ព្រះសីហនុ ៖ មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និង៣នាក់បានរងបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ឆេះក្លិបកំសាន្តមួយកន្លែង នៅកណ្តាលក្រុងព្រះស៊ីហនុ កាលពីយប់មិញ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្លិបកំសាន្តJULIE&ANNA TOKYO នៅម្តុំឧតុនិយម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានរងការឆេះនៅវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។ ហេតុការណ៍អគ្គិសភ័យនោះ បានបណ្តាលឲ្យបុរសជាជាងផ្សារដែកម្នាក់ និងស្ត្រីជាមេការម្នាក់ទៀត បានរងការឆេះរលាករលួយស្បែកនិងបានស្លាប់ស្លាប់បាត់បង់អាយុជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ។ ក្រោយកើតហេតុភ្លាម គេឃើញមនាវត្តមាន អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងក្រុង រួមនឹងសមត្ថកិច្ចស្នងការនិង មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ បានចុះទៅអន្តរាគមន៍និងការពារនៅកន្លែងកើតហេតុ។ មនុស្ស២នាក់ ដែលស្លាប់ និង៣នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណដែលមានដូចជា៖
១- ស្រី្ត អាយុ ១៨ឆ្នាំ ឈ្មោះ ហ៊ន ស្រីវ៉េត មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានស្លាប់ ។
២- បុរស ឈ្មោះ ភន មករា មានស្រុកកំណើតភូមិសំរោងខាងកើត ឃុំគោកព្រិច ស្រុកគីវង់ ខេត្តតាកែវ, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បានស្លាប់ ។
៣- បុរស ឈ្មោះ ណន រតនះ អាយុ២០ឆ្នាំ ស្រុកកំណើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។
៤-ស្រ្តី ឈ្មោះ ប្រាក់ សារ៉ូ អាយុ ៣៤ឆ្នាំ ជាបុគ្គលិក មានទីលំនៅក្រុម១ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ រងរបួសស្រាល។
៥-ស្រ្តី ឈ្មោះ វង្ស សារុំ អាយុ ២៣ឆ្នាំ ជាបុគ្គលិកក្លិប មានទីលំនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រងរបួសស្រាល ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់អគ្គីភ័យនោះបានបង្កឡើងដោយការផ្សារដែកនៅក្នុងក្លិប ខណៈដែលក្លិបនោះកំពុងសាងសងបណ្តើរ និងបើកដំណើរបណ្តើរ។ ខណៈពេលជាងកំពុងផ្សារដែកនោះ មានផ្កាភ្លើងបានប៉ើងខ្ទាតទៅប៉ះក្រណាត់ និងសាឡុងអេប៉ុង ដែលនាំឲ្យមានជាអគ្គិសភ័យឆាប់ឆេះតែម្តង។ នៅម៉ោងជិត១០យប់ អគ្គិសភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុង ដោយកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តព្រះសីហនុ ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ៕