បាត់ដំបង៖ ធនាគារហត្ថា បានប្រកាសនៃការសម្រេចបានលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមានប្រាក់ចំណេញសុទ្ធចំនួន៧៣,៣៧៦លានដុល្លាអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុបចំនួន១.៣៣១លានដុល្លាអាមេរិក និងសំពាធឥណទានចំនួន ១.៩៣៦លានដុល្លាអាមេរិក ។
ការប្រកាសនេះធ្វើឡើងក្នុងពេលដែលធនាគារហត្ថា បានរៀបចំបើកមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២របស់ខ្លួន ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» នាទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រងរបស់ធនាគារហត្ថា សរុបប្រមាណ៥០០នាក់ ។
ការបើកមហាសន្និបាតនេះក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែល ធនាគារហត្ថា សម្រេចបាននៅឆ្នាំ២០២២ និងលើកទិសដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំរហូតសម្រេចបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ស្ថាប័ន ។
ទន្ទឹមគ្នានេះដែរ ក៏ដើម្បីរៀបចំជាវេទិកាមួយដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃធនាគារហត្ថាអាចជួបជុំសំណេះសំណាលក្រោមបរិយាកាសប្រកបដោយភាពសោមនស្សរីករាយ ក្នុងការបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារធនាគារហត្ថា ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការក្នុងឆ្នាំថ្មី ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលមហាគ្រួសារធនាគារហត្ថាយើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមានការដាក់ចេញនូវផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ការបន្តសហការជាមួយដៃគូអាជីវកម្ម និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យា Digital ប្រកបដោយនវានុវត្តន៍ ជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើប និងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត ។»
លោកឧកញ៉ា ហួត អៀងតុង បានបញ្ជាក់ថា ក្រៅពីសមិទ្ធផលខាងលើ ធនាគារហត្ថា បានសម្រេចនូវលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមាន ប្រាក់ចំណេញសុទ្ធចំនួន ៧៣,៣៧៦ លានដុល្លារអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុប ១.៣៣១ លានដុល្លារអាមេរិក និងសំពាធឥណទាន ១.៩៣៦លាន ដុល្លារអាមេរិក។
លោកឧកញ៉ា បានរំលេចឱ្យដឹងថា «ឆ្នាំ២០២២ កន្លងមកនេះ ចាត់ទុកថាជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្មរបស់ធនាគារហត្ថា ហើយក៏ជាឆ្នាំដែលយើងទទួលបានបទពិសោធន៍ល្អៗជាច្រើន ដែលផ្ដល់នូវមេរៀន និងនាវានុវត្តន៍ថ្មីៗ ដើម្បីបន្តពង្រឹងនិងពង្រីកអាជីវកម្មរបស់យើងឆ្ពោះទៅរកភាពថ្កុំថ្កើង និងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព។»
លោក បានបង្ហាញថា ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងអស់នេះបានលេចចេញជាផ្លែផ្កា កំឡុងពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមបណ្ដាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ដូចជាការយាយីមកលើខ្សែសង្វាក់ពាណិជ្ជកម្មពិភពលោកពីសំណាក់មេរោគកូវីដ១៩បំប្លែងថ្មី ទន្ទឹមពេលដែលវិស័យសំខាន់ៗទូទាំងពិភពលោកបាននិងកំពុងត្រូវបានស្រោចស្រង់ពីវិបត្តិកូវីដ១៩ផងដែរ ។ ដែលនេះសរបញ្ជាក់ឱ្យឃើញពីភាពឈ្លាសវៃនៃការដឹកនាំត្រួសត្រាយផ្លូវប្រកបដោយថាមវន្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារហត្ថា ការសាមគ្គីជាធ្លុងមួយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់ធនាគារហត្ថា ក្នុងនាមជាធនាគារចាស់ទុំ និងឈានមុខគេមួយរបស់ប្រទេសកម្ពុជា ។
លោកឧកញ៉ា ហួត អៀងតុង មានសង្ឃឹមយ៉ាងមុតមាំ និងនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា សមិទ្ធផលជាច្រើននឹងកើតឡើងក្នុងឆ្នាំថ្មីនេះ ហើយយើងទាំងអស់គ្នាប្រាកដជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការងាររបស់ខ្លួនដោយភាពអង់អាច ការប្តេជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើនអាជីវកម្មរបស់យើងឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ហើយនឹងនាំមកនូវភាពរុងរឿង កេរ្តិ៍ឈ្មោះល្បាញល្បី ភាពរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព ជូនដល់ធនាគារហត្ថា ដើម្បីសាងអនាគតដ៏ប្រសើរ។»
សូមបញ្ជាក់ថា ធនាគារហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត មកជាធនាគារពាណិជ្ជជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត៣០ឆ្នាំ ។ គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៤៣កន្លែង មានអតិថិជន បើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង១.៩ ពាន់លានដុល្លាអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង ១.២ ពាន់លានដុល្លាអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ ធនាគារហត្ថា មានសរុបជាង ១០០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ១៤0.00០ នាក់ ។ ធនាគារហត្ថា ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ។
បច្ចុប្បន្ន ធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ត៍និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក ៕
ប្រភព : ធនាគារហត្ថា