ខេត្តកំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានបើកវគ្គជំនាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។ វគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យទូទៅនេះ បានធ្វើពិធីបើកនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញជាអធិបតីដោយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ។
លោក ហេង រតនា ក្នុងពិធីនោះ បានថ្លែងថា វគ្គជំនាញគរុកោសល្យទូទៅដល់សិក្ខាកាម ដែលជាគ្រូបច្ចេកទេសនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនស៊ីម៉ាក់កម្ពុជា នាពេលនេះ គឺក្នុងគោលបំណងដើម្បីធ្វើការហ្វឹកហ្វឺន កសាង និងបង្កើនសមត្ថភាព គុណភាពដល់គ្រូ របស់ស៊ីម៉ាក់ ដើម្បីពង្រឹងសមត្ថភាពពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥ ។ លោកបានបន្តថា ការធ្វើជាគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ អោយបានច្បាស់លាស់ សម្រាប់អនាគតខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិផងដែរ ។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ លើទេពកោសល្យ គរុកោសល្យ ដើម្បីក្លាយខ្លួនទៅជាគ្រូល្អ សម្រាប់នាថ្ងៃអនាគត ក៏ដូចជាសម្រាប់ឆ្នាំ ២០២៥ ដែលមជ្ឈមណ្ឌលវិទ្យាស្ថាន សកម្មភាពកំចាត់មីន នឹងទទួលបានអាគារថ្មីៗ ជាច្រើនទៀតសម្រាប់បន្តសក ម្មភាពទៅថ្ងៃអនាគត ។
ប្រធានវិទ្យាស្ថានបច្ចេកទេសកម្មភាពកំចាត់មីន លោក ម៉ុង សុគន្ធារ័ត្ន បានបញ្ជាក់ឲ្យដឹងថា វគ្គសិក្សានេះមាន រយៈពេល ៨សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី១៣ ខែមីនា ដែលមានសិកាកាមចំនួន ៦០នាក់ ស្ត្រី ៩នាក់ ដែលមកពីបណ្ដាអង្គភាពនានា ចំណុះឲ្យអង្គភាពស៊ីម៉ាក់ទាំងមូល ដែលវគ្គសិក្សានេះបានចែកចេញជា ២ថ្នាក់ ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា លោក ហេង រតនា បានសន្យាថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់សិក្ខាមណាដែលបានប្រឡងជាប់មាននិ ទ្ទេសល្អឆ្នើម ក្នុងវគ្គបណ្ដុះបណ្ដាលគរុកោសល្យនាពេលនេះ ។
ក្នុងឱកាសនោះ នាយកវិទ្យាស្ថាន គរុកោសល្យ រាជធានីភ្នំពេញ លោក បណ្ឌិត សិត សេង បានមានប្រសាសន៍ថា ដើម្បីក្លាយខ្លួនជាគ្រូ ដែលមានទេពកោសល្យ ក្នុងការបង្រៀនបានល្អ ត្រូវដឹងពីស្ថានភាពសិស្ស របស់យើង តើគេគិតអ្វី? មានបំណងអ្វី? លោកបានបង្ហាញក្តីសង្ឃឹមថា គ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ដែលបានចូលវគ្គសិក្សា និងក្លាយខ្លួនជាសិក្ខាកាម នៅថ្ងៃនេះ នឹងទទួលបាននូវមូលដ្ឋានគ្រឹះល្អ បទពិសោធន៍ល្អ ដឹងអំពីការគ្រប់គ្រងថ្នាក់រៀន និងកម្មវិធីសម្រាប់បង្រៀន ជាពិសេសត្រូវប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ៕