កំពង់ឆ្នាំង: យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗប្រមាណ ២ពាន់ ៦០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រ ទះឃើញកប់នៅក្នុងដីចំការរបស់ខ្លួន នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សេចក្តីរាយការណ៍ពីអភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា បានអោយដឹងថា ករណីរកឃើញគ្រាប់កាំភ្លើងចាស់ៗនេះ បានកើតឡើងក្នុងភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្នុងពេលដែលពលរដ្ឋបានកាប់ជីកគាស់ដីធ្វើចំការ ក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននេះតែម្តង ។ ក្រោយពេលឃើញហេតុការណ៍នេះ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងល្វាភ្លាមៗ ដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះផងដែរ ។
សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសាមគ្គីមានជ័យ លោកវរសេនីយ៍ឯក សេង ចិន្ដាបានឱ្យដឹងថា គ្រាប់ដែលពលរដ្ឋប្រទះឃើញនោះរួមមាន៖ គ្រាប់ M16 ២០ប្រអប់ ស្មើ៨០០គ្រាប់, គ្រាប់ការ៉ាប៉ីនចំនួន ២០០គ្រាប់, គ្រាប់រ៉េបេអឹមចំនួន ៨ខ្សែ ស្មើនិង ១ពាន់ ៦០០គ្រាប់និងគ្រាប់M79 ចំនួន ២គ្រាប់ សរុបចំនួន២ពាន់ ៦០២គ្រាប់ ។
អធិការនគបាលស្រុកសាមគ្គីមានជ័យ បានដឹងទៀតថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ ជាគ្រាប់ចាស់ៗដែលមិនអាចប្រើប្រាស់បានទៀតឡើយ ដែលត្រូវបានគេកបន្សល់ទុកក្នុងដី ពីសម័យសង្គ្រាមស៊ីវិញមកម្ល៉េះ ។
បច្ចុប្បន្នគ្រាប់ទាំងអស់នោះ ត្រូវបានកម្លាំងនគបាលស្រុកសាមគ្គីមានជ័យ ប្រមូលយកមករក្សាទុក នៅអធិការនគរបាលស្រុកហើយ ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់នាំយកទៅបន្សាបទៅតាមបច្ចេកទេសផងដែរ ។ ក្នុងករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌចាស់ៗនេះផងដែរ លោកអភិបាលស្រុកសាមគ្គីមានជ័យ និងអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំធ្វើការប៉ះពាល់ឬយកគប់លេងឱ្យចុះ និងសូមរាយការណ៍បន្ទាន់មកសមត្ថកិច្ចដែលនៅជិតៗដើម្បីជៀសវាងកើតឡើងនៅបញ្ហាណាមួយដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ផងដែរ ៕