ុកផេក បុរាណាចារ្យ

ទំព័រផ្សេងៗ