ពោធិ៍សាត់ ៖ ករណីសិស្សសាលាស្រីៗចំនួន ១៣នាក់ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅខេត្តពោធិ៍សាត់ ត្រូវមន្ត្រីមូលដ្ឋានសង្ស័យថា ដោយសារការខ្វះអាហាររូបត្ថម្ភ ឬមកពីការហូបមិនបានគ្រប់គ្រាន់ ប៉ុន្តែសិស្សសាលាទាំនោះបាននិយាយ គឺបណ្តាលមកពីការបន្លាចពីពពួកអមនុស្ស ដែលឲ្យពួកគេឃើញជារូបភាពផ្សេងៗដែលគួរឲ្យខ្លាច ។ សិស្សសាលាស្រីៗចំនួន ១៣នាក់ ដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ និង៣៥នាទី នាថ្ងៃទី៣ កុម្ភៈ ២០២៣ ព្រឹកមិញនេះ ។ សិស្សស្រីៗដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ ជាសិស្សស្រីសិស្សដែលរៀនរវាងពីថ្នាក់ទី៨ ដល់ថ្នាក់ទី១២ ។

សិស្សទាំងនោះ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ ប៉ុន្តែពួកគេបានរៀបរាប់ថា នៅមុនពេលដែលពួកគេបានដួលសន្លប់ ពួកគេបានមើលឃើញរូបភាពដែលគួរឲ្យខ្លាចនៅក្នុងបរិវេណសាលា ទើបបានធ្វើឲ្យពួកគេភ័យស្លន់ស្លោ និងដួលជាបន្តបន្ទាប់តែម្តង ។

បើតាមការឲ្យដឹងពីអធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឲ្យដឹង ដោយយោងតាមការសនិដ្ឋានពីក្រុមគ្រូពេទ្យថា សិស្សសាលាទាំង ១៣នាក់ ដែលបានដួលសន្លប់នោះ អាចបណ្តាលមកពីការខ្វះអាហាររូបត្ថម្ភ ដោយសារការហូបមិនបានគ្រប់គ្រាន់ ទើបបណ្តាលឲ្យកើតមានករណីដួលសន្លប់នេះកើតឡើង ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃអាទិត្យសប្តាហ៍នេះ ទាំងក្រុមការងារចុះស្រុកវាលវែង រួមនឹងនាយកសាលាលោកគ្រូអ្នកគ្រូ និងអាណាព្យា បាលសិស្សទាំងអស់ នឹងរៀបចំធ្វើពិធីសែនព្រេនតាមបែបព្រហ្មញ្ញសាសនា ដើម្បីសុំសេចក្តីសុខកុំអោយកើតមានបែបនេះទៀត ។
លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងបន្ថែមទៀតថា មកដល់ពេលនេះស្ថានភាពរបស់សិស្សសាលាស្រីៗទាំងអស់នោះ មានសុខភាពប្រសើរឡើងវិញអស់ហើយ ៕

