បាត់ដំបង៖ “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង” គឺជាប្រ ធានបទនៃសិក្ខាសាលា ដ៏មានសារសំខាន់មួយ ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង ។ គោលបំណងចំបងនៃការរៀបចំអង្គសិក្ខាសាលានេះឡើង ដើម្បីសិក្សាស្វែងយល់បន្ថែមពីប្រ ភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញរបស់ខេត្ត ។
សិក្ឋាសាលានេះបានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៩ ធ្នូ ២០២២ ម្សិលមិញ ក្រោមការអញ្ជើញចូលរួមបើកកម្មវិធី ដោយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ។ សិក្ខាសាលានេះផងទៀត មានការសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកលវិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស, សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់ អុកស៊ីតានី សាធារ ណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។
ខេត្តបាត់ដំបង ត្រូវគេបានស្គាល់គ្រប់គ្នាថា មិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំ ណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែងប្រមាណជាង ៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអា ណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងផងដែរ ។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ក្នុងពិធីបើកកម្មវិធីនោះបានមានប្រសាសន៍ថា ការអភិរក្សសំណង់បេតិកភណ្ឌ ក្រុងបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ក្នុងតំបន់ និងភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបងមានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះផ្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិ ត្រូវការទស្សនា និងសិក្សាស្វែងយល់លើសំណង់ទាំងនោះ ។
ឯកឧត្តមបានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង និងតំបន់ អុកស៊ីតានី នៃសាធារណរដ្ឋបា រាំង បានគ្រោងរៀបចំសិក្ខាសាលានេះ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្អាកអស់រយៈពេល២ឆ្នាំ។
ទាក់ទងនឹងសិក្ខាសាលានាពេលនេះត្រូវបានឯកឧត្តម អភិបាលខេត្ត បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តបាត់ដំបង ជាការបង្ហាញឲ្យឃើញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង ៕