ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងនឹងមានការរៀបចំកម្មវិធីពិសេស ពិធីបុណ្យរដូវរំហើយ ឆ្នាំ 2022នៅទឹកដីស្រុកកំពង់លែង ក្នុងបរិបទទទួលស្វាគមន៍ពុកម៉ែ បងប្អូនជនរួមជាតិខ្មែរមកពីទីជិតឆ្ងាយទាំងអស់ទាំងអស់ក្នុងការទទួលយកនូវបទពិសោធន៍នៃការកម្សាន្តបុណ្យមួយដែលបន្សល់ទុកពីដូនតាខ្មែរយើងពីបុរាណមក ។
នៅក្នុងកម្មវិធីបុណ្យរដូវរំហើយនេះមានការលេងល្បែងកម្សាន្ត តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចជាមួយនឹងកម្មវិធីជាច្រើនរួមមានការដង្ហែរក្បួនភោគផលដ៏ធំ ការដាល់អំបុក ការបង្ហោះខ្លែង ទស្សនីយភាពសម្តែងសិល្បៈប្រពៃណីខ្មែរ ការប្រគុំតន្រ្តី ការបង្ហោះគោមចំនួន 2023 ការបាញ់កាំជ្រួច និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត ។ ព្រឹត្តិការណ៍ពិធីបុណ្យរំដូវរំហើយឆ្នាំ 2022នឹងមានការឆ្លុះបញ្ចាំងអំពីការថែរក្សាមរតកប្រពៃណីតាំងពីបុរាណកាលមក គឺការប្រមូលកសិផល ដំណាំស្រូវ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ថែរក្សា និងអភិរក្សនូវប្រពៃណីទំនៀមទម្លាប់ពីបុរាណកាលជាយូរលង់ណាស់មកហើយ ក៏ដូចជាការបង្កលក្ខណៈសប្បាយរីករាយក្នុងពេលដែលប្រជាពលរដ្ឋកំពុងប្រមូលផលស្រូវ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិធីបុណ្យរំដូវរំហើយនេះនឹងរៀបចំឡើងនាថ្ងៃទី 17 និង18 ខែធ្នូ ឆ្នាំ2022 នៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយមានការរៀបចំ និងឧបត្ថម្ភដោយមូលនិធី ING FOUNDATION និងសហការដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងផងដែរ ។
ប្រភព ៖ ហ្វេសប៊ុកផេកបុណ្យរដូវរំហើយ