ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ វគ្គបណ្តុះបណ្តាលបានធ្វើឡើងក្រោមអធិបតីភាពរបស់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឯកឧត្តម ផាន អូន និងទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ លោកស្រី គង់ ដារ៉ែន ។
សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងដល់ស មាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីអនុវត្តច្បាប់ឱ្យបានយល់ដឹងកាន់តែទូលំទូលា យអំពីច្បាប់ស្តីពីការប្រកួតប្រជែងប្រកាសអន្តរក្រសួងចំនួន១, ប្រកាសចំនួន៣ និងសេចក្តីសម្រេចចំនួន១ ដែលរួមមានដូចជា ៖
១. ច្បាប់ស្តីពីការប្រកួតប្រជែង
២. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង
៣. ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង
៤. ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្ដោះអាសន្ន និង/ឬសេចក្ដីសម្រេចរបស់ គ.ប.ក.
៥. ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការផាកពិន័យជា ប្រាក់លើអំពើល្មើសនឹងច្បាប់ស្ដីពីការប្រកួតប្រជែងនិង
៦. សេចក្ដីសម្រេចស្តីពីបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ ចំពោះបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែងដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្កិសិទ្ធភាព ៕