រទេះគោ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់សឹងតែគ្រប់គ្នា ជាពិសេសប្រជាកសិករប្រកបរបធ្វើសែ្រចម្ការ ដែលពួកគាត់តែងយកទៅប្រើប្រាស់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូន ដូចជា ដឹកស្រូវ ដឹកអង្ករ ដឹកចម្បើង ដឹកកណ្តាប់នោះជាដើម ។ យោងតាមប្រវត្តិវិទូ រទេះគោបានមានវត្តមាននៅលើទឹកដីមាតុភូមិកម្ពុជា និងប្រជាជនខ្មែរបានចេះប្រើរទេះគោតាមឥណ្ឌាចាប់តាំងពីសតវត្សទីនៃគ្រិស្តសករាជមកម្លេះ ក៏ព្រោះតែការនិយមពីជនជាតិខែ្មរក្នុងការធ្វើជាយានជំនិះទៅទីជិតឆ្ងាយនៃអ្នកស្រុកនៅសម័យនេះ និងពលរដ្ឋភាគច្រើនជាកសិករផង។ រទេះគោ គឺជាសម្បត្តិបេតិកភណ្ឌជាតិដែលកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំមកហើយ គឺជាស្នាដៃបុព្វបុរសខ្មែរ ជាក់ស្ដែងដូចមានរូបចម្លាក់នៅលើប្រាសាទបុរាណមាន រទេះគោ រទេះសាឡីសម្រាប់ព្រះរាជា រទេះសេះចម្បាំង និងរទេះដឹកកាំភ្លើងធំជាដើម។
បើតាមការឲ្យដឹងពីប្រវត្តិវិទូខ្មែរលោកបណ្ឌិត មីសែល ត្រាណេ ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ ដោយសារស្ថិតក្រោមឥទ្ធិពលនៃវប្បធម៍ឥណ្ឌា ខ្មែរក៍បានខ្ចីយានជំនិះនេះពីពួកឥណ្ឌាមកប្រើប្រាស់ ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ.ស មកម្លេះ ។ ហើយប្រវត្តិនៃរទេះគោនេះ ត្រូវបានអ្នកប្រវត្តិវិទូគូសបញ្ជាក់ថា បានមានវត្តមានក្នុងប្រទេសឥណ្ឌា តាំងពីសម័យវេទនិយមមកម្លេះ ពោលគឺរវាង ១៧០០ ឆ្នាំមុន គ.ស ដែលតាមរយៈឯកសារជាសំណេរដោយផ្ទាល់ដៃមួយចំនួនដូចជា គម្ពីរមនោគមន៍វិជ្ជាសាសនា និងក្បួនបច្ចេកទេសដូចជា ក្បួនសង្រ្គាមសាស្រ្តជាដើម ។ នៅក្នុងប្រទេសឥណ្ឌានាសម័យនោះ មានរទេះពីរប្រភេទ គឺរទេះគោសម្រាប់ដឹកជញ្ជូន និងរទេះសេះសម្រាប់ធ្វើសឹកសង្រ្គាម ។ រូបភាពរបស់រទេះ ត្រូវបានគេឆ្លាក់នៅលើថ្ម ចាប់តាំងពីឆ្នាំ ១២៥ នៃគ.ស មកម្លេះ ដែលមាននៅលើប្រាសាទក្នុងតំបន់អង្គរជាដើម។ លក្ខណៈសម្បត្តិរបស់រទេះឥណ្ឌា គឺរទេះនោះ ថ្វីដ្បិតតែទម្រង់បានផ្លាស់ប្តូរតាមយុគ្គសម័យកាលក៍ដោយ ក៍ប៉ុន្តែនៅតែប្រើកង់ពីរដូចបុព្វសម័យដែរ ។
លោក មីសែល ត្រាណេ បានឲ្យដឹងទៀតថា នាសម័យបុរេអង្គរ ក៍ដូចជាសម័យអង្គរ រទេះគោខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ មិនគ្រាន់តែផ្នែកសង្គមកិច្ចពាណិជ្ជកម្មប៉ុណ្ណោះទេ ក៍ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ ។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ នៃគ.ស យើងអាចឃើញយ៉ាងច្បាស់ថា រទេះសេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ប្រថាប់ពីលើនោះ គឺជាសញ្ញាណតំណាងនូវព្រះអាទិត្យ ឬព្រះសុវិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់ ។
រទេះគោ និងរទេះសេះ ត្រូវបានជនជាតិខ្មែរពេញនិយមក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរន្ម័នទី៧ បើយើងពិនិត្យលើវិស័យបដិមាសាស្រ្តបុរាណ ។ ការស្រាវជ្រាវខាងបុរាណវិទ្យា បានបញ្ជាក់ឱ្យដឹងថា ក្នុងវប្បធម៌ខ្មែរបែបព្រាហ្មញ្ញសាសនា កង់រទេះ ឫកងចក្រ គឺជាអាវុធដ៍ស័ក្កិសិទ្ធិ របស់ព្រះនរាយណ៍ ហើយវាក៍ជាសញ្ញាតំណាងនៅពេលវេលា ដូចជាខែ និងរដូវដែលមានក្នុងមួយឆ្នាំៗ ។ មួយវិញទៀត នៅក្នុងការរសម្តែងក្បួនរទេះ ដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារត ឬក៍ក្នុងជាតកបែបពុទ្ធនិយម គេក៍ឃើញមានការនិយមនូវរទេះសេះដែរ ។
ដូចនេះ ជនជាតិខ្មែរបានស្គាល់រទេះគោ និងនិមិត្តរបស់វាយ៉ាងច្បាស់លាស់តាំងតែពីសម័យបុរេអង្គរ ជាពិសេសក្នុងសម័យវប្បធម៌នគរគ្នំ ដូចជាសំណល់កង់រទេះ នៅកម្ពុជាក្រោម និងវត្ថុជាច្រើនដែលគេបានជួបប្រទះជាសក្ខីភាពស្រាប់។ ជាក់ស្តែង តាំងពីដើមសតវត្សរ៍ទី១ រហូតដល់សព្វថ្ងៃ រទេះគោនៅតែពេញនិយមក្នុងទឹកដីនៃព្រះរាជណាចក្រកម្ពុជាយើង ដូចជាវត្តមានរបស់កាក់ ដែលមានឆ្លាក់មនុស្សជិះពីលើនៅទីក្រុងអង្គរបុរី ។ ម្យ៉ាងវិញទៀត គេក៍បានរកឃើញនូវដុំឈើនៃរទេះគោមួយចំនួន នៅក្នុងតំបន់ដែនដីសណ្ត កម្ពុជាក្រោមផងដែរ ។ ក៍ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺសេះត្រូវបានប្រើប្រាស់តាំងពីមុនសម័យនគរភ្នំម្លេះ ដូចករណីចម្លាក់លើចិញ្ចៀននៅស្ថានីយ៍ព្រហារ នៅខេត្តព្រៃវែង ជាសក្ខីកម្មស្រាប់ ។ គត្តាមួយទៀត ដែលគួរគប្បីតម្រូវអោយយើងត្រូវស្រាវជ្រាវបន្តទៀត គឺភាពខុសប្លែកគ្នារវាងរទេះគោខ្មែរ និងរទេះគោឥណ្ឌា ព្រោះថា ជុំវិញបញ្ហានេះ យើងនៅមានភាពស្រពិចស្រពិលមួយចំនួនដែលពុំអាចនាំអោយយើងបកស្រាយបានត្រឹមត្រូវនៅឡើយ ។ ទោះជាយ៉ាងក៏ដោយ អ្នកស្រាវជ្រាវនៅតែមានការសង្ស័យនៅឡើយ ទាក់ទងនឹងជនជាតិខ្មែរនាសម័យហ្វូណន អំពីការផលិតកាំរទេះសេះ ឫរទេះគោ ជាពិសេសគ្រឿងតុបតេងសេះចំបាំងខ្មែរ ប្រហែលជាបានទទួលឥទ្ធិពលពីចិន ច្រើនជាងឥទ្ធិពលឥណ្ឌា ។