ភ្នំពេញ ៖ ស្តូប «រូបពីរ» ដែលស្ថិតនៅខាងត្បូងរង្វង់មូលជ្រោយចង្វា ទល់មុខស្ថានទូតបារាំង ដែលរំលឹកដល់អតីតយុទ្ធជនកម្ពុជា និងបារាំង ដែលបានធ្វើសង្គ្រាមរួមគ្នាក្នុងអតីតកាលសង្គ្រាមលោកលើកទី១ ត្រូវបានបុកគ្រឹះកសាងឡើងវិញហើយ ។ ស្តូប រូបពីរ ចាស់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៥ ត្រូវបានបំផ្លាញដោយដោយការដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោលដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុល ពត នៅឆ្នាំ១៩៧៧ ដែលជាមូលហេតុនាំឲ្យមិនមានរូបរាងស្តូប រូបពីរនោះ ចាប់តាំងពីពេលនោះមក។ ពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ស្តូប រូបពីរ ឡើងវិញនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី២៥ មករា ២០២៣ ម្សិលមិញ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសបារាំងលោក អូលីវីយ៉េ បិច Olivier Becht ។ ក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោកជំទាវ ភឿង សកុណា, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន, អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងមន្ត្រីពាក់ព័ន្ធជាតិ និងអន្តរជាតិនានាជាច្រើននាក់ទៀតផងដែរ ដែលបានអញ្ជើញចូលរួម ។
ការសាងសង់ស្តូប «រូប២» សាឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង កាលពីខែធ្នូ ឆ្នាំ២០២២ ក្នុងទីក្រុងប៉ារីស។
ស្តូប «រូបពីរ» គឺជារូបសំណាកអនុស្សាវរីយរំលឹកវិញ្ញាណក្ខន្ធអតីតទាហានខ្មែរ និងទាហាន បារាំង ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១រវាងពីឆ្នាំ១៩១៤ ដល់១៩១៨។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងក្នុងពិធីបុកគ្រឹះសាងសង់ស្តូប «រូបពីរ» ថ្មីថា ការសាងសង់វិមាននេះសាឡើងវិញ គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់យុទ្ធជនស្ម័គ្រចិត្តខ្មែរ ចំនួន ១៥១នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ នៅប្រទេសបារាំង។ លោកបានបញ្ជាក់បន្ថែមថា សំណង់វិមានដែលនឹងលេចចេញជារូបរាងឡើង នាពេលខាងមុខ គឺជាការបង្ហាញនូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង កិច្ចសហ ប្រតិ បត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំងផងដែរ។
រដ្ឋមន្ត្រីបារាំង លោកអូលីវីយ៉េ បានថ្លែងក្នុងឳកាសនោះរំលឹកថា «បារាំងទទួលបានជ័យជំនះ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩១៨ ដោយមិនភ្លេចចំពោះអ្នកបានពលីក្នុងភ្លើងសង្គ្រាមនោះទេ»។ លោកបានបន្តទៀតថា ដូច្នេះហើយទើបអាជ្ញាធរបារាំង និងឥស្សរជនខ្មែរ បានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើង ដែលស្ថិតនៅទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ ដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ព ទៅជួយច្បាំងបារាំងអំឡុងសង្គ្រាមលោកលើកទី១ ៕