ភ្នំពេញ ៖ ផ្សារទំនើប Makro ជ្រោយចង្វារ សាខាទី៣ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ធ្នូ ២០២២ នេះ ។ ផ្សារទំនើបម៉ាក្រូ សាខាទី៣នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A, ភូមិបាក់ខែងលើ, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពីធីសម្ភោធផ្សារ Makro ជ្រោយចង្វារ សាខាទី៣ ដែលធ្វើឡើងនៅព្រឹកមិញនេះ បានអញ្ជើញចូលរួមជាអធិបតីដោយ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ផ្សារទំនើប Makro គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ ដំបូងគេបំផុតនៅកម្ពុជា ។ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ភោធផ្សារទំនើបថ្មីមួយទៀត នាព្រឹកមិញ នេះ បានថ្លែងថា «ការចូលរួមចំណែករបស់វិស័យឯកជន ជាកត្តាមួយយ៉ាងសំខាន់សម្រាប់ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅសាខាទាំងបីរបស់ក្រុមហ៊ុនម៉ាក្រូបុគ្គលិក ៩៨% ជាជនជាតិខ្មែរ ហើយមុខទំនិញដែលដាក់លក់នៅក្នុងផ្សារនេះជាង ៩០% ជាផលិតផលក្នុងស្រុក»។
ផ្សារទំនើបម៉ាក្រូ Makro ជ្រោយចង្វារ សាខាទី៣នេះ ត្រូវបានវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២លាន ៧សែនដុល្លារអាមេរិក ។ ផ្សារទំនើប Makro នៅសង្កាត់បាក់ខែង ជាសាខាទី៣ហើយ របស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ដែលសាខាថ្មីនេះ បានបង្កើតការងារដល់ពលរដ្ឋបានចំនួន ១៦១កន្លែង។
ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED បានបង្កើតផ្សារទំនើប Maro នេះ បានចំនួន ២ទីតាំងរួមមកហើយ គឺទី១ សាខាខណ្ឌសែនសុខ និងសាខាទី២ នៅខេត្តសៀមរាប ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលប្រចាំប្រទេសថៃ ក្នុងទំហំទឹកប្រាក់ ២លានដុល្លារ រវាងក្រុមហ៊ុនថៃ Siam Makro និងក្រុមហ៊ុនកម្ពុជា LYP Group Company Limited ដោយវិនិយោគលើផ្សារ Makro ដែលគេចាត់ទុកថា ជាផ្សារទំនើបធំបំផុតមួយ មានលក់អីវ៉ាន់បោះដុំ ដែលមាន២ជាន់ នៅលើផ្ទៃដីទំហំ ១០ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ៥ហិកតា នៅបឹងពោងពាយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕