ភ្នំពេញ ៖ សាកសពកងទ័ពមួកខៀវកម្ពុជា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលមានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបាត់បង់ជីវិតក្នុងប្រទេសម៉ាលី ត្រូវបានដឹកមកដល់មាតុភូមិកម្ពុជាវិញហើយ ។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មរណភាពរបស់លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បាននាំឲ្យការបាត់បង់ជីវិតនៃកងទ័ពកម្ពុជា ក្នុងបេសកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បានកើនឡើង ១១នាក់ហើយ គិតត្រឹមដើមឆ្នាំ២០២៣នេះ ។ លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារជំងឺផ្លូវដង្ហើម។ ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើងក្រោមវត្តមានអគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយនឹងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិជាច្រើន ។
ពិធីទទួលសព លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ត្រូវបានរៀបចំឡើងតាមបែបប្រពៃណីសាស នាព្រះពុទ្ធ ព្រមទាំងរៀបចំតាមបែបយោធាដោយក្បួនត្រែទ័ពផងដែរ ដើម្បីឱ្យសាកសមនឹងកិត្តិយស សេចក្តីអង់អាចក្លាហានរបស់កងទ័ព ក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វថែរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងមានសង្គ្រាម មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ គេហដ្ឋានរបស់លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងឱកាសនោះបានសម្ដែងនូវការសោកស្ដាយ និងបានចូលរួមរំលែកជាមួយនឹងក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិតនៅក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីនោះ។
សូមជម្រាបថា សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ។ សពលោកវរសេនី យ៍ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី និងទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៖០០នាទី។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិអ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។
យោងតាមរបាយការណ៍ គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១១រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី, និងប្រទេសយេម៉ែន៕