ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ សន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានជាង១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ កម្ពុជាក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ បានទទួលចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃនេះឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យានេះ បានលើកឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង ជាមួយប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត UH SOOBONG នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ។ ក្នុងកិច្ចពិភាក្សាដើម្បីពិភាក្សាក៏បានផ្តោតផងដែរអំពីវិធីសាស្រ្តក្នុងការជ្រើសរើសទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។
លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជីវៈ បានថ្លែងចាត់ទុកថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក៏សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នៅពេលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញផងដែរ ។
លោកបណ្ឌិត អ៉ិត សំហេង បានសំដែងការអរគុណដល់ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង ១ម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំ ពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។
ជាការឆ្លើយតប ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។
រដ្ឋមន្ត្រីក្រសួងការងារ លោកបណ្ឌិត អ៉ិត សំហេង ពិតជារីករាយចំពោះគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រី បានថ្លែងចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕