សប្ដាហ៍ទី២ ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ។ យោងតាមក្រសួងទេសចរណ៍ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៣០ម៉ឺន ៦ពាន់ ៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥ម៉ឺន ៤ពាន់ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥ម៉ឺន ១ពាន់ ៨៩៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
– ខេត្តព្រះសីហនុ ៦ម៉ឺន ៨ពាន់ ៦៧នាក់
– ខេត្តសៀមរាប ៤ម៉ឺន ២ពាន់ ៨៦៣នាក់
– រាជធានីភ្នំពេញ ៤ម៉ឺន ៤៧៣នាក់
– ខេត្តកំពត ២ម៉ឺន ៥ពាន់ ២៣៣នាក់
– ខេត្តបាត់ដំបង ២ម៉ឺន ៥ពាន់ ១៩៩នាក់
– ខេត្តកំពង់ចាម ១ម៉ឺន ៤ពាន់ ១៨០នាក់
– ខេត្តបន្ទាយមានជ័យ ១ម៉ឺន ២ពាន់ ២៩៥នាក់
– ខេត្តពោធិ៍សាត់ ១ម៉ឺន ៦៣០នាក់។
ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ ៣០ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក កម្ពុជាទទួលភ្ញៀវក្នុងស្រុកប្រមាណ ១លាន ៥សែននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង ១លាននាក់។ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រា សាទអង្គរវត្ត ដែលតែងកើតឡើងនារៀងរាល់ថ្ងៃទី២០ និង២១ ខែមីនា។
ទន្ទឹមនឹងនេះ នាថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
បច្ចុប្បន្ន ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងខិតខំជំរុញការរៀបចំអង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំជំរុញការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។
កម្ពុជា ដើម្បីឈានទៅសម្រេចអោយបាននូវកំណើនភ្ញៀវទេសចរ ៤លាននាក់ក្នុងឆ្នាំនេះ ក្រសួងទេសចរណ៍ កន្លងទៅបានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន ។
សូមបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរផ្ទៃក្នុងកម្ពុជា បានចាប់ផ្តើមមានសន្ទុះកើនឡើងនៅពាក់កណ្តាលឆ្នាំ២០២២ កើនឡើងប្រមាណជា២លាននាក់ ហើយកម្ពុជាក៏រំពឹងថា នឹងអាចទទួលបានភ្ញៀវទេស ចរអន្តរជាតិយ៉ាងតិច ៤លាននាក់នៅឆ្នាំ២០២៣នេះ ដោយក្នុងនោះភ្ញៀវទេសចរចិនប្រហែលជា ៨០ម៉ឺន ទៅ ១លាននាក់៕