កំពង់ឆ្នាំង: យ៉ាងហោចមនុស្សចំនួន ១២នាក់ ក្នុងនោះរួមទាំងកុមារតូចផង រស់នៅឃុំចំនួន២ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមានអាការក្អួតចង្អោ ចុកពោះ និងរាគ ក្រោយបានទទួលទានមីឆាអ្នកលក់តាមរទេះរួច។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកកំពង់លែង លោកវរ:សេនីយ៍ឯក ប៉ាល់ ជឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ២០២៣នេះថា មានពលរដ្ឋក្មេងចាស់ប្រុស-ស្រីចំនួន ១២នាក់ បានមានរោគសញ្ញាស្រដៀងគ្នា គឺចុកពោះ រាគ ក្អួតចង្អោ និងអស់កម្លាំង ក្រោយបានទទួលទានមីឆា ដែលគេរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។ ហេតុការណ៍ពុលនេះ បានកើតឡើងកាលឡើងពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លើពលរដ្ឋដែលមានទីលំនៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ។ ពលរដ្ឋដែលមានអាការៈពុលទាំង១២នាក់នោះ រួមមានស្រី ៥នាក់ មានអាយុចាប់ពីអាយុ ១ឆ្នាំកន្លះ ដល់ ៦៥ឆ្នាំ និងត្រូវក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពលរដ្ឋរងគ្រោះទាំងនោះ សុទ្ធតែបានបរិភោគមីឆា ដែលអ្នកលក់បានយកមីប្រភេទសសៃមូល ឬមីកញ្ចប់ជាដើម របស់អ្នកលក់ជាស្រ្តីវ័យ ៧០ឆ្នាំ
ឈ្មោះ មូល សុន រស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែង ដែលបានរុញរទេះដើរលក់នៅតាមភូមិ ។
ក្រោយកើតហេតុនេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមី ដែលនៅសល់ យកមកវិភាគរកមូលហេតុអោយបានច្បាស់លាស់។ ចំណែកស្ត្រីដែលជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួនរង់ចាំការសម្រេចពីថ្នាក់លើ។
ចំណែកអ្នកជំងឺទាំងអស់ ត្រូវគេរាយការណ៍ថា នៅថ្ងៃទី១៤ កក្កដា ២០២៣នេះ ក្រុមគ្រូពេទ្យង្អែកកំពុងសង្គ្រោះព្យាបាល នៅក្នុងអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងអាការមានភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ និងមិនមានប៉ះពាល់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ ៕