កំពង់ឆ្នាំង : ចំនួនមនុស្សដែលរងការពុល ក្រោយការទទួលទាននំបញ្ចុក នៅខេត្តកំពង់ឆ្នាំង បានកើនឡើងដល់ចំនួន ៥០នាក់ ហើយ រហូតមកទល់នឹងពេលនេះ ។ សេចក្តីរាយការណ៍ពីមន្រ្តីអាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៥០នាក់ បានមានអាការថប់ដង្ហើម ក្អួតចង្អោ និងឈឺក្បាល ក្រោយពីនាំគ្នាបានទទួលទាននំបញ្ចុកជុំគ្នាក្នុងកម្មពីធីភ្ជាប់ពាក្យមួយនៅក្នុងភូមិ ដែលមានរៀបចំនំបញ្ចុកក្នុងការទទួលភ្ញៀវ ។ ហេតុការណ៍ បានកើតឡើងចំពោះប្រជាពលរដ្ឋរស់នៅក្នុងភូមិ ទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៣ ។ ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ណាមួយពីមន្ត្រីមានសមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីដែលនាំឲ្យការពុលនោះពិតជាកើតឡើងដោយសារតែការទទួលទាននំបញ្ចុកនោះនៅឡើយទេ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំនួនអ្នកដែលបានទទួលទាននំបញ្ចុក ក្រោយមកមានអាការថប់ដង្ហើម ក្អួត ចង្អោ និងឈឺក្បាល ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៦ ឧសភា២០២៣នេះ មានចំនួន ៥០នាក់ ហើយ ។ ក្នុងចំណោមអ្នកទាំងនោះ រួមមានស្រី ២៨នាក់ និងកុមារី ម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
អភិបាលរងខេត្តកំពង់ឆ្នាំង លោក យ៉ង ភីរម្យ, អភិបាលរងស្រុក លោកស្រី ជឹម ចោត, ប្រធានការរិយាលយ័សង្គមកិច្ច និងសុខមាលភាពសង្គមស្រុកទឹកផុស លោក ឡុច វណ្ណនីន ត្រូវគេឃើញបានចុះមកសាកសួសុខទុក្ខប្រជាពលរដ្ឋ ដែលរងនឹងការពុល និងកំពុងសំរាកនៅមន្ទីពេទ្យបង្អែកខេត្តផងដែរ ។ ដោយឡែកសាខាកាកបាទក្រហម បាននាំយកថវិការរបស់អភិបាលខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ ជូនដល់ជនរងគ្រោះប្រុសស្រីទាំងអស់ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ។ សេចក្តីរាយការណបន្តថា ពលរដ្ឋដែលរងការពុលទាំងនោះ ពេលនេះស្ថានភាពបានធូស្រាលខ្លះ និងខ្លះទៀតកំពុងបន្តទទួលការព្យាបាលនៅឡើយ ៕