បាត់ដំបង ៖ គ្រឿងញៀនជិត ៤០គីឡូក្រាមត្រូវបានអាជ្ញាធរដុតបំផ្លាញចោលនៅក្នុងពិធីមួយដែលបាន រៀបចំនៅក្នុងខេត្តបាត់ដំបង ក្នុងថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣។ ពិធីដុតកម្ទេចនេះបានធ្វើឡើង ក្រោមវត្តមានចូលរួមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តម សេនីយ៍ មាស វិរិទ្ធ និងអភិបាលខេត្តបាត់ដំបង លោកសុខ លូ នៅទីលានបាល់ទាត់វាលបែក ចាន ក្រុងបាត់ដំបង ។ គ្រឿងញៀនចំនួន ៣៩គីឡូ និង៦៧ ក្រាម ដែលគ្រឿងញៀនដុតកម្ទេចនោះ គឺជាគ្រឿងញៀនដែលបង្ក្រាបនៅខេត្តពោធិ៍សាត់ និងខេត្ត បាត់ដំបង នាពេលកន្លងទៅ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ នៅក្នុងពិធីនោះបានថ្លែងថា ការដុតកម្ទេចក្នុងឆ្នាំ២០២៣ ដែលមានជាបន្តបន្ទាប់មកនេះ គឺ« អនុវត្តតាមខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ…ជាពិសេសការចង់ឲ្យមានសុខដុមនីយកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមកលុបបំបាត់ការរើស អើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន, ការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន,ការរួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន»។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ នាឱកាសនោះផងដែរ បានលើកឡើងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសគ្រឿងញៀននេះបានច្រើនករណី ដែលជាមូលដ្ឋានក្នុងការចូលរួមចំណែកការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ លោកបានបន្តទៀតថា ដោយសារការពន្លឿននីតិវិធីច្បាប់ពីស្ថាប័នតុលាការខេត្ត ព្រះអាជ្ញាខេត្ត ទើបធ្វើឱ្យយើងអាចធ្វើការដុតបំផ្លាញគ្រឿងញៀនបាននាពេលនេះ បើពុំមានការជួយជ្រោមជ្រែងពីស្ថាប័នតុលាការទេ នោះនឹងត្រូវពន្យាការបំផ្លាញគ្រឿងញៀនដែលមិនទាន់ធ្វើនីតិវិធីច្បាប់រួចរហូតដល់ឆ្នាំក្រោយៗទៀត ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តបាត់ដំបងមានកន្លែងបន្សាបគ្រឿងញៀនចំនួន ២កន្លែង ដែលទី១ មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក្ដីសង្ឃឹម ស្ថិតនៅក្នុងស្រុកបវេល និងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងស្រុករតនមណ្ឌល ដែលទើបនឹងបង្កើតថ្មីៗនេះ ដែលនឹងត្រៀមសម្ពោធនាពេលខាងមុខនេះ ដោយមជ្ឈមណ្ឌលទាំង២នេះ មានសារៈសំខាន់ខ្លាំងណាស់ ដល់ខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកក្នុងការព្យាបាលជនញៀនគ្រឿងញៀន ឱ្យត្រឡប់មកសភាពដើមវិញ បូកផ្សំជាមួយនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនរងគ្រោះទាំងនោះ ។ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់លោក កែ ស៊ីនួន ដែលបានមានគំនិតផ្ដួចផ្ដើមបង្កើតជាមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះ ដែលនេះគឺជាការវិនិយោគដ៏កម្រ ហើយក៏ជាការវិនិយោគដ៏ល្អបំផុតដែលរដ្ឋបាលខេត្តគាំទ្រឱ្យមានអ្នកវិនិយោគលើផ្នែកនេះឱ្យកាន់តែច្រើន ដើម្បីរួមចំណែកដល់ការបន្សាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងខេត្តបាត់ដំបង ។
លោកអភិបាលខេត្ត បានក្រើនរម្លឹកដល់យុវជនគ្រប់រូបសូមជៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួមក្នុងការទប់ស្កាត់គ្រឿងញៀនកុំឱ្យកើតមាននៅតាមសហគមន៍ គ្រួសារ និងសង្គមជាតិ តាមពាក្យស្លោក ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតស្រស់ថ្លារបស់យុវជន បើស្រឡាញ់ខ្លួនឯង និងក្រុមគ្រួសារ សូមមេត្តាកុំសេពគ្រឿងញៀន ហើយយុវជនដែលល្អ ចូលរួមគាំទ្រកំចាត់គ្រឿងញៀន ៕