បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារជំនាញបច្ចេក ទេសតាមស្ថាប័ន និងមន្ទីរវិស័យ រួមជាមួយរដ្ឋបាលស្រុក ក្រុងនៃខេត្តបាត់ដំបង ចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើការវាយតម្លៃអំពីវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមជ្ឈមណ្ឌលនេះ គ្រោងនឹងធ្វើការសម្ពោធបើកឱ្យដំ ណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១៥ ហ.ត មានរយៈពេល ៦ខែកន្លងមកហើយ និងសម្រេចលទ្ធផលជិត ១០០%ហើយ ។ ឯកឧត្តម បានបន្តថា រហូតមកដល់ពេលនេះ បានសាងសង់រួចរាល់នូវអគាការិយាល័យរដ្ឋបាល អគារបន្សាប អគារអប់រំផ្លូវចិត្ត អគារអាហារដ្ឋាន អគារស្នាក់នៅរួមចំនួន ២អគារ អគារស្នាក់នៅដាច់ដោយឡែកចំនួន ១អគារ និងមានគ្រែចំនួន៤០០ ហើយមានគម្រោងនឹងធ្វើការពង្រីកអគារបន្ថែមទៀត បើជនរងគ្រោះដោយសារគ្រឿងញៀនមានការកើនឡើង ។
ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន បានបន្តថា ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននានា ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង និងអង្គភាពពាក់ព័ន្ធ ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានលើកទឹកចិត្តនិងគាំទ្រឱ្យរៀបចំមជ្ឈមណ្ឌលនេះ ក្លាយជាមជ្ឈមណ្ឌលស្តង់ដាគំរូមួយរបស់ខេត្តបាត់ដំបង និងទូទាំងប្រទេសកម្ពុជា មានប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំ គ្រប់គ្រងបន្សាប និងស្តារនិតិសម្បទាដល់អ្នកញៀនគ្រឿងញៀន ។ ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើអាណាព្យាបាល ឬក្រុមគ្រួសារ មានកូនចៅសាច់ញាតិ ដែលបានប្រើប្រាស់គ្រឿងញៀន អាចយកគាត់មកផ្ញើរនៅមជ្ឈមណ្ឌល ដើម្បីទទួលបានការអប់រំផ្នែកផ្លូវចិត្ត បន្សាបព្យាបាល អប់រំបំណិនជីវិត រៀនជំនាញវិជ្ជាជីវៈផ្សេងៗដូចជា ជាងរថយន្ត ជាងតុ ទូ ជាងម៉ាស៊ីនត្រជាក់ ជាងភ្លើង ទូរស័ព្ទ កាត់សក់ ផ្នែកកសិកម្ម កុំព្យូទ័រនិងភាសាអង់គ្លេសជាដើម ឬអាចទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៩៦០ ០១៦ ឬ០៨៥ ៩៩៦ ០៦០ ០៨១ ៩៩៦ ០៦០ ។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានចាត់ទុកថា ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺជាការវិនិយោគមួយដ៏ធំ ដើម្បីជួយដល់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាជួយដល់សង្គម ។ ឯកឧត្តម បានបន្តថា សម្តេចក្រឡាហោម ស ខេង តែងតែសួរនាំអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទាអ្នកញៀនគ្រឿងញៀន ដែលនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសម្តេចលើមជ្ឈមណ្ឌលនេះ ដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រឿងញៀន និងបានស្តារនីតិសម្បទាពួកគាត់ឡើងវិញ ។
ឯកឧត្តម បានបន្តថា រហូតមកដល់នឹងពេលនេះ បញ្ហាគ្រឿងញៀនបាននឹងកំពុងតែលុកលុយរាលដាលនៅក្នុងស្រទាប់ប្រជាពលរដ្ឋយើងមួយចំនួន មិនថានៅទីក្រុង ឬតំបន់ជនបទនោះទេ បញ្ហានេះបានកើតឡើងដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើការដោះស្រាយ ។
ឯកឧត្តម សុខ លូ បានបន្តថា កន្លងមកខេត្តបាត់ដំបង មានមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅស្រុកបវេលមួយកន្លែង តែបច្ចុប្បន្នទីតាំងនោះមានភាពចង្អៀតទៅហើយ ហើយមជ្ឈមណ្ឌលថ្មីដែលទើបនឹងកើតនេះ ត្រូវបានឯកឧត្តម អភិបាលខេត្តបាត់ដំបង ក្នុងនាមសម្តេចក្រឡាហោម បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមជ្ឈមណ្ឌលនេះឡើង ក្នុងគោលបំណង ដើម្បីជួយស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀន ព្រោះការវិនិយោគមជ្ឈមណ្ឌលនេះបានជួយដល់សង្គមបានច្រើន អ្វីដែលសំខាន់សូមធ្វើការពង្រឹងឱ្យដំណើរការទៅប្រកបដោយរលូន ៕