កំពង់ឆ្នាំង ៖ មនុស្សមួយក្រុម រួមជាមួយនឹងឧបករណ៍មងនេសាទត្រីខុសច្បាប់ ដែលលួចនេសាទនៅក្នុងតំបន់អភិរក្សត្រីមេពូជ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យា អប់រំ ព្រមាន និងដកហូតយកមងដែលជាឧបករណ៍ខុសច្បាប់កំទេចចោល។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រភេទមង ដែលក្រុមអ្នកនេ សាទទាំងនោះបានប្រើប្រាស់ក្នុងការចាប់ត្រី គឺជាប្រភេទមង ដែលមានប៣ថ្នាក់ ដែលថ្នាក់ទី១ មានក្រឡាធំ ដែលចាប់បានត្រីធំៗ, ថ្នាក់ទី២ មានក្រឡាធំមធ្យម ដែលចាប់បានត្រីមធ្យម និងថ្នាក់ទី៣ មានក្រឡាមងតូចបំផុត ដែលអាចស្ទាក់បានសូម្បីតែប្រភេទត្រីតូចៗបំផុតផងដែរ ។ ពួកគេប្រើមងទាំងនោះដើម្បីងាយស្រួលក្នុងការចាប់ថ្នាក់នៃទំហំត្រី ទៅតាមដែលពួកគេចង់បាន ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកនេសាទទាំងនោះ ថែមទាំងបានចូលទៅនេសាទនៅក្នុងតំបន់អភិរក្សត្រីមេពូជ ដែលច្បាប់បានហាមឃាត់ទៀតផង ។
ប្រតិបត្តិការចុះបង្រ្កាបនេះបានធ្វើឡើងនៅរសៀលនៅថ្ងៃទី១៤ មីនា ២០២៣ ដោយសមត្ថកិច្ចចម្រុះបានធ្វើការបង្រ្កាបកាណូត ២គ្រឿង និងមនុស្ស ៤នាក់ ដែលប្រើប្រាស់ឧបករណ៍មងបង្ក្រាបនេសាទខុសច្បាប់ និងលួចនេសាទនៅក្នុងតំបន់អភិរក្សព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌ ។ ជនល្មើសទាំងនោះ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួន ធ្វើកិច្ចសន្យា អប់រំ ព្រមាន និងដកហូតយកមង បង្ក្រាបដែលជាឧបករណ៍ខុសច្បាប់ទាំង ២វង់ ដើម្បីយកទៅកំទេចចោលផងដែរ ។ ពួកគេទាំងនោះ ជាពលរដ្ឋរស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ជាជនក្រីក្រ ។
មិនមានសេចក្តីរាយការណ៍បង្ហាញថា តើឧបករណ៍មងដែលសមត្ថកិច្ចបង្រ្កាបបាននោះ មានទំហំ និងប្រវែងប៉ុន្មាននោះឡើយ ប៉ុន្តែសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រភេទមងដែលពួកគេប្រើទាំងនោះ ជាមងប្រភេទថ្មី មិនធ្លាប់មានពីមុនមក និងអាចចាប់ត្រីបានច្រើន ។
ការចុះបង្រ្កាបក្រុមអ្នកនេសាទទាំងនោះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ដែលបានលួចឃ្លាំមើលសកម្មភាពរបស់ជនសង្ស័យទាំងនោះ ទៅកាន់អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី, ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ងិន ហ៊ុន ដើម្បីចាត់វិធានការបង្ក្រាប ។
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់លើ សមត្ថកិច្ចចម្រុះ រួមមាននគរបាលការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជលផលខេត្ត សរុបចំនួន ១៥នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ២គ្រឿង បានទៅដល់ចំណុចតំបន់អភិរក្សព្រែកអន្លង់ទន្លា កន្លែងមានបទល្មើសបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះ ។
ក្រោយពីសមត្ថកិច្ចចម្រុះបានរាយការណ៍សុំយោបល់ថ្នាក់លើ សមត្ថកិច្ចជំនាញបានសម្រេចធ្វើកិច្ចស ន្យាអប់រំ និងព្រមានជនល្មើសទាំង ៤នាក់ ជាអ្នកប្រើឧបករណ៍នមងបង្ក្រាបខុសច្បាប់ និងលួចនេសាទនៅក្នុងតំបន់អភិរក្សខុសច្បាប់ ១ជាន់ទៀតផងដែរ ៕