ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាបឲ្យទាន់តាមផែនការ ។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ លើកឡើងនៅក្នុងពិធីរៀបចំខួងដាក់ទុយោមេទំហំ ២ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាងកើត ឆ្ពោះមកត្រើយខាងលិច នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមានសម្ពោធទឹកទាប ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែកខាងលិច និងខាងត្បូង រាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ ។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តឲ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងស្នើសុំទៅរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨% ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី២ ដែលនឹងរុញទឹកស្អាតស្របគ្នាទៅភាគខាងលិច ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកទេសរដ្ឋមន្រ្តី កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លើកឡើងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតបាក់ខែង កម្ពុជាបានកម្ខីឥណទានពី AFD ចំនួន ៨៥លានដុល្លារ និងពីធនាគារអឺរ៉ុប ចំនួន ១០០លានដុល្លារ ក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់ចំនួន ១៥លានដុល្លារ គឺជាឥណទានឥតសំណង។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃម្សិលមិញនេះ គណៈប្រតិភូប្រទេសបារាំងរួមមាន មន្រ្តីជាន់ខ្ពស់សមាជិកសភាបារាំង និង AFD, សហគមន៍អឺរ៉ុប, និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមាន គណៈកម្មាធិការសភាកម្ពុជា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៅការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុងនោះគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចស្ថានីយមូមទឹកឆៅបាក់ខែង នៅទន្លេមេគង្គ, ការទស្សនកិច្ចគម្រោងទឹកស្អាតបាក់ខែង និងការចូលរួមបើកការដ្ឋានខួង ដាក់បំពង់មេនាំទឹកស្អាតទំហំ ២ម៉ែត្រ ក្រោមបាតទន្លសាប៕