នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ បានចេញដំណើរពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ បើតាមការឲ្យដឹងពី នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងនោះមាន ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ លោកបន្តថា នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែលបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម ៕
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់បំពង់បង្ហូរទឹកស្អាត ទំហំ ១,៤ ម៉ែត្រ ក្រោមបាតទន្លសាប ដើម្បីបង្កើនការផ្គត់ផ្គងទឹកនៅក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាបឲ្យទាន់តាមផែនការ ។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ លើកឡើងនៅក្នុងពិធីរៀបចំខួងដាក់ទុយោមេទំហំ ២ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាងកើត ឆ្ពោះមកត្រើយខាងលិច នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមានសម្ពោធទឹកទាប ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែកខាងលិច និងខាងត្បូង រាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ ។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តឲ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងស្នើសុំទៅរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨% ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី២ […]