«គុយ» ជារុក្ខជាប្រភេទវល្លិ (លតាជាតិ) មួយប្រភេទ ដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម៉ែត្រ ។ ដើមគុយ មានសណ្ឋានជាឈើធំជាងលតាជាតិដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ គុយ ជារុក្ខជាតិដែលបន្តពូជដោយគ្រាប់ ដែលមានឈ្មោះជាភាសាខ្មែរហៅថា «វល្លិគុយ» និងមានឈ្មោះវិទ្យាសាស្ត្រ ហៅថា Willughbeia edulis Roxb ។
ផ្លែគុយនេះផងដែរ ត្រូវបានគេមើលឃើញថា ជាផ្លែឈើព្រៃដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ដោយ សារតែជាប្រភេទផ្លែឈើកំរ ពិបាករក និងជាទីចូលចិត្តនៃមនុស្សទូទៅ ។
គុយមានផ្លែតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលរដូវចេញផ្កាគឺនៅខែកុម្ភៈ ដល់ខែមីនា ។ ផ្លែគុយ នៅពេលទុំ មានរសជាតិជូរអែម ដែលជាទីចូលចិត្តនៃមនុស្សទូទៅ អ្នកដែលបានភ្លក្សរសជាតិផ្លែគុយម្តងហើយ តែងចង់បរិភោគម្តងទៀត ។ ផ្លែគុយ មានរាងមូល ឬរាងពងក្រពើ សាច់ផ្លែមានជាតិទឹកច្រើន និងជោទឹក ដែលមានសាច់នៅជាប់ជាមួយនឹងគ្រាប់តែម្តង និងមានសំបុរពណ៌លឿងពងមាន់ ដែលមានទំហំជាមធ្យម ៥.៨ ទៅ ៧.២ សង់ទីម៉ែត្រ ។ ផ្លែគុយមួយផ្លែ មានគ្រាប់ច្រើនដល់ ៤ទៅ៥គ្រាប់ ដែលគ្រាប់នីមួយៗមានប្រវែងទំហំប្រហែល ០.៨-១.២ ស.ម ។ សំបករបស់ផ្លែគុយក្រាស់ មានជ័រពណ៌សរស្អិតៗ ។ សំបកដើមគុយ មានសភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះតាមចម្រាក់ភ្នំ ។ ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួច និងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬរលកបន្តិច។ ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង មានលក្ខណៈក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោម មានលក្ខណៈគគ្រាត ។
គុយមិនត្រឹមតែមានផ្លែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេរាយការណ៍ថា រុក្ខជាតិប្រភេទនេះថែមទាំងមានគុណប្រយោជន៍ជាច្រើនទៀតផង ។ សំបកគុយដែលមានរសជាតិមិនល្វីង គេអាចស្ងោរយកទឹកផឹកសំរាប់ជាឱសថព្យាបាលអាការឈឺក្បាល ។ ចំណែកឬស របស់គុយនោះវិញ ដែលមានរសជាតិហិរ ត្រូវបានពលរដ្ឋនៃប្រទេសម៉ាឡេស៊ី គេយកទៅស្ងោរផឹក ជាឱសថព្យាបាលជំងឺខាន់លឿង ដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ ផឹកដើម្បីព្យាបាលឈឺបំពង់ក និងឈឺទ្រូង ទៀតផង ។ គេក៏អាចយកឫសរបស់វា ហាន់ល្អិតៗ ហើយប្រើជាឱសថព្យាបាលជំងឺខាន់លឿងចំពោះទារកផងដែរ ។ ចំណែក វល្លិ ដើម ឬឫស ស្ងោរផឹកជាថ្នាំព្យាបាលរោគរាគ ។ ឫស និងវល្លិ ក៏មានលក្ខណៈសម្បត្តិជាថ្នាំប៉ូវកំលាំង ផងដែរ ។ ដើមរបស់គុយ ត្រូវបានគេឲ្យដឹងថា គេយកទៅស្ងោរយកទឹកផឹក ជាឱសថព្យាបាលការក្រិនថ្លើម ជំងឺអាសន្នរោគ និងផឹកជាឱសថលើកកំលាំងជាដើម ។ បើតាមក្បួនឱសថបុរាណភាគខាងត្បូង នៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ ផងដែរ ។ ផ្លែគុយខ្ចី មានរសជាតិជូរ គេយកហាលឲ្យស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើជាថ្នាំព្យាបាលរបួស ។ ចំណែកផ្លែទុំ ដែលគេអាចបរិភោគបាន និងមានរសជាតិជូអែមឆ្ញាញ់នោះ អាចជួយរំអិលពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញចោលផងដែរ ។ ជ័ររបស់គុយ គេយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជាសះស្បើយ ។
សំរាប់ការប្រើប្រាស់គុយ ជាអត្ថប្រយោជន៍ប្រចាំថ្ងៃនោះវិញមានដូចជា៖
ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន ។
វល្លិត្រូវបានគេប្រើជំនួសខ្សែរសម្រាប់ចងរបស់របរ ។
ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម ៕