ភ្នំពេញ ៖ បុរសអនិកជនខ្មែរ-អាមេរិក ដែលបានសម្លាប់ប្រពន្ធដោយការឆក់នឹងខ្សែភ្លើង ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅដល់ប្រទេសថៃហើយ គិតត្រឹមល្ងាចថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣ នេះ ។ សូមជម្រាបថា ហេតុការណ៍ឃាតកម្ម ដែលបុរសជាប្តីបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងហេតុការណ៍នោះ ស្រ្តីរងគ្រោះអាយុ ៣៨ឆ្នាំឈ្មោះកែវ ស្រីមុំ ត្រូវជនសង្ស័យជាប្ដី ឈ្មោះមូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានវាយ និងយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ រួចឡើងម៉ូតូជិះរត់គេចខ្លួនទៅបាត់ ។
យោងតាមការបញ្ជាក់ពីម្ដាយរបស់ជនរងគ្រោះ នៅមុនពេលកើតហេតុគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងស្រ្តីរងគ្រោះ និងបុរសជាប្ដី ។ តាមការបានឲ្យដឹងពីកូនស្រី ដែលនៅក្នុងហេតុការណ៍ជំលោះនោះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់ខ្លួនត្រូវបានឪពុកបានបានវាយដំ និងប្រើប្រាស់ខ្សែភ្លើងឆក់ រួចបម្រុងដឹកសពចេញ ។ ប៉ុន្តែក្រោយមានការផ្អើលឆោឡោពីប្រជាពលរដ្ឋដែលនាំគ្នាចូលទៅក្នុងផ្ទះមើលហេតុការណ៍ បាននាំឲ្យជនដៃដល់ទាញម៉ូតូហុងដា ស្កុបពី ជិះគេចខ្លួនទៅបាត់តែម្តង។ សពរបស់ជនរងគ្រោះត្រូវគេប្រទះឃើញដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថា ស្រ្តីរងគ្រោះបានស្លាប់បាត់ទៅហើយ ។
គេនៅមិនទាន់ដឹងថា មូលហេតុពិតប្រាកដដែលបណ្តាលឲ្យបុរសជាស្វាមី ឈានដល់ការសម្លាប់ស្រ្តីជាភរិយានោះ មានហេតុផលពិតយ៉ាងណានៅឡើយទេ ។ ប៉ុន្តែជំហានដំបូងមន្ត្រីសមត្ថកិច្ចបានដាក់ការសង្ស័យថា គឺបណ្តាលមកពីភ្លើងប្រច័ណ្ឌ ។ ការសង្ស័យនេះ ដោយយោងទៅតាមការឲ្យដឹងពីក្រុមគ្រួសារ ដែលបានឲ្យដឹងថា គ្រួសារនេះ ប្រពន្ធរស់នៅស្រុកខ្មែរ រីឯប្តីរស់នៅឯសហរដ្ឋអាមេរិក ។ បុរសជាប្តី តែងតែឈ្លោះរករឿងប្រច័ណ្ឌ នៅពេលមកស្រុកខ្មែរ និងជួនកាលឈ្លោះគ្នាតាមអនឡាញក៏មាន ។ ស្រាប់តែនៅវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តី មិនបានផ្តល់ដំណឹងប្រាប់មុនឡើយ ស្រាប់ តែឃើញមុខមកដល់ស្រុកខ្មែរតែម្តង ។
បច្ចុប្បន្ន មន្ត្រីសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកសាកសួររកមូលហេតុពិត និងធ្វើការផ្តន្ទាទោសតាមនិតិវិធីច្បាប់ ៕