សៀមរាប ៖ ទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា ត្រូវបានពលរដ្ឋអ្នកខេត្តសៀមរាប នៅតែរក្សាបានយ៉ាងល្អ តាមទម្លាប់ពីបុរាណជារៀងរាល់ឆ្នាំនៅខែមាឃ មិនដែលអាក់ខានឡើយ។ ជាឧទាហរណ៍ជាក់ស្តែង ប្រពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ពួកគាត់តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតានោះ មិនដែលអាក់ខានឡើយ ។
យោងតាមទំនៀមទំលាប់ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិបានរួមគ្នាអភិរក្សត្រី មិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ ។
បើតាមការឲ្យដឹងពី មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះ ។ បើទោះជាទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ និងប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ក្នុងការចាប់ត្រីយកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃដែលពលរដ្ឋបានសម្រេចធ្វើការចាប់ត្រីរួមគ្នានោះ មានពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ។ ក្នុងវេលានៃការចាប់ផ្តើមចាប់ត្រីជុំគ្នានោះ ក៏មានបាញ់កាំជ្រួចធ្វើជាសញ្ញាផង ។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈ នៅក្នុងពីធីឡើងមាឃ ។ ដោយឡែកត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ លោកបានបញ្ជាក់ថា អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ ។ ក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។
យុវជនម្នាក់ យឿន ដារ៉ា អាយុ២៤ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគា្នក្នុងបឹងអភិរក្សនេះ ជាទំនៀមទម្លាប់របស់អ្នកភូមិបង្កោងតាំងពីបុរាណមក ។ ចំពោះលោកផ្ទាល់ លោកបានឃើញអ្នកភូមិធ្វើពីធីនេះតាំងពីលោកធំដឹងក្តីមក។ លោកបន្តថា ក្នុងមួយឆ្នាំអ្នកភូមិនៅទីនេះ អាចចាប់ត្រីរួមគ្នាបានតែម្តងប៉ុណ្ណោះ ដើម្បីយកត្រីទាំងនោះទៅធ្វើម្ហូបអាហារ ឬទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃនៅក្នុងភូមិ នេះក៏ជាការបង្ហាញឱ្យឃើញអំពីការរួបរួមសាមគ្គីភាពគ្នារវាងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ក្នុងនាមយុវជនជំនាន់ក្រោយ យុវជនរូបនោះ ប្តេជ្ញាបន្តថែរក្សាប្រពៃណីវប្បធម៌ ដែលដូនតាបានបន្សល់ទុកនេះជារៀងរហូត ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៍ទាំងរូបិយ និងអរូបិយ ដែលបន្សល់ពីដូនតាមក ។ ក្នុងនោះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ តែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនាជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយជាការបន្តនូវអត្តសញ្ញាណរបស់អង្គរឱ្យមានជីវិតរស់រវើក ៕