ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ ប្រមាណ ២៥០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។ ពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣ – ២០២៣) បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអភិបាលខេត្តព្រះវិ ហារ លោក គីមរិទ្ធី, មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក, ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ និងក្រុមមន្ត្រីជំនាញសុខាភិបាលខេត្តព្រះវិហារ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានកងពលធំអន្តរាគមន៍លេខ៣ជាច្រើនរូបផងដែរ ។
លោកមេបញ្ជាការ កងពលធំ ក្នុងឱកាសនោះបានសម្តែងនូវភាពរីករាយជាខ្លាំង នៅក្នុងពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ ។ លោកបានថ្លែងថា អ្នកដែលស្ម័គ្រចិត្តផ្តល់ឈាមទាំង២៥០នាក់ នៅថ្ងៃ នេះ គឺជា នាយ-ពលទាហាន ដែលមកពីបណ្តាការិយាល័យ កងឯកភាព និងវរសេនាតូច ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។ លោកបានថ្លែងថា ចំនួនអ្នកស្ម័គ្រចិត្តផ្តល់ ឈាមទាំងនោះ គឺគ្រប់ចំនួនតាមការស្នើសុំ និងបានត្រៀមកម្លាំងបម្រុងមួយចំនួនផ្សេងទៀត ក្នុងករណីចាំបាច់ជាក់ស្តែងណាមួយ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ក្នុងពិធីនោះ បានសំដែងការកោតសរសើរចំពោះវីរភាពអង់អាចក្លាហាន របស់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣ បានស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់ សម្រាប់ជួយសង្គ្រោះដល់ប្រជាជនគ្រប់រូប គ្រប់មជ្ឍដ្ឋាន គ្រប់ឋានៈ វណ្ណៈ មិនប្រកាន់ពូជសាសន៍ ដោយក្តីស្រឡាញ់ពេញបេះដូង។
លោកអភិបាលខេត្តព្រះវិហារ នៅថ្ងៃនេះ ក៍បានរួមចំណែកស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ(១៩៥៣-២០២៣)ដោយក្តីស្រឡាញ់ពេញបេះដូង របស់លោកផងដែរ ៕