ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ បានប្រគល់អំណោយជាផ្ទះថ្មី មួយខ្នង តម្លៃ ២ម៉ឺនដុល្លារ ដល់តារាសំដែងអ្នកនាង សឿ សុធារ៉ា ដើម្បីកសាងជីវិតថ្មី ។ អ្នកនាង សឿ សុធារ៉ា ត្រូវបានគេស្គាល់គ្រប់គ្នាថា អ្នកនាងគឺជាតារាសំដែងមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយ៍នៅក្នុងវិស័យភាពយន្តខ្មែរផងដែរ ។ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេដឹងគ្រប់គ្នាថា អ្នកនាងបានធ្លាក់ខ្លួនឈឺ និងរងសម្ពាធផ្លូវចិត្ត រហូតដល់ប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ក្រោយពីអ្នកនាងបានមានវិបត្តិហិរញ្ញវត្ថុ រហូតដល់បាត់បង់ទ្រព្យសម្បត្តិរហូតអស់រលីងពីខ្លួន និងថែមទាំងអស់ទាំងផ្ទះជ្រកកោន និងក្រោយមក អ្នកនាងបានបាត់បង់ម្តាយជាទីស្រឡាញ់ថែមទៀត ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ ក្រោយបានឃើញពីជីវភាពលំបាកប្រចាំថ្ងៃរបស់នាង ដែលកំពុងតែព្យាបាលជំងឺខ្លួនផ្ទាល់, គ្មានទាំងទីជម្រក និងថែមទាំងមានកូន២នាក់ នៅក្នុងបន្ទុកនោះថែមទៀតនោះ លោករដ្ឋមន្រ្តី បានសម្រេចផ្តល់ជូននូវផ្ទះមួយខ្នង និងផ្តល់ជូនថវិកាមួយចំនួនដល់ អ្នកនាង សឿ សុធារ៉ា និងកូនៗ សំរាប់រស់នៅកសាងជីវិតថ្មីផងដែរ ។ ការផ្តល់អំណោយជាផ្ទះ និងថវិការ នោះ បានធ្វើឡើង ក្នុងជំនួបមួយ ដែលលោករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យអ្នកនាងសឿ សុធារ៉ា ព្រមទាំងកូនៗ បានចូលជួបលោករដ្ឋមន្ត្រីផ្ទាល់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ ។
អ្នកនាង សឿ សុធារ៉ា រួមទាំងកូនៗ បានសំដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក រដ្ឋមន្រ្តី ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកាដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាក ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នេះថែមទៀត តារាសំដែង សឿ សុធារ៉ា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង បានសំដែងការអគុណបន្ថែមទៀត ដល់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានប្រគល់ផ្ទះមួយខ្នងដល់រូបនាង និងកូនៗ សំរាបកសាងជីវិតថ្មី ។ ក្នុងសំណេរក្នុងហ្វេសប៊ុកនោះ អ្នកនាងបានសរសេរថា ៖ « នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះ ដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោក ម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំ និងកូនៗឲ្យបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20,000$,» ។ ក្នុងសំណេរអ្នកនាងបានថ្លែងទៀតថា ដើម្បីជាការនឹករលឹកដឹងគុណដល់លោករដ្ឋមន្រ្តី ព្រមទាំងលោកជំទាវ អ្នកនាង និងកូនៗ នឹងខិតខំបំរើដល់សិល្បៈជាថ្មី ឡើងវិញទាំងម្តាយ ទាំងកូន ឱ្យអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុង វិស័យសិល្បៈនេះអោយជាប់លាប់ មិនឲ្យលោក ទាំងពីរខកបំណងឡើយ ។ អ្នកនាង ព្រមទាំងកូនៗ បានសំដែងការជូនពរដល់លោកទាំងពីរ សូមឲ្យមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យ ទាំងអស់ ផងដែរ ៕