វាមិនធ្ងន់ទេ ព្រោះវាជាសាកសពប្អូនប្រុសខ្ញុំ គឺជាពាក្យស្លោកជប៉ុនមួយឃ្លាដ៏ពេញនិយម ដែលពលរដ្ឋជប៉ុន តែងយកមកអប់រំមនុស្សឲ្យមានគុណធម៌ និងសីលធម៌ និងកតូញ្ញូចំពោះបងប្អូន សាច់ញាតិខ្លួនក្នុងជីវភាពរសនៅប្រចាំថ្ងៃ ។ យោងតាមការផ្សាយតាមបណ្តាញសង្គម ពាក្យស្លោកមួយឃ្លានេះ ត្រូវបានគេឲ្យដឹងថា មានកំណើតដំបូងតាំងពីសម័យសង្គ្រាមក្នុងប្រទេសជប៉ុនមកម្លេះ ។ ប្រវត្តិនៃពាក្យស្លោកនេះ ត្រូវបានគេដំណាលថា មានក្មេងប្រុសជប៉ុនម្នាក់ បានស្ពាយសាកសពប្អូនប្រុសរបស់ខ្លួន នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូម៉ែត្រ នៅពេលធ្វើដំណើរតាមផ្លូវ ។ ដោយឃើញពីការលំបាកនឹងសភាពធ្ងន់ នៃក្មេងប្រុសដែលដាក់សពប្អូនប្រុសនៅលើខ្នងយ៉ាងយូនោះ ពេលនោះមានទាហ៊ានជប៉ុនម្នាក់ បានពោលទៅកាន់ក្មេងនោះថា “ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយ ហត់ណាស់” ។ ឆ្លើយតបនឹងការឈឺឆ្អាលនៃទាហ៊ានរូបនោះ ក្មេងប្រុសនោះបានពោលទៅកាន់គាត់វិញថា “ខ្ញុំមិនធ្ងន់ទេ! វាជាសាក សពប្អូនប្រុសរបស់ខ្ញុំ” ។ ពេលទាហ៊ានរូបនោះ ក្រោយបានឮនូវពាក្យមួយឃ្លានោះហើយ គាត់បានយល់ និងរំភើបចំពោះទឹកចិត្តក្មេងប្រុសនោះ ព្រមជាមួយនឹងការសម្រក់ទឹកភ្នែកផងដែរ ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនដែលថា “វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ” ។
នៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែមើលឃើញពីភាពប្រាសចាកពីសេចក្តីស្រឡាញ់ រវាងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ ទើបនាំឲ្យអ្នកដែលមានគំនិតអប់រំមួយចំនួន បានលើកនូវពាក្យស្លោកមួយឃ្លានេះ ដើម្បីជាឧទាហរណ៍ និងអប់រំមនុស្សទូទៅ ។ យោងតាមបណ្តាញសង្គមមួយចំនួន បានលើកឡើងថា៖ សម័យនេះ មានច្រើនណាស់ដែលស្អប់ និងសម្លាប់បងប្អូនបង្កើតខ្លួនឯង ដើម្បីដណ្តើមទ្រព្យគ្នា ប៉ុន្តែត្រូវដឹងថា ចុងក្រោយគ្មាននរណាសំខាន់ជាងបងប្អូនបង្កើតរបស់យើងទេ ដូច្នេះយើងគប្បីត្រូវកតញ្ញូចំពោះអ្នកទាំងនោះដោយ
– នៅពេលបងប្អូនយើងដួល យើងត្រូវលើកគាត់។
– នៅពេលគាត់ហត់ យើងត្រូវជួយគាត់។
– នៅពេលគាត់ទន់ខ្សោយ យើងត្រូវជំរុញគាត់។
– ពេលគាត់ខ្វះខាត យើងត្រូវជួយគាត់។