កំពង់ឆ្នាំង ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង នៃស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីភាពជោគជ័យខ្លាំង ទៅលើការប្រកបមុខរបរកសិកម្មរបស់ខ្លួន បន្ទាប់ពីប្តូរជីវភាពពីអ្នករាជធានី មកជាអ្នកជនបទ ។ លោក នង ណារិទ្ធ អាយុ ៣៧ឆ្នាំ គឺជាកសិករមួយរូបដែលចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហម ដែលការបង្កើតរបរនេះ ដំបូងបំផុតនោះ ត្រឹមតែ៣ ទៅ៤អាងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាកសិករមួយរូប ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី យ៉ាងស្ទាត់ជំនាញ ។ បច្ចុប្បន្នលោកបានពង្រីកអាង និងស្រះចិញ្ចឹមបង្កងជាច្រើនកន្លែង និងថែមទាំងកំពុងពង្រីកមុខរបរដោយការដាំបន្លែលើទឹក និងចិញ្ជឹមសត្វលង្កែប និងចិញ្ចឹមសត្វផ្សេងៗទៀតផងដែរ ។
ទីលំនៅ និងកសិដ្ឋានចិញ្ចឹមបង្កង, កង្កែប និងដាំបន្លែរបស់កសិកររូបនោះ មានទីតាំងស្ថិតនៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ម្ចាស់កសិដ្ឋានរូបនោះ បានបញ្ជាក់ថា បច្ចុប្បន្នលោកមានស្រះចិញ្ចឹមបង្កងចំនួន៥ស្រះ និងអាងចិញ្ចឹមបង្កងជាង ២០អាង ដែលកំពុងតែដំណើរការ និងទទួលបានជោគជ័យជាហូរហែរ។
ម្ចាស់កសិដ្ឋាន លោក នង ណារិទ្ធ បានបង្ហាញពីបទពិសោធន៍នៃការចាប់ផ្តើបរបររបស់លោកថា មុននឹងទទួលបានជោគជ័យ និងកាកកបដូចសព្វថ្ងៃនេះ ការប្រកបមុខរបរកសិកម្មនេះដំបូងៗ លោកក៍ធ្លាប់ទទួលការបរាជ័យជាច្រើនសារណាស់ដែរ ទម្រាំឈានជើងដល់ចំណុចនេះ ។ បច្ចុប្បន្នលោក កំ ពុងតែពង្រីកមហិច្ឆតារបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរសនៅរបស់គ្រួ សារ ។ បន្ថែមលើមុខរបរចិញ្ចឹមបង្កង លោកបានពង្រីកបន្ថែមនូវការចិញ្ចឹមកង្កែប, ចិញ្ចឹមត្រី, ចិញ្ចឹមរុយ,មាន់, ទា និងដាំបន្លែលើទឹកនោះថែមទៀត ។
លោកបានបញ្ជាក់ពីរបៀបនៃការចិញ្ចឹមបង្កងថា ក្នុងការចិញ្ចឹងបង្កង យើងត្រូវរំលែកបែងចែកទៅតាមទំហំ និងអាយុរបស់វាផ្សេងៗគ្នា គឺមេពូជទៅតាមក្រុមរបស់មេពូជ, កូនតូចនៅក្រុមជាមួយកូនតូច និងកូនធំដាក់ជាមួយកូនធំៗ ជាដើម ។ ក្រៅពីចិញ្ចឹមបង្កងដែលកំពុងតែមានទីផ្សារ លោកកំពុងតែប្រមូលផលបន្លែលើទឹក ដែលភាសាបច្ចេកទេសហៅថា ហាយត្រូប៉ូនីក ទៅលក់លើទីផ្សារ ។ លោកថា ចាប់តាំងពីគាត់ពង្រីកមុខរបរដាំបន្លែលើទឹកនោះទៀតមក លោកបានប្រមូលផលយកទៅលក់បានពីរដងរួចមកហើយ ។ បន្លែដែលគាត់ធ្វើការដាំលើទឹកនោះ មានដូចជាស្ពៃ និងខាត់ណានោះជាដើម ។ ចំ ពោះបច្ចេកទេសនៃការដាំបន្លែលើទឹកនោះទៀត គឺគាត់ដាក់ដាំបន្លែទាំងនោះពីលើអាងចិញ្ចឹមបង្កង និងចិញ្ចឹមត្រីរបស់គាត់តែម្ដង ដែលជាវិធីអាចចំណេញទីកន្លែងផង និងអាចធ្វើឲ្យទឹកប្រើប្រាស់ពីត្រីទៅជាជីឲ្យបន្លែផងដែរ ។
ម្ចាស់កសិដ្ឋានបានឲ្យដឹងទៀតថា ដោយឡែកទីផ្សារនៃការចិញ្ចឹមកង្កែបរបស់គាត់នោះវិញ បើទោះជាគាត់ទើបតែចាប់ផ្តើមពិតមែន ប៉ុន្តែក៏បានជោគជ័យដូចគ្នានេះដែរ ដោយបានប្រមូលផលជាច្រើនសារ ហើយបច្ចុប្បន្នលោកកំពុងភ្ញាស់កូនបង្កងបន្ថែមទៀត ។ សម្រាប់ការចិញ្ចឹមរុយប្រភេទ( BSF)នោះវិញ បើទោះជាទើបនឹងដំណើរការនោះមែន ប៉ុន្តែឃើញថា លទ្ធផលល្អប្រសើរ ព្រោះបានឃើញរុយចាប់ផ្តើមពងជាបណ្តើរ ៗហើយ ។ លោកបញ្ជាក់ថា ការចិញ្ចឹមរុយនេះ គេចិញ្ចឹមយកពងភ្ញាស់កើតជាដង្កូវ ដើ ម្បីយកទៅធ្វើជាចំណីមាន់,ទា, ត្រី ដែលដង្កូវទាំងនោះសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ ហើយលោកបានប្រមូលផលដង្កូវទាំងនោះ ដើម្បីបំពេញតម្រូវការដល់ការចិញ្ចឹម មាន់ ទា ជាច្រើនក្បាលរបស់លោក ដែលបានទទួលផលពីវាច្រើនណាស់ដែរ ។ សូមបញ្ជាក់ផងដែរថា លោក នង ណារិទ្ធ គឺជាកូនអ្នករស់នៅរាជធានីភ្នំពេញ ប៉ុន្តែក្រោយរៀបការ លោកបានមករស់នៅជាមួយភរិយា ក្នុងភូមិប្រាំបីឆោម ឃុំពង្រ ប៉ុន្តែបានមកទិញដីសង់លំនៅដ្ឋានបណ្ដោះអាសន្ន នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីចាប់អាជីពជាអ្នកចិញ្ចឹមបង្កង រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ៕