បាត់ដំបង ៖ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំសំពៅ ដែលអ្នកស្រុកនៅទីនោះ តែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ។ មូលហេតុដែលនាំអោយអ្នកស្រុក ហ្វូងប្រជៀវទាំងនោះដូចច្នេះ ពីព្រោះការហោះហើររបស់ពួកវា ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ហ្វូងប្រជៀវទាំងនោះ ត្រូវបានគេអោយដឹងថា ជារៀងរាល់ថ្ងៃ នៅមុនពេលសូរិយារៀបអស្តង្គត់ គឺនៅចន្លោះម៉ោង ៥ និង ៣០នាទី ដល់ម៉ោង ៦ និង១៥នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ ទស្សនីយភាពដ៏អស្ចារ្យនេះ បានបង្កប់នូវមន្តស្នេហ៍ដ៏អាថ៌កំបាំងដែលអ្នកបានទៅលេងកំសាន្តហើយ នៅតែមានអារម្មណ៍អាលោះអាល័យនិងមិនចង់ត្រលប់មកវិញ។
បើតាមសេចក្តីរាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់នាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង និងពួកគេទាំងនោះសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យនេះ ។ បច្ចុប្បន្នហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវ គឺមានការពិបាក ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អជាងមុនហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។
សត្វប្រជៀវមានអត្ថប្រយោជន៍ និងមានសារសំខាន់ខ្លាំងណាស់ ដូចជា៖ ជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំរបស់កសិករ និងអាចម៍របស់វាគេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។
ដោយសារវត្តមានភ្ញៀវទេសចរនេះហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។ បើនិយាយពីសេវាដឹកជញ្ជូនវិញ នៅភ្នំសំ ពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរទេស ចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ និងកម្លាំងប្រជាការពារឃុំ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរៀបចំថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និង មកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ៕