យុទ្ធសាស្រ្តសម្រេចការងារធំរបស់តេជោយ៉ត គឺកុំរវល់ខ្វល់ខ្វាយនឹងទ័ពក្រោយ តែត្រូវកាន់ជំហ៊រនឹងគោលដៅជាមួយទ័ពមុខ

ក្រោយអំពីឧកញ៉ាតេជោបុរារាជមាស ធ្វើមរណកាលដោយមិនមានបុត្របន្តដំណែង ឧកញ៉ារាមរាជតេជោយ៉តត្រូវបានព្រះមហាក្សត្រតែងតាំងជាចៅហ្វាយខេត្តកំពង់ស្វាយជំនួស ឧកញ៉ាតេជោមាស។ លុះដល់ឆ្នាំ១៦៣៦ ក៏កើតហេតុមានក្រុមឈ្លើយសឹកសៀមដែលទ័ពខ្មែរយើងចាប់បានក្នុងគ្រាចម្បាំង កើតប្រមូលផ្ដុំគ្នាហើយធ្វើការបះបោរនៅខេត្តពោធិសត្វ រហូតដល់មន្ត្រីរាជការខ្មែរ ខេត្តពោធិសាត់ ខ្លុង ក្រគរ រលៀប្អៀរ និង ក្រង មិនអាចទប់ទល់បាន ទើបរត់ចេញមកកាន់ក្រុងឧត្តុង្គក្រាបបង្គំទូល ព្រះបរមបពិត្រ ព្រះជ័យចេស្ដា ព្រះមហាក្សត្រខ្មែរឯគ្រានោះ។ ព្រះបរមបពិត្រភ្នកនឹកដល់ឧកញ៉ាតេជោ ថាបើសិនជាតេជោមាសនៅមានជីវិតម្លោះហើយទ្រង់នឹងមិនចាំបាច់ភ័យព្រួយនូវហេតុការណ៍ទាំងនេះទេ តើឥឡូវអ្នកណានឹងជំនួសតេជោមាសបាន។ ព្រះមហាបពិត្រទ្រង់គិតនឹកដល់សំបុត្របណ្តាំរបស់តេជោមាសដែលមានសេចក្តីថា ” ព្រះនគរយើងតទៅមុខនឹងកើតមានសង្គ្រាមមានសត្រូវជាច្រើនមិនខាង ទូលបង្គំជាខ្ញុំអាឥតបុត្រនឹងតវង្សត្រកូល ដូច្នេះហើយទើបទូលបង្គំបានបង្ហាត់បង្រៀនវិជ្ជាការដល់ឧកញ៉ារាមរាជតេជោយ៉តជាស្រេចហើយ ។ ថ្វីបើអាយ៉ងនេះមានជាតិកំណើតទាបក៏ពិតមែន តែមានចិត្តគំនិត និងតម្រិះ ប្រាជ្ញាស្លូតត្រង់ណាស់ ទូលបង្គំសូមថ្វាយឧកញ៉ានេះជាជំនួសទូលបង្គំ នឹងត្រាស់ប្រើយ៉ាងណានោះ តាមសព្វព្រះរាជហឫទ័យ”។ ដោយហេតុដូចនេះហើយ ទើបព្រះករុណាទ្រង់ត្រាស់អោយសម្តេចចៅហ្វាទឡ្ហៈ ចេញសំបុត្រកោះហៅ ឧកញ៉ារាមរាជតេជោ យ៉ត មកក្រាបបង្គំគាល់ជាប្រញាប់។ ចំណែកឯការណ៍ដែលឈ្លើយសឹកសៀម បះបោរនេះទ្រង់ចាត់អោយ ឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោមចេញទ័ពទៅតទល់សិន។ ឧកញ៉ាតេជោយ៉ត បន្ទាប់ពីទទួលបានសំបុត្រហើយនោះ ដោយការណ៍ជាបន្ទាន់ពេកផង ក៏កេណ្ឌពលបានប្រមាណ៥០០នាក់ប៉ុណ្ណោះ ធ្វើដំណើរមកកាន់ឧត្តុង្គ ដើម្បីក្រាបបង្គំគាល់។ ក្នុងខណៈដែលក្រាបបង្គំគាល់ ព្រះករុណាទ្រង់បានត្រាស់សួរទៅកាន់តេជោយ៉តថា “ការណ៍ដែលពូតេជោមាស មានសំបុត្រមកទូលយើងថា […]