សៀមរាប ៖ មណ្ឌលព្រះកម្មដ្ឋាន « ព្រះករុណា ព្រះមហាក្សត្រ សីហមុនី » ដ៏ធំមួយនៅខេត្តសៀមរាប បានដាក់ឲ្យដំណើរការប្រើប្រាស់ហើយ ក្រោមការស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ។ មណ្ឌលព្រះកម្មដ្ឋាន«ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ស្ថិតនៅលើផ្ទៃដីទំហំជាង ៤,០០០ម៉ែត្រការ៉េ ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីប្រាសាទអង្គរតូច ឬប្រហែល ៣គីឡូម៉ែត្រ ពីប្រាសាទអង្គរធំ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប។ មណ្ឌលព្រះកម្មដ្ឋាននេះ បានផ្តួចផ្តើមកសាងឡើងដោយ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដែលបានចាប់ផ្តើមកសាងដំបូង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។
ព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន« ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» នេះ ត្រូវបានគេរៀបចំធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាននោះផងដែរ ។
ក្នុងព្រះរាពពិធីបុណ្យនោះដែរ ព្រះមហាក្សត្រទ្រង់ បានមានព្រះរាជបន្ទូលប្រទានពរមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ឲ្យមានដំណើរការប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀត ពីគ្រប់ជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមចំណែកថែរក្សាការពារ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា។
ព្រះមហាក្សត្រ ទ្រង់ព្រះមានបន្ទូលបន្តថា៖«មណ្ឌលព្រះកម្មដ្ឋាននេះ ស័ក្តិសមប្រពៃណាស់ ដែលត្រូវបានសាងសង់នៅទីនេះ ព្រោះជាភូមិឋានត្រជាក់ត្រជំក្នុងរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប»។
អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តទៀតផងដែរថា៖« មណ្ឌលព្រះកម្មដ្ឋាននេះ នឹងផ្តល់នូវភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទទាំងឡាយ ដែលប្រាថ្នានូវសេចក្តីស្ងប់ តាមរយៈព្រះធម៌ដ៏ឧត្តុង្គឧត្តម ដែលព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គបានផ្តល់ឱវាទថា៖ មិនមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ ។ សេចក្តីស្ងប់ ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំចំពោះពុទ្ធបរិស័ទ ដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមព្រះធម៌វិន័យ»។
ព្រះមេគណគណៈធម្មយុត្តិកនិកាយប្រចាំខេត្តសៀមរាប ព្រះគ្រូធម្មកវីវង្ស នង មានវោ ដែលមើលការខុសត្រូវលើការងារសាងសង់ផ្សេងៗ មានថេរដីកាប្រាប់បណ្តាញសារព័ត៌មានថា រហូតដល់ពេលនេះមណ្ឌលព្រះកម្មដ្ឋានត្រូវបានសាងសង់សមិទ្ធផលសម្រេចមួយចំនួនធំ ដូចជា សាលាបុណ្យធំ១ អគារដែលមានទំហំ ៣៩២ម៉ែត្រការ៉េ កុដិ ២អគារ បង្គន់អនាម័យ២ និងផ្ទះបាយ ១អគារ ។ នៅក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន« ព្រះករុណា ព្រះមហាក្សត្រ សីហមុនី »នោះផងដែរ ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យថវិកាចំនួន ៥,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពរបស់មណ្ឌលព្រះកម្មដ្ឋាននោះផងដែរ៕