កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅថ្ងៃទី២៨ មីនា ២០២៣ ដែលមានការអញ្ជើញចូលរួមជាអធិបតីបិទ ដោយអគ្គស្នងការរងនគរបាលជាតិ លោកជំទាវ ឧត្តមសេ នីយ៍ឯក រស់ ច័ន្ទសោភា ជាតំណាងអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមផងដែរ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន ដែលជាតំណាងអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឯក ស៊ុនរស្មី, ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី, មន្ត្រីពាក់ព័ន្ធ រួមនិងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបជាង២០០នាក់ផងដែរ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីសកម្មភាពការអនុវត្តក្នុងឆ្នាំ២០២២ ដែលរាយការណ៍ដោយស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី រួចមក អភិបាលរងខេត្ត លោក ឈិន សេងងួន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំង នៃស្នងការដ្ធាននគរបាលខេត្ត ដែលបានខិតខំបំពេញការងាររក្សាបាននូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនូវទូទាំងខេត្តកំពង់ឆ្នាំងបានយ៉ាងល្អប្រសើរ ។ លោកបានថ្លែងទៀតថា ជាពិសេសក្នុងកិច្ចការការពារយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺថ្នាក់ដឹកនាំកងកម្លាំង នៃស្នងការដ្ធាននគរបាលខេត្តកំពង់ឆ្នាំង បានអនុវត្តនូវតួនាទីប្រកបដោយភាពស្ងប់ស្ងាត់ ដែលគ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងមានតម្លាភាព ។ លោកអភិបាលរងខេត្ត នូវបានកោតសសើរចំពោះកិច្ចការប្រយុទ្ធតស៊ូប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោយបានសហការល្អជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។
ក្នុងឱកាសបិទអង្គប្រជុំនោះផងដែរ អគ្គស្នងការរងនគរបាលជាតិ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំង ថ្នាក់ដឹកនាំនៃស្នងការដ្ធាននគរបាលខេត្ត ត្រូវបន្តជំរុញដល់កងកម្លាំងជំនាញ ក្នុងពន្លឿនដល់កិច្ចការងារចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា និងបន្តផ្សព្វផ្សាយរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗជាច្រើនទៀត ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ។ លោកជំទាវ នូវឲ្យកំលាំងជំនាញត្រៀមកម្លាំង និងមធ្យោបាយសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍២៤ម៉ោង/២៤ម៉ោងនៅរដូវប្រាំងនេះ ។
អគ្គស្នងការរងនគរបាលជាតិ ក៏បានស្នើសុំដល់កម្លាំងនគរបាលគ្រប់មូលដ្ឋានទាំងអស់ ត្រូវត្រៀមកម្លាំងដើម្បីការពារនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យនិងមានសុវត្ថិភាព ៕